ជនជាតិជប៉ុនមិនត្រឹមតែល្បីល្បាញផ្នែកគុណភាពផលិតផល និងការអភិវឌ្ឍប្រទេសមានភាពជឿនលឿន និងបរិស្ថានស្អាតទេ ចំពោះសុខភាពប្រជាជនរឹងមាំល្អក៏ល្បីល្បាញដែរ ពិសេសគឺអាយុវែង និងរស់នៅដោយភាពរីករាយថែមទៀតផង។
ថ្ងៃនេះយើងនឹងនាំអារម្មណ៍ទាំងអស់គ្នាទៅស្គាល់កោះអូគីណាវ៉ានៅក្នុងក្រុមកោះមួយនៅភាគខាងត្បូងនៃប្រទេសចិនដីគោក។ វាត្រូវបានគេដាក់ឈ្មោះក្រៅថា“ ដែនដីអមតៈ” ពីព្រោះវាស្ថិតនៅក្នុងចំណោមតំបន់ដែលមានប្រជាជនមានអាយុកាលវែងបំផុតនិងមានអត្រាខ្ពស់បំផុតនៃអាយុរាប់រយឆ្នាំ ក្នុងពិភពលោក។
របៀបរស់នៅសំខាន់របស់ប្រជាជននៅលើកោះនេះ ក្រៅពីដូចទៅនឹងការស្រាវជ្រាវរបស់អ្នកវិទ្យាសា្រស្តដូចជា ការញុំាល្អ និងហាត់ប្រាណឱ្យបានទៀងទាត់នោះ គឺការស្វែងរកអត្ថន័យសម្រាប់ជីវិត ដែលជាធាតុរួមផ្សំដ៏សំខាន់ដែលត្រូវបានអ្នកសិក្សាជុំវិញពិភពលោក ពីប្រជាជននៅលើកោះនេះ ទទួលស្គាល់និងយកមកអនុវត្ត។
តាមការការសិក្សាឆ្នាំ ២០០៨ ពីសាកលវិទ្យាល័យ Tohoku អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីអ្នកចូលរួមជាង ៥០០០០ នាក់ (អាយុពី ៤០ ទៅ ៧៩ ឆ្នាំ) និងបានរកឃើញថាបុគ្គលដែលរស់នៅជាមួយហេតុផលជីវិតដ៏មានអត្ថន័យនេះ ធ្វើឱ្យពួកគេបានបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងអត្រាមរណភាព មកនៅកម្រិតទាប។ នេះបើយោងតាមការឱ្យដឹងរបស់CNBC។
ចំណោទត្រង់ថាតើធ្វើដូចម្ដេចអាចរកអត្ថន័យសម្រាប់ជីវិតដូចប្រជាជនលើកោះអមតៈនេះបាន?
វិធីអាចមិនសូវស្រួលប៉ុន្តែអ្នកអាចចាប់ផ្តើមដោយសួរសំណួរសាមញ្ញមួយចំនួនដូចជា៖ តើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត? តើអ្នកពូកែខាងអ្វីខ្លះ? តើអ្វីដែលអ្នកនិងអ្នកដទៃឱ្យតម្លៃ? តើអ្វីដែលជំរុញឱ្យអ្នកក្រោកពីគេងនៅពេលព្រឹក?
ប្រសិនបើការសួរសំណួរមិនទាន់ជាគន្លឹះគ្រប់គ្រាន់ក្នុងការស្វែងរកឱ្យឃើញនូវ អត្ថន័យសម្រាប់ជីវិតអ្នកទេបន្ទាប់មកទៀតអ្នកអាចអនុវត្តវិធីសាស្ត្រទាំងនេះ៖
១.ចាប់ផ្ដើមពីតូច ផ្ដើមអនុវត្តន៍ការចាប់ផ្ដើមធ្វើអ្វីៗគ្រប់យ៉ាងពីចំណុចតូចៗ ហើយធ្វើដោយយកចិត្តទុកដាក់។នៅពេលដែលលទ្ធផលចេញមកល្អពីរឿងតូចៗដែលអ្នកបានសម្រេចនោះ នោះភាពរីករាយនិងជំនឿជាក់ក្នុងជីវិតនឹងកើតឡើង។
២.ស្វែងយល់ពីខ្លួនឯងនិងទទួលយកខ្លួនឯង ដោះលែងខ្លួនឱ្យធ្វើកិច្ចការផ្សេងៗ នោះអ្នកនឹងមើលឃើញពីចំណុចខ្វះខាតបន្ថែម ហើយអ្នកគួរតែទទួលស្គាល់វា និងកែលម្អបន្ថែមលើចំណុចទាំងនោះ។
៣.រក្សាភាពស្ងប់ក្នុងចិត្ត ក្នុងការដុសខាតខ្លួនឯង ដោយមិនច្រណែនឈ្នានីសអ្នកដទៃ។នៅពេលចិត្តអ្នករឹងមាំប្រព័ន្ធនៃចិត្តគំនិតនឹងប្រសើរឡើង អាចទប់នឹងបញ្ហាក្នុងគ្រាលំបាកបានល្អ។
៤.ផ្ដោតលើបច្ចុប្បន្នភាព នេះជារឿងសំខាន់គិតមើលថាបច្ចុប្បន្នយើងកំពុងខ្វះអ្វី តើជីវិតយើងត្រូវការអ្វីបន្ថែមដើម្បីមានភាពរីករាយ។
សុខភាពល្អ អាយុវែង និងរក្សាសម្រស់ឱ្យនៅល្អ យើងមិនត្រឹមតែស្វែងរកអាហារល្អការគេងគ្រប់ និងហាត់ប្រាណទៀងពេលនោះទេ តែការស្វែងរកអត្ថន័យសម្រាប់ជីវិត ដែលជាអាហារល្អបំផុតសម្រាប់ផ្លូវចិត្តនេះ ក៏ជាផ្នែករួមចំណែកធំដែរ។ហេតុនេះបើអ្នកមិនទាន់មានទេចូលបន្តស្វែងរកវា ដើម្បីមានជីវិតរីករាយ និងអាយុវែងដូចប្រជាជនជប៉ុនលើកោះអមតៈអូគីណាវ៉ានេះ។
អត្ថបទដោយ៖ ភោគ ម៉ារី