“យ៉ាងតិចណាស់មានមនុស្សម្នាក់នៅតែស្លាប់រៀងរាល់ ៤០វិនាទីពីការធ្វើអត្តឃាត” នេះបើយោងតាមការឱ្យដឹងអំពីប្រសាសន៍អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មួយឆ្នាំៗមានមនុស្សជាង៧សែននាក់បានស្លាប់ដោយសារតែឃាតកគ្មានរូបរាងមួយគឺ ជំងឺបាក់ទឹកចិត្ត។ ហេតុនេះ ដើម្បីការពារខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ជុំវិញខ្លួនកុំឱ្យធ្លាក់ចូលក្នុងជំងឺផ្លូវចិត្តមួយនេះ អ្នកគប្បីយល់ដឹងពីរោគសញ្ញានិងអាការមួយចំនួនដែលអាចសម្គាល់បានថាបុគ្គលម្នាក់កំពុងមានជំងឺបាក់ទឹកចិត្ត។
ប្រភពខាងលើដដែលបានឱ្យដឹងថា ក្នុងពេលមានជំងឺធ្លាក់ទឹកចិត្ត បុគ្គលនោះជួបប្រទះនូវអារម្មណ៍ធ្លាក់ទឹកចិត្តដូចជា (មានអារម្មណ៍សោកសៅ ឆាប់ខឹង ទទេស្អាត) ឬបាត់បង់ភាពរីករាយ ឬចំណាប់អារម្មណ៍លើសកម្មភាព ដែលកើតមានឡើងស្ទើរតែរាល់ថ្ងៃ ហើយកើតឡើងបន្តបន្ទាប់យ៉ាងហោចណាស់ពីរសប្តាហ៍។
បន្ថែមពីនេះ បុគ្គលដែលមានជំងឺបាក់ទឹកចិត្តអាចនឹងមានរោគសញ្ញាផ្សេងទៀត ដែលអាចរួមមានការផ្តោតអារម្មណ៍មិនបានល្អ ចូលចិត្តបន្ទោសខ្លួនឯង ឬឱ្យតម្លៃខ្លួនឯងទាប អស់សង្ឃឹមអំពីអនាគត គិតរឿងស្លាប់ ឬការធ្វើអត្តឃាត រំខានដល់ការគេង គេងមិនលក់ឬគេងច្រើនជ្រុល ការផ្លាស់ប្តូរចំណង់អាហារ ស្រកឬឡើងទម្ងន់ខុសប្រក្រតី និងអារម្មណ៍ជាពិសេសអស់កម្លាំង ឬគ្មានថាមពល ឆាប់ហត់នឿយ។
នៅក្នុងបរិបទវប្បធម៌មួយចំនួនទៀត មនុស្សមួយចំនួនអាចបង្ហាញពីបញ្ហាផ្លូវចិត្តក្នុងទម្រង់នៃរោគសញ្ញាផ្នែករាងកាយ (ឧទាហរណ៍ ការឈឺចាប់ អស់កម្លាំង ភាពទន់ខ្សោយ)។ រោគសញ្ញារាងកាយទាំងនេះ មិនមែនដោយសារស្ថានភាពសុខភាពមួយផ្សេងទៀតនោះទេ។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃជំងឺធ្លាក់ទឹកចិត្ត បុគ្គលនោះនឹងជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងនៅក្នុងផ្នែកផ្សេងៗនៃជីវិតផ្ទាល់ខ្លួនដូចជា គ្រួសារ សង្គម ការអប់រំ ការងារ និង/ឬផ្នែកសំខាន់ៗផ្សេងទៀតនៃមុខងារ។ ហើយវគ្គនៃជំងឺធ្លាក់ទឹកចិត្តអាចត្រូវបានចាត់ថាជាកម្រិតស្រាល មធ្យម ឬធ្ងន់ធ្ងរ អាស្រ័យលើចំនួននិងភាពធ្ងន់ធ្ងរនៃរោគសញ្ញា ក៏ដូចជាផលប៉ះពាល់លើមុខងាររបស់បុគ្គលនោះ។
ហេតុនេះហើយ ប្រសិនបើអ្នកមានរោគសញ្ញាខាងលើ ឬមានមនុស្សជាទីស្រឡាញ់ជួបប្រទះរឿងនេះ សូមយកចិត្តទុកដាក់តាមដានពួកគេឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ អាចធ្វើជាមិត្តដ៏ល្អ ស្តាប់រឿងក្នុងចិត្តរបស់ពួកគេ ឬអាចនាំពួកគេទៅរកអ្នកជំនាញផ្នែកផ្លូវចិត្តដើម្បីធ្វើការតេស្តថាតើបុគ្គលឬខ្លួនឯងផ្ទាល់ពិតជាមានជំងឺផ្លូវចិត្តមែនឬយ៉ាងណា? ហើយគួរតែព្យាបាលតាមវិធីណា?
អត្ថបទដោយ៖ កញ្ញា លីហួយ

