ផ្លែបំពេញរាជ្យ ឬកំពីងរាជ (Santol fruit) ត្រូវបានគេជ្រើសរើសក្លាយម្ជូរយ៉ាងពេញនិយមនៅក្នុងកម្ពុជានាពេលបច្ចុប្បន្ន ដោយសារតែរសជាតិយូរផ្អែមរបស់វាត្រូវជាមួយនឹងគ្រឿងផ្សំអំបិលគ្រប់មុខ មិនថាជាប្រភេទត្រាំឬស្រស់ក្តី។ តើអ្នកមានដឹងទេថា ផ្លែឈើខ្មែរមួយប្រភេទនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព ក្រៅពីរសជាតិដ៏ឆ្ងាញ់ដែលបានផ្តល់ឱ្យ?
យោងតាមប្រភព healthbenefitstimes.com បានលើកឡើងពីគុណប្រយោជន៍សម្រាប់សុខភាព៥យ៉ាង ដែលផ្លែបំពេញរាជ្យបានផ្តល់ឱ្យអ្នកញ៉ាំ៖
១. កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL)៖ ផ្លែបំពេញរាជ្យមាន pectins ដែលជាជាតិសរសៃរលាយ។ pectins រួមបញ្ជូលជាមួយសារធាតុកូលេស្តេរ៉ុលល្អ (HDL) នឹងចូលទៅកម្ចាត់នូវកូលេស្តេរ៉ុលអាក្រក់(LDL) នៅក្នុងពោះវៀនដែលរារាំងមិនឱ្យខ្លាញ់ល្អចូលទៅក្នុងប្រព័ន្ធឈាមរត់បាន។ ហើយកម្រិតLDLនេះដែរ ប្រសិនណាបើផ្ទុកច្រើនហួស វាក៏ក្លាយជាចំណែកមួយធ្វើឱ្យមានជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។
២. ការពារជំងឺទឹកនោមផ្អែម៖ ផ្លែបំពេញរាជ្យ សម្បូរទៅដោយជាតិសរសៃ និងមានសន្ទស្សន៍ glycemic ទាប។ ជាតិសរសៃធ្វើឱ្យការរំលាយអាហារថយចុះ មានន័យថាការថយចុះនេះជួយកាត់បន្ថយការស្រូបយកជាតិស្ករទៅក្នុងឈាម ជាកត្តាធ្វើឱ្យសរីរាង្គអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។
៣. ការពារជំងឺមហារីក៖ ផ្លែបំពេញរាជ្យ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយការពារការលូតលាស់កោសិកាមហារីក។ នៅការស្រាវជ្រាវមួយរបស់ក្រុមអ្នកវេជ្ជសាស្រ្តផ្នែកចំណីអាហារ បានធ្វើតេស្តសត្វកណ្តុរដែលដុះដុំសាច់គីស ដោយចាក់ចូលនូវសារធាតុចម្រាញ់ពី ផ្លែបំពេញរាជ្យ ចូលទៅក្នុងខ្លួនសត្វកំណ្តុរនោះ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក ទំហំនៃដុំសាច់គីសនោះត្រូវបានកាត់បន្ថយជាច្រើន។ ជាការសន្និដ្ឋានបានបង្ហាញថា សមាសធាតុនៅក្នុង ផ្លែបំពេញរាជ្យនេះ អាចប្រឆាំងនឹងកោសិកាមហារីកបានយ៉ាងពិតប្រាកដ។
៤. គ្រប់គ្រងការឡើងទម្ងន់៖ សារធាតុសរសៃអាចជួយឱ្យឆាប់ឆ្អែត និងជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ វាធ្វើឱ្យចំណង់អាហាររបស់យើងស្ថិតក្នុងកម្រិតទាប ខណៈពេលដែលសមាសធាតុរបស់ផ្លែបំពេញរាជ្យប្រៀបដូចអាហារូបត្ថម្ភដែលជួយបំពេញនូវចំណង់អាហារ។
៥- ការពារជំងឺឬសដូងបាត៖ វីតាមីនសេនៅក្នុងផ្លែបំពេញរាជ្យ ជួយលើកកម្ពស់អង់ដូហ្វីនឱ្យមានសុខភាពល្អនៅក្នុងសរសៃឈាម។ សារធាតុសរសៃនេះជួយធ្វើឱ្យលាមកមានស្ថេរភាព មិនប៉ះពាល់ដល់ដំណើរការបន្ទោរបង់ទេ។ លើសពីនេះទៅទៀតជាតិសរសៃអាចទាញទឹកចេញពីពោះវៀនធំរបស់យើង ឬស្រូបយកទឹកច្រើនឱ្យលាមកសភាពទន់ធ្វើឱ្យដំណើរការបន្ទោរបង់កាន់តែងាយស្រួល។
ជារួមមកវិញការទទួលទានប្រភេទផ្លែឈើមួយនេះ ផ្តល់ប្រយោជន៍មិនត្រឹមតែតម្រូវសម្រាប់តែជាផ្លែឈើសម្រាប់ធ្វើគ្រឿងម្ជូរនោះទេ វាក៏ផ្តល់នូវជីវជាតិសម្រាប់សុខភាពឱ្យជៀសនូវជំងឺជាច្រើនមុខដូចដែលបានរៀបរាប់ខាងលើផងដែរ មិនតែប៉ុណ្ណោះក៏មានការសិក្សាស្រាវជា្រវផ្សេងៗទៀតលើកឡើងផងដែរថា សារធាតុផ្លែឈើនេះក៏ជួយដល់ សុខភាពធ្មេញ ឆ្អឹង បង្ការភាពស្លេកស្លាំង ការពារជំងឺវង្វេងវង្វាន់ ពន្យារភាពចាស់ ប្រឆាំងជំងឺអាលែហ្ស៊ី រលាក ...ជាដើម៕

