ការចេះជ្រើសរើសអាហារ រួមមានបន្លែ ត្រី សាច់ និងផ្លែឈើជាដើម គឺជារឿងដ៏សំខាន់ ព្រោះវាពាក់ព័ន្ធនឹង សុវត្ថិភាពចំពោះសុខភាព និងគុណភាពចំណីអាហារផងដែរ ។ ដើម្បីឲ្យការជ្រើសរើស ចំណីអាហារ ប្រកបដោយសុវត្ថិភាព និងមានគុណភាព វាតម្រូវឲ្យ លោកអ្នកចេះ ប្រើប្រាស់វិធីសាស្រ្តមួយចំនួន ។ ខាងក្រោមនេះ ជាវិធីសាស្រ្តទាំង៦ ដែលជួយឲ្យលោកអ្នក ជ្រើសរើសសាច់គោ ដែលមានសុវត្ថិភាព និងគុណភាពល្អ ដែលដកស្រង់ពី eatthis ៖
១. ចេះពិនិត្យមើលពណ៌៖ ជាទូទៅ សាច់គោមានពណ៌ក្រហម ហើយផ្នែកខ្លះក៏មានពណ៌ស្វាយ(នេះបណ្ដាលមកពី ការវេចខ្ចប់ជិត នាំឲ្យសាច់មិនប៉ះពាល់ ជាមួយអ៊ុកស៊ីសែន ពេលនោះវាបានប្រែជាពណ៌ស្វាយ) ។ សាច់គោ ដែលសល់យូរ អាចប្រែជាពណ៌ត្នោត និងមើលទៅមិនស្រស់ទេ សាច់ប្រភេទនេះ លោកអ្នកគួរជៀសវាង ។
២. ចេះពិនិត្យមើលប្រភេទសាច់៖ អ្នកជំនាញ បានពន្យល់ថា សាច់គោដែលមានគុណភាព គឺផ្ទៃសាច់របស់វា មានលាយខ្លាញ់ ដែលមានទម្រង់ដូច ថ្មម៉ាប សរសៃ ជាប់ជាមួយសាច់ ។
៣.ចេះធ្វើពិសោធន៍៖ ប្រសិនបើ លោកអ្នកយកដៃចុចលើសាច់គោ វាមានសភាពគ្រឿមៗ និងទន់ៗ លោកអ្នកគួរជៀសវាង កុំជ្រើសរើសយក ។ សាច់គោដែលមានគុណភាពល្អ មានសភាពហាប់ណែន ស្ងួត និងរឹងល្មម ។
៤. ពិនិត្យមើលពីតម្លៃ៖ តម្លៃអាចជា កត្តាកំណត់នៃគុណភាពផលិតផលមួយ ប៉ុន្តែករណីខ្លះ វាអាចប្រែប្រួល ។ ឧទាហរណ៍ មានការលក់បញ្ចុះតម្លៃពិសេស ករណីនេះលោកអ្នកគួរ មានការប្រុងប្រយ័ត្ន មុនសម្រេចចិត្តទិញ ។
៥. ពិនិត្យការវេចខ្ចប់៖ លោកអ្នកគួរជ្រើសរើស សាច់គោដែលត្រូវបាន ទុកដាក់ត្រឹមត្រូវ មិនមានការដាច់រហែក មានលក្ខណៈស្ងួតល្មម និងមិនមានទឹកសើមច្រើនខ្លាំងពេក ។
៦. ពិនិត្យមើលកាលបរិយបច្ឆេទ៖ លោកអ្នកគួរជ្រើសរើស សាច់គោដែលមាន កាលបរិយបច្ឆេទថ្មីៗ មិនឲ្យលើសពី៧២ម៉ោង ។ ក្នុងករណី មានភាពមិនច្បាស់លាស់ អាចធ្វើការសាកសួរ អ្នកលក់បន្ថែម ដើម្បីប្រាកដ ពីថ្ងៃខែ ដែលបានចុះ កាលបរិយបច្ឆេទ ។
ការរើសសាច់មកបរិភោគឱ្យបានត្រឹមត្រូវជារឿងសំខាន់ ព្រោះបើសាច់មិនល្អនោះ នឹងឱ្យប៉ះពាល់ដល់សុខភាព ក្រៅពីសាច់បន្លែផ្លែឈើផ្សេងៗក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ អ្នកគួរដឹងពីប្រភពដែលបន្លែដាំដុះ ថាតើជាអាហារសុវត្ថិភាពល្អដែលជាគួរទីទុកចិត្តសម្រាប់បរិភោគដែរឬយ៉ាងណា។
អត្ថបទដោយ៖ ហួ ភារ៉ា