ទឹកដោះគោ ត្រូវបានមនុស្សនូវទូទាំងពិភព ជាពិសេសប្រទេសនៅប៉ែកលោកខាងលិច ឱ្យតម្លៃជាខ្លាំង ដោយសារតែគុណសម្បត្តិនៃសារធាតុចិញ្ចឹមសំខាន់ៗដែលមានដូចជា វីតាមីន ប្រូតេអ៊ីន និងកាល់ស្យូម ចូលជួយទៅដល់គ្រប់ផ្នែកនៃសរីរាង្គ កាត់បន្ថយនូវហានិភ័យនៃជំងឺកាចជាច្រើនប្រភេទ និងជាអាហារូត្ថម្ភដែលមិនអាចអត់បានសម្រាប់មនុស្សគ្រប់វ័យមិនថា ចាស់ យុវវ័យ ប្រុស ឬស្រីក្តី ប៉ុន្តែអាហារមួយនេះត្រូវាបានខ្មែរយើងមួយចំនួនមើលរំលងទៅវិញ។
បើយោងតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ជាទូទៅដែលយើងចំនាំឃើញស្រ្ដីខ្មែរយើងដែលមានអាយុចាប់ពី៣០ទៅ៤០ ឬក៏មានកូន១ឡើងទៅមួយចំនួនតែងតែត្អូញត្អែរពីបញ្ហាចុកខ្នង ឈឺចង្កេះ ឈឺគន្លាក់ដៃ គន្លាក់ជើងរ៉ាំរ៉ៃមួយជីវិត។ ខណៈបុរសវិញដូចគ្នាពេលដែលលេងកីឡាតែងតែជួបបញ្ហាគ្រិចដៃ ជើង ចង្កេះ បាក់ឆ្អឹងបណ្ដាលឲ្យកៀបសរសៃមួយជីវិត ឬស្វិតជើង។ ករណីជំងឺទាំងអស់នេះត្រូវបានអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និយាយថា មកពីពលរដ្ឋខ្មែរមិនផឹកទឹកដោះគោ ដែលជាប្រភពនៃកាល់ស្យូម។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះមានម្ហូប៤ក្រុម ដែលមនុស្សគ្រប់គ្នា ត្រូវតែបរិភោគជាចាំបាច់ដោយមិនអាចខ្វះបាន ដែលនៅស្រុកខ្មែរយើងមិនសូវជាមានការយល់ដឹងប៉ុន្មាននោះទេ។ នៅក្នុងចំណោមម្ហូបទាំង៤ក្រុមនោះ គឺទឹកដោះគោដែលពលរដ្ឋយើងមួយចំនួនធំតែងតែមើលរំលងមិនដែលបរិភោគសោះឡើយ ដែលវាជាមូលហេតុដើមចមនាំឲ្យមានបញ្ហាគ្រិចដៃ ជើង ចង្កេះ ឈឺសន្លាក់ដៃ ជើង និងឈានដល់ការពិការភាពទាំងក្មេង។
ទឹកដោះគោ ឬក៏សារធាតុផ្សេងៗដែលផលិតចេញពីទឹកដោះគោដូចជា ឈីស យ៉ាអ៊ួរ គឺអាហារសំខាន់ជាទីបំផុតដែលជួយឲ្យមានសុខភាព រាងកាយរឹងមាំ មិនឈឺថ្កាត់នាំឲ្យវេទនារ៉ាំរ៉ៃ។ លោកឧកញ៉ាបានពន្យល់យ៉ាងដូច្នេះថា ជាទូទៅពលរដ្ឋខ្មែរយើងឲ្យតែបរិភោគទឹកដោះគោគឺមានបញ្ហាហើមពោះ រាគ ផោម ក្អួតជាដើម នេះមកពីនៅក្នុងខ្លួនរបស់យើងគ្មានសារធាតុ lactose ដែលវាតែងតែមានចំពោះមនុស្សណាដែលផឹកទឹកដោះតាំងពីតូច ឬជាប្រចាំជារៀងរាល់ថ្ងៃ។ សារធាតុមួយនេះច្រើនកើតមានទៅលើជនជាតិស្បែកសដែលពួកគេមានទម្លាប់ផឹកទឹកដោះស្ទើរតែ១ជីវិត។
ការញ៉ាំទឹកដោះរាល់ថ្ងៃនេះគឺជួយឲ្យឆ្អឹងតាន់មាំទាំ ឆ្អឹងលូតបានខ្ពស់ និងមិនងាយពុកផុយ និងមិនមានកម្ពស់តឿ ហើយទាប។ ដូច្នេះហើយទឹកដោះគោនេះពលរដ្ឋយើងត្រូវតែផឹកទឹកដោះគោ ឲ្យបានជារៀងរាល់ថ្ងៃដើម្បីជួយជីវិតឲ្យរស់បានយូរ និងមិនងាយមានជំងឺតោងខ្លួនទេ ៕
អត្ថបទដោយ៖ ស្រីណុច