មុន គឺជាជំងឺមួយប្រភេទដែលតែងតែកើតភាគច្រើននៅលើមុខមនុស្សស្ទើរតែគ្រប់គ្នា ត្បិតតែវាមិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ ក៏ប៉ុន្តែវាបង្កផលប៉ះពាល់ទៅដល់ផ្លូវចិត្ត ជាពិសេសគឺមនុស្សដែលស្រឡាញ់សម្រស់ បាត់បង់ភាពជឿជាក់លើខ្លួនឯង។ មានវិធីច្រើនយ៉ាងដែលមនុស្សយកមកប្រើប្រាស់ដើម្បីកម្ចាត់មុនដូចជា ញេច លាបផលិតផលSkin care ខ្លះទៀតលេបថ្នាំ ខ្លះលាប...ជាដើម ខ្លះជោគជ័យខ្លះក៏បរាជ័យឡើងមុនមកវិញខ្លាំងលើសដើម។ ថ្ងៃនេះចាបបៃតងនឹងមកប្រាប់ពីវិធីផ្តាច់ពូជមុនឱ្យអស់ពីមុខ។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត គឹម ឌីយ៉ាណា ឯកទេសផ្នែកស្បែកនិងសម្រស់ ប្រចាំនៅគ្លីនិកស្បែក SkinMedics បានមានប្រសាសន៍ថា ស្បែកដែលមុនចូលចិត្តកើតបំផុតគឺជាប្រភេទស្បែកខ្លាញ់ ស្បែកប្រេង ស្បែកសម្អាតមិនស្អាត ជាពិសេសនោះគឺស្បែករបស់មនុស្សដែលមានការប្រែប្រួលអរម៉ូនឡើងចុះខ្លាំង។ កត្តាដែលធ្វើឱ្យអរម៉ូនក្នុងខ្លួនមនុស្សម្នាក់ប្រែប្រួលឡើងចុះខ្លាំងគឺជះឥទ្ធិពលធំមកពី ទី១ ផ្លូវចិត្ត កាលណាមនុស្សម្នាក់មានរឿងគិតច្រើន ស្មុគស្មាញ ពិបាកចិត្ត គឺធ្វើឱ្យកម្រិតអរម៉ូនរាងកាយប្រែប្រួល បង្កផលប៉ះពាល់ដល់ស្បែកនាំឱ្យស្រអាប់ ក្រពេញខ្លាញ់ផលិតលើសកម្រិតកើតទៅជាមុននៅលើមុខឬខ្នង។
ទី២ កត្តាចំណីអាហារ បើទោះជាស្បែកដើមកមណើតរបស់អ្នកមិនមែនជាប្រភេទស្បែកលើសជាតិខ្លាញ់ លើសជាតិប្រេងក៏ដោយ បើអ្នកមានទម្លាប់ញ៉ាំអាហារដូចជា ស៊ុត ទឹកដោះគោ(លើសជាតិស្ករ លើសជាតិខ្លាញ់) ក្រុមអាហារលើសជាតិផ្អែក អាហារលើសជាតិប្រៃ គ្រឿងស្រវឹង ជាតិអាល់...បើញ៉ាំអាហារទាំងអស់នេះលើសកម្រិតក្រពេញខ្លាញ់នៅខាងក្រោមស្បែកអ្នកនឹងចាប់ផ្តើមផលិតលើសកម្រិត ជាហេតុបង្កឱ្យកើតមុនពេញលើមុខ និងខ្នង។
ដូចនេះដើម្បីផ្តាច់ពូជមុនឱ្យអស់ពីមុនអ្នកត្រូវ៖
១. រក្សាកម្រិតអរម៉ូនក្នុងរាងកាយឱ្យល្អ៖ ដើម្បីកុំឱ្យអរម៉ូនប្រែប្រួលខ្លាំងខុសធម្មតា អ្នកមិនត្រូវគិតច្រើន កាត់រឿងពិបាកចិត្តចេញពីខ្លួន ផឹកទឹកឱ្យគ្រប់១ថ្ងៃ២លីត្រ ញ៉ាំអាហារល្អៗជំនួយស្បែកដូចជា ក្រូច ប៉ោម បន្លែបៃតង ទប់ក្រពេញខ្លាញ់កុំឱ្យផលិតលើស។
២. ជ្រើសផលិតផល Skin care ប្រើឱ្យត្រូវស្បែក
· ប្រភេទស្បែកមុខខ្លាញ់៖ អ្នកដែលមានសភាពស្បែកមុខខ្លាញ់ ជាស្បែកដែលងាយកើតមុខបំផុត ពីព្រោះស្បែកមុខរបស់អ្នកមានខ្លាញ់ស្រាប់ហើយ កាលណាអ្នកទៅប្រើ Skin care ដែលជាប្រភេទបំពេញជាតិខ្លាញ់ ឬប្រភេទណាមួយដែលមិនត្រូវ នៅពេលលាបធ្វើឱ្យមានការកកស្ទះគល់រោម បណ្តាលឱ្យកំណកខ្លាញ់នៅលើស្បែកមុខ វាវិត្តទៅជាមួយដូចជាមុនសាច់ មុនក្បាលខ្មៅ និងមុនផ្សេងៗទៀតជាច្រើន។ ដូច្នេះចំពោះអ្នកមានស្បែកមុខមានខ្លាញ់ វេជ្ជបណ្ឌិតណែនាំឱ្យអ្នកជ្រើស Skin care ដែលមានគ្រឿងផ្សំ AHA និងBHA។ សារធាតុទាំង២នេះវាជួយទប់ស្កាត់ការផលិតខ្លាញ់នៅលើស្បែកមុខរបស់អ្នក និងទប់ស្កាត់ការកើតមុនផងដែរ។
· ប្រភេទស្បែកមុខស្ងួត៖ ស្បែកមុខស្ងួតជាប្រភេទស្បែកមុខដែលមានបញ្ហាច្រើនដូចគ្នា អ្នកមានស្បែកមុខប្រភេទនេះងាយប្រឈមជាមួយ ស្នាមជាំ អាចម៌រុយ អុចខ្មៅនៅលើមុខប្រសិនជាអ្នកជ្រើសប្រើ Skin care មិនត្រូវ។ ប្រភេទស្បែកមុខស្ងួតគឺត្រូវការផលិតផល Skin care ដែលមាននាទីជួយបំពេញជាតិទឹកបំផុត ហើយផលិតផលទាំងនោះមានគ្រឿងផ្សំពី Hyaluronic, Acid Glycerin, Ceramide, Niacinamide សារធាតុទាំង៤នេះអ្នកមានប្រភេទមុនស្ងួតចាំបាច់ត្រូវតែប្រើប្រាស់ដោយខានមិនបាន។
៣. ការលាងសម្អាតស្បែកមុខ៖ អ្នកត្រូវលាងសម្អាតស្បែកមុខរបស់អ្នកឱ្យបានស្អាត ត្រូវលាងសម្អាតផ្ទៃមុខឱ្យបានស្អាត ឱ្យអស់បាក់តេរី។ បន្ថែមពីនេះអ្នកគួរប្រើ ហ្វូម ឬសាប៊ូដែលមានPHសមល្មមនឹងស្រទាប់ស្បែករបស់អ្នក ចៀសវាងប្រើសាប៊ូមានPHខ្ពស់ នាំឱ្យរលាកស្បែកមុខ។
៤. វិធីប្រើប្រាស់Skin care៖ បន្ទាប់ពីការលាងសម្អាតរួច សូមយកកន្សែងឬ ក្រណាត់ដែលស្អាតមកជូតស្រាលៗឱ្យអស់ទឹកពីផ្ទៃមុខ រួចអ្នកអាចបន្តលាបសេរ៉ូម ជូតទឹកToner ឬ ក៏ធ្វើការលាបឡេផ្ដល់សំណើមដល់ស្បែកតែម្ដងក៏បាន។ បន្ថែមពីនេះ ការលាបឡេការពារកម្ដៅថ្ងៃគឺ ជារឿងដែលមិនអាចខ្វះបាននោះទេ ពីព្រោះ ឡេការពារពន្លឺថ្ងៃ (Sunscreen) គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការពារស្បែកយើងពីពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេអេ (UVA) និង (UVB)។ ចំពោះអ្នកដែលមានស្បែកមុខមានមុនស្រាប់ គួរជ្រើសប្រើឡេការពារកម្តៅថ្ងៃប្រភេទ គួរជ្រើសរើសប្រភេទ Physical Sunscreen ឬ Sunscreen with Oil Free។
សរុបមកក្បួនទាំង៤ខាងលើគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលកំពុងមានស្បែកមុខមុន។ អ្នកអាចយកក្បួនខាងលើទៅអនុវត្តតាមវិធីណែនាំ ហើយព្យាយាមធ្វើឱ្យជាប់ទៀងទាត់រាល់ថ្ងៃ នឹងទទួលបានផលមិនខាន៕
អត្ថបទដោយ៖ មឿន គន្ធា