កាហ្វេ ត្រូវបានគ្រប់គ្នារស់នៅជុំវិញពិភពលោកចាត់ទុកថាជារបស់ម្យ៉ាងដែលខ្វះមិនបានដើម្បីឱ្យមានអារម្មណ៍ថាស្វាងពេលព្រឹកព្រលឹម។ ជាទូទៅកាហ្វេក៏ត្រូវបានគេដឹងដែរថា វាមានគុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព សូម្បីតែក្លិនឈ្ងុយរបស់កាហ្វេក៏អាចជួយកាត់បន្ថយការកើងជំងឺមហារីកបានដែរ ប៉ុន្តែកាហ្វេក៏ជាភេសជ្ជៈដែលមានតម្លៃខ្ពស់ប្រសិនបើចង់បានកាហ្វេគុណភាពស្តង់ដារតែម្តង។
ហេតុនេះហើយទើបក្រុមការងារចាបបៃតងព្យាយាមស្រាវជ្រាវឱ្យឃើញថា ចុះបើចង់បានកាហ្វេល្អ ដែលមានគុណភាព ជួយដល់សុខភាព មិនចំណាយលុយច្រើនគួរផឹកកាហ្វេបែបណា? មានជម្រើសអ្វីដែលល្អបំផុតកុំឱ្យអស់លុយច្រើន តែទទួលបានកាហ្វេគុណភាពខ្ពស់?
ជាលទ្ធផល ការស្រាវជ្រាវមួយដែលធ្វើឡើងនៅប្រទេសអភិវឌ្ឍ គឺប្រទេសសិង្ហបុរីបានបង្ហាញឱ្យឃើញថា ពពួកកាហ្វេ3in1 គឺជាប្រភេទកាហ្វេដែលសាកសមបំផុត បើចង់ទទួលបានអត្ថប្រយោជន៍ដូចខាងលើ។ ការសិក្សាមួយបានធ្វើតេស្តរកឃើញថា កាហ្វេ3in1 ផ្ទុកសារធាតុកាហ្វេអ៊ីនចំនួន៦០.៩មីលីក្រាមក្នុង១០០មីលីលីត្រ ដែលជាបរិមាណខ្ពស់ជាងពពួកកាហ្វេខ្មៅនិងកាហ្វេកំប៉ុងដែលមានប្រមាណត្រឹមតែជាង៤០មីលីក្រាមក្នុង១០០មីលីលីត្រតែប៉ុណ្ណោះ។ ទោះបីជាបរិមាណកាហ្វេអ៊ីនក្នុងកាហ្វេ3in1ខ្ពស់ជាងកាហ្វេកញ្ចប់ផ្សេងៗ តែវានៅចាញ់កាហ្វេគ្រាប់ផ្សេងៗទៀត ដែលភាគច្រើនកាហ្វេគ្រាប់កិនឆុងមានសារធាតុកាហ្វេអ៊ីនប្រមាណជាង៩៥មីលីក្រាមក្នុង១០០មីលីលីត្រ។
គូសបញ្ជាក់ផងដែរថា នៅក្នុងកាហ្វេ3in1 មានផ្ទុកនូវសារធាតុសំខាន់ៗចំនួន២ គឺ Emulsifiers និង stabilisers។ បើយោងតាមអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារ លោកRamesh Krish Kumar សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈAsmara បានឱ្យដឹងថា សារធាតុEmulsifiers គឺជាសារធាតុម្យ៉ាងដែលជួយការពារការបំបែកជាតិខ្លាញ់ឬប្រេង ដែលកាហ្វេមានចេញពីទឹក ខណៈពេលដែលសារធាតុstabilisersជួយឱ្យល្បាយកាហ្វេនោះនៅរក្សារូបរាងដូចដើមជាកាហ្វេទាំងពណ៌ ក្លិន និងរសជាតិ។ លើសពីនេះវាក៏មានសារធាតុជាច្រើនទៀតដែលសំខាន់ៗសម្រាប់ផ្គត់ផ្គង់រាងកាយនូវសារធាតុចិញ្ចឹមដែលទទួលបានពីការទទួលទានកាហ្វេ។
ទោះបីជាយ៉ាងនេះក្តី សារព័ត៌មានCNA បាននាំសារពីអ្នកជំនាញផ្នែកអាហាររូបត្ថម្ភក្នុងប្រទេសសិង្ហបុរី, លោកChan Joy Seng បានឱ្យដឹងថា “ទោះបីជាអ្នកចូលចិត្តទទួលទានកាហ្វេយ៉ាងណាក៏ដោយចុះ ប៉ុន្តែអ្នកមិនគួរទទួលទានសារធាតុកាហ្វេអ៊ីនឱ្យលើសពី៤០០មីលីក្រាមក្នុង១ថ្ងៃនោះឡើយ។ ពោលគឺប្រហែលជា៣ទៅ៤កែវនៃកាហ្វេ3in1។
លោកបានបន្ថែមថា ថ្វីត្បិតតែកាហ្វេមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព រួមទាំងអាចធ្វើការពង្រឹងសមត្ថភាពថាមពលដើម្បីបំពេញការងារប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែជាតិកាហ្វេអ៊ីនច្រើនពេកអាចធ្វើឲ្យរាងកាយរំជើបរំជួលខ្លាំង ដែលនាំឱ្យញ័រខ្លួនឬញ័របេះដូង។ ហើយនៅពេលដែលឈប់ទទួលទានជាតិកាហ្វេអ៊ីន វាអាចធ្វើឱ្យឈឺក្បាល។ ដូចនេះគប្បីទទួលទានក្នុងបរិមាណមួយសមស្របសម្រាប់សុខភាព ដើម្បីទទួលបានទាំងសុខភាពនិងអាចសន្សំសំចៃថវិការបានមួយចំណែក៕
អត្ថបទដោយ៖ កញ្ញា លីហួយ