ពិតណាស់វាមិនមែនជារឿងងាយស្រួលទេសម្រាប់មនុស្សចូលចិត្តផឹកស្រាឬញៀនស្រា បើឲ្យមកផ្ដាច់ស្រាបានងាយៗ ខណៈបច្ចុប្បន្ននេះស្រាបានក្លាយទៅជាភេសជ្ជៈដែលពេញនិយមបំផុតសម្រាប់មនុស្សស្ទើរគ្រប់គ្នា។ បើផ្អែកលើប្រភពវែបសាយ Musetreatment របរអាហារប្រចាំរបស់យើងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឃ្លានគ្រឿងស្រវឹងបាន។ អាហារជួយឱ្យអ្នកដកចិត្តពីគ្រឿងស្រវឹងបាន រួមមាន៖
១. សាច់មាន់និងត្រី៖ ជ្រើសរើសអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជាទ្រូងមាន់ ត្រីធូណា ត្រីសាម៉ុង ឬត្រីម៉ាកែល។ ម្យ៉ាងវិញទៀត ត្រីទាំងនេះមានអាស៊ីតខ្លាញ់អូមេហ្គា 3 វីតាមីន D និងខ្លាញ់ polyunsaturated fats (ដែលល្អសម្រាប់យើងវីតាមីនទាំងអស់នេះជួយឲ្យខួរក្បាលរបស់យើងប្រុងប្រយ័ត្នក្នុងការសម្រេចក្នុងរឿងអ្វីមួយដែលយើងបានដាក់គោលដៅ និងដំណើរការបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀតការញ៉ាំប្រូតេអ៊ីនដែលមានសុខភាពល្អអាចបង្កើនគុណភាពនៃការគេងរបស់យើងដែលជួយកាត់បន្ថយការផឹកគ្រឿងស្រវឹងបានយ៉ាងងាយស្រួល។
២. ផលិតផលទឹកដោះគោ៖ អាហារឬក៏ភេសជ្ជៈដែលផលិតចេញពីទឹកដោះគោគឺអាចជួយយើងគ្រប់គ្រង ឬកាត់បន្ថយការឃ្លានគ្រឿងស្រវឹងបានយ៉ាងមានប្រសិទ្ធិភាព ។ ប្រសិនបើទទួលទានក្នុងបរិមាណល្មម វានឹងផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីនខ្ពស់ វីតាមីន D និងសារធាតុរ៉ែដូចជាប៉ូតាស្យូម ដើម្បីរក្សាក្រពះឲ្យយើងឆ្អែតបានយូរ។
៣. ផ្លែឈើ៖ នៅពេលយើងកំពុងផ្ដាច់ស្រាខួរក្បាលរបស់យើងនឹងខ្វះអ័រម៉ូន 'អារម្មណ៍ល្អ' គឺអ័រម៉ូនដូប៉ាមីន។ ការប្រើគ្រឿងស្រវឹងរយៈពេលយូរប៉ះពាល់អវិជ្ជមានដល់អ័រម៉ូននេះ ហើយធ្វើឲ្យកម្រិតធម្មតារបស់វាធ្លាក់ចុះ។ ដូច្នេះការទទួលទានផ្លែឈើដែលអាចបង្កើនកម្រិត dopamine គឺជាកត្តាចាំបាច់ក្នុងរបបអាហាររបស់អ្នក។ ខណៈផ្លែឈើទាំងនោះរួមមាន ចេក ផ្លែល្វា ស្ត្របឺរី និងក្រូច។
គួរបញ្ជាក់ដែរថា អាហារខាងលើនេះមិនត្រឹមតែជួយឲ្យយើងផ្ដាច់ស្រានោះទេតែវាក៏មានតួនាទីជួយទ្រទ្រង់សុខភាពរបស់យើងឲ្យកាន់តែរឹងមាំ មិនងាយចាស់ ថែមទៀតផង ៕
អត្ថបទដោយ៖ ស្រីណុច