យិនសិន គឺជាអាហារម៉ើមមួយប្រភេទដែលមានចរិតលក្ខណៈជាឱសថ អាចបង្ការ និងដោះស្រាយបញ្ហាសុខភាពជាច្រើន។ ហេតុនេះហើយទើបមានបងប្អូនជាច្រើនយល់ច្រលំថា យិនសិនទាល់តែមនុស្សចាស់ទើបគេញ៉ាំ ប៉ុន្តែការពិតមិនដូចនេះទេ នៅប្រទេសជឿនលឿនដូចជាកូរ៉េ ជប៉ុន ឬសូម្បីតែអាមេរិក គេញ៉ាំយិនសិនស្ទើរតែរាល់ថ្ងៃ មិនប្រកាន់វ័យនោះឡើយ ព្រោះគេជឿជាក់ថាយិនសិនអាចជួយប៉ូវកម្លាំងពួកគេ ធ្វើការបានច្រើនមិនហត់ និងអាចថែរក្សាសុខភាពផ្លូវភេទបានល្អសម្រាប់មនុស្សប្រុស ជំនួយសម្រស់សម្រាប់មនុស្សស្រី។
ប៉ុន្តែដោយសារព័ត៌មានទាក់ទងនឹងចំណេះដឹងយិនសិនមិនសូវជាទំលំទូលាយ បងប្អូនភាគច្រើនស្គាល់តែយិនសិនដែលកែច្នៃរួច ប៉ុន្តែតាមពិតយិនសិនជាម៉ើមស្រស់ ឬសម្ងួតក៏មានអត្ថប្រយោជន៍ខ្លាំងដែរ។ នៅក្នុងអត្ថបទនេះយើងនឹងដឹងមីនុយ១ប្រភេទ និងរបៀបធ្វើយិនសិនញ៉ាំបែបណា ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត ឆ្ញាញ់មាត់ ហើយប៉ូវសុខភាព ប៉ូវសម្រស់ជារួមតែម្តង។
ស៊ុបមាន់ខ្មៅដាក់យិនសិន គឺជាមីនុយដំបូងបំផុតដែលលោតនៅក្នុងខួរក្បាលរបស់បុគ្គលគ្រប់គ្នា នៅពេលនិយាយដល់ការប៉ូវសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ខួរក្បាល និងសម្រស់ក្នុងពេលតែមួយ។ ត្រឹមស៊ុបមាន់ខ្មៅ១ចានឬ១ឆ្នាំង អ្នកនឹងឃើញថាខ្លួនឯងមានការខុសប្លែកក្រោយញ៉ាំរួច។ តាមរយៈការសិក្សាពី yangsnourishingkitchen បានឱ្យដឹងថា ស៊ុបមាន់ខ្មៅយិនសិន អាចជួយប៉ូវថាមពល, ជំនួយមុខងារខួរក្បាល និងការចងចាំ, ពង្រឹងប្រព័ន្ធភាពស៊ាំង, បំពេញគ្រាប់ឈាមក្រហម, ពង្រឹងភាពទន់ខ្សោយនៃរាងកាយបន្ទាប់ពីហត់នឿយ មានគ្រោះថ្នាក់ ឬឈឺ, ជួយឱ្យចិត្តស្ងប់ រក្សាប្រព័ន្ធប្រសាទបានល្អ និងការពារជំងឺថប់អារម្មណ៍, រក្សាលំនឹងជាតិស្ករ និងជួយសុខភាពបេះដូងថែមទៀតផង។
គ្រឿងផ្សំ ស៊ុបមាន់ខ្មៅយិនសិន មានដូចជា: មាន់ខ្មៅទំហំល្មម១ក្បាល (បើអត់មានមាន់ធម្មតាក៏បាន), ម៉ើមយិនសិន២ម៉ើម, ខ្ញី ២ ៣ គល់, ផ្លែពុទ្រាក្រហមក្រៀមប្រហែល២០ផ្លែ, Goji ប៊ឺរីក្រៀម២ស្លាបព្រា, គ្រឿងទេស និងទឹកបរិសុទ្ធ។
របៀបចំអិនស៊ុបមាន់ខ្មៅយិនសិន៖
-ដំបូងបង្អស់ត្រូវត្រាំមាន់ខ្មៅ ក្នុងទឹកធម្មតា, ដាក់ឆ្នាំងដាំទឹកឱ្យពុះសិនរួចសឹមដាក់មាន់ចូលដើម្បីឱ្យសាច់ផុយល្អ និងរក្សាជីវជាតិ (មាន់ខ្មៅអាចកាប់ជាបំណែក ឬដាក់ទាំងមូល)។
-បន្ទាប់ពីមាន់ផុយ រីងទឹក បន្ថែមទឹកសមល្មមរួចដាក់យិនសិន ខ្ញី ចូល (ពេលយិនសិនផុយបន្តិច លើកមកហាន់ជាចំណិតៗដាក់ចូលឆ្នាំងស៊ុបវិញ)។
-ជំហានបន្ទាប់ បន្ថែមផ្លែពុទ្រាក្រៀម, Goji ប៊ឺរីក្រៀម, និងគ្រឿងទេសដុំស៊ុប ស្ករ ប៊ីចេងចំណង់ចំណូលចិត្ត ទុកឱ្យពុះផុយ ចុងក្រោយបើមានស្រាសម្រាប់ចំអិនអាហារ អាចដាក់បន្ថែមមួយកូនចាន ក៏បាន។
ពេលស៊ុបរួចអស់ ដួសដាក់ចានរួចញ៉ាំជាការស្រេច ចង់ញ៉ាំតែស៊ុបទទេរក៏បាន ញ៉ាំជាមួយបាយក៏បាន។ សូមរម្លឹកផងដែរថា ស៊ុបមាន់ខ្មៅនេះក៏ជាអាហារ១ប្រភេទដែលសម្បូរខូឡាជែនបំផុត ញ៉ាំរួចអាចចូលទៅជួយបណ្តុះខូឡាជែនធ្វើឱ្យស្បែកភ្លឺស្រស់ស្អាតពីខាងក្នុង កាត់បន្ថយស្នាមជ្រីវជ្រួញ សម្រស់ក្មេងជាងវ័យ៕
អត្ថបទដោយ៖ កញ្ញា លីហួយ