ខួរក្បាលអាចដំណើរការបានល្អ គឺចាំបាច់ត្រូវការផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមឱ្យបាន គ្រប់គ្រាន់ ប្រសិនបើការផ្គត់ផ្គង់នូវចរន្តឈាម ឬអុកស៊ីសែនមិនបានគ្រប់គ្រាន់បន្ទាប់ពី ២ ឬ៣នាទី នឹងបណ្តាលឱ្យកោសិកាខួរក្បាលចាប់ផ្តើមស្លាប់ ហើយមុខងារនៃខួរក្បាលនឹងត្រូវបានបាត់។ ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដែលកើតឡើងដោយសារលំហូរឈាមទៅកាន់ខួរក្បាល ត្រូវបានរាំងស្ទះ ឬត្រូវបានបញ្ឈប់តែម្តង ដែលអាចប៉ះពាល់ដល់សមត្ថភាពមួយចំនួនដូចជា ការធ្វើចលនា ការនិយាយ ការទទួលទាន ការគិត ការចងចាំ ការគ្រប់គ្រងផ្នែកអារម្មណ៍ ការគ្រប់គ្រងនូវចលនាពោះវៀន ឬប្លោកនោម និងការគ្រប់គ្រងមុខងារនៃសារពាង្គកាយសំខាន់ៗ ដ៏ទៀត។
មានកត្តាហានិភ័យមួយចំនួនដែលមានទំនាក់ទំនងនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែលត្រូវការ ព្យាបាល ឬគ្រប់គ្រងតាមតាមវេជ្ជសាស្រ្តបានដូចជា៖
កត្តាសម្ពាធឈាមខ្ពស់៖ បុគ្គលដែលមានសម្ពាធឈាម ១៤០/៩០ ឬខ្ពស់ជាងនេះអាចធ្វើឱ្យខូចខាច ដល់សរសៃឈាម ក្នុងការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។
កត្តាជំងឺបេះដូង៖ ជំងឺបេះដូងគឺជាកត្តាហានិភ័យបំផុតសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាល និងជាមូលហេតុចំបងនៃការបាត់បង់ជីវិត។
កត្តាជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែមគឺជាកត្តាហានិភ័យខ្ពស់បំផុតសម្រាប់ជំងឺដាច់សរសៃឈាម ខួរក្បាល។ ស្ថានភាពនៃជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានល្អ ធ្វើឱ្យកម្រិតនៃសារជាតិ គ្លុយកូសខ្ពស់អាចបំផ្លាញដល់សរសៃឈាម និងសរសៃប្រសាទ ដែលងាយទទួលរងនឹងមានជំងឺ ដាច់សរសៃឈាមខួរក្បាល។
កត្តាចំនួនកោសិកាឈាមក្រហមខ្ពស់៖ ការកើនឡើងខ្លាំងនៃចំនួនកោសិកាក្រហមធ្វើឱ្យឈាមឡើងក្រាស់ និងធ្វើឱ្យមានការកកឈាមនៅក្នុងសរសៃឈាម។
កត្តាការជក់បារី៖ ការជក់បារីអាចបណ្តាលឱ្យមានការកើនឡើងនៃសម្ពាធឈាម និងកាត់បន្ថយអុកស៊ីសែននៅក្នុងឈាម ដែលជាហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាម។
កត្តាផ្សេងទៀតដូចជា ការកង្វះនូវការហាត់ប្រាណ ធាត់ជ្រុល រួមទាំងការទទួលទានសុរាច្រើនជាង ២កែវក្នុងមួយថ្ងៃអាចបង្កើនសម្ពាធឈាម ដែលជាហានិភ័យដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។
កត្តាមួយចំនួនដ៏ទៃទៀតដែលប្រឈមខ្ពស់បំផុតនឹងជំងឺដាច់សរសៃឈាមខួរក្បាល ហើយចាំបាច់ត្រូវការយល់ដឹង និងវិធឺសាស្រ្តបង្ការជំងឺនេះរូមមាន៖
កត្តាអាយុ៖ សម្រាប់អ្នកដែលមានវ័យចាស់ចាប់ពីអាយុ ៥៥ឆ្នាំឡើងគឺងាយប្រឈមខ្ពស់បំផុត។
កត្តាភេទ៖ ភាគច្រើនបុរសមានជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែករណីស្រ្តីស្លាប់ច្រើនជាងបុរសដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនេះផងដែរ។
កត្តាធ្លាប់មានប្រវត្តិជំងឺដាច់សរសៃឈាមខួរក្បាលជំងឺ៖ បុគ្គលដែលធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាលរួចទៅហើយ គឺងាយនឹងកើតជាលើកទី ២។
កត្តាតំណរពូជ៖ ឱកាសប្រឈមនៃជំងឺដាច់សរសៃឈាមខួរក្បាលគឺមានករណីច្រើនចំពោះអ្នកដែល មានប្រវត្តិគ្រួសារនៃជំងឺដាច់សរសៃឈាមខួរក្បាល។
ដើម្បីកាត់បន្ថយអត្រាហានិភ័៧នៃជំងឺដាច់សរសៃឈាមខួរក្បាលសូមអនុវត្តនូវវិធីមួយចំនួនដូចជា៖
- ទម្លាប់អនុវត្តលំហាត់ប្រាណឱ្យបានទៀងទាត់
- បរិភោគអាហារដែលសុខមាភាពរួមមាន បន្លែ ផ្លែឈើ និងប្រភពអាហារដែលមានសារជាតិកូលេស្តេរ៉ូនទាប
- បញ្ឈប់ការជក់បារី
- ការទទួលទានសុរាត្រូវមានកម្រិត
- រក្សាកម្រិតកូលេស្តេរ៉ូនល្អ
- រក្សាទម្ងន់រាងកាយ
អត្ថបទដោយ៖ សែម សុធារី

