ជំងឺលើសឈាមគឺជាប្រភេទជំងឺម្យ៉ាងអាចបង្កជាគ្រោះថ្នាក់កើតជំងឺជាច្រើនទៀត ប្រសិនណាអ្នកមិនយកចិត្តទុកដាក់ការពារនោះទេ អាចប៉ះសរីរាង្គជាច្រើនទៀត ដូចជា តម្រងនោម បេះដូង ភ្នែក សរីរាង្គខួរក្បាលរួមទាំង អាចប្រឈមស្លាប់មួយចំហៀងខ្លួន បើទុកយូរមិនព្រមព្យាបាលទៀតអាចស្លាប់បាត់បង់ជីវិតក៏មានដែរ។
នេះបើយោងតាមរយៈគេហទំព័រ nhs បានបញ្ជាក់ឱ្យដឹងថាក្រុមមនុស្សដែលគិតច្រើន ចូលចិត្តញុំាអំបិល មិនសូវញុំាបន្លែផ្លែឈើ គេងក៏មិនគ្រប់ អ្នកលើសទម្ងន់ អ្នកស្អប់ការហាត់ប្រាណយូរនឹងឆាប់អាចបង្កជាជំងឺលើសឈាមហើយ។ ដូច្នេះប្រសិនណាអ្នកចូលចំណុចទាំងនេះជាពិសេសអ្នកធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺលើសឈាមស្រាប់ត្រៀមចិត្តប្រឈមខ្លាំងណាស់ បើមិនខំថែសុខភាពទៀតកាន់តែធ្វើឱ្យស្ថានភាពជំងឺអាចវិវត្តទៅជាធ្ងន់ធ្ងរលឿនមិនខានឡើយ។
ជាការពិតណាស់គ្មានអ្វីហាមឃាត់មិនឱ្យជំងឺលើសឈាមងាយប្រហារមកកាន់មនុសុ្សបានឡើយ តែមានវិធីដើម្បីការពារទុកមុននិងកាត់បន្ថយទម្លាប់ប្រចាំថ្ងៃមិនល្អចេញដើម្បីចៀសវាងជំងឺលើសឈាម ដោយហេតុថា ទម្លាប់អាក្រក់ដែលអ្នកធ្វើរាល់ថ្ងៃបង្កជាជំងឺ ដូច្នេះអ្នកល្មមសម្រេចចិត្តបោះវាចោលហើយ។
១.អ្នកចូលចិត្តតានតឹងគិតច្រើន៖ សម្រាប់ប្រុសស្រី ដែលមានទម្លាប់ដាក់អារម្មណ៍ឱ្យរងសម្ពាធគ្រប់ពេលវេលា គិតច្រើនរវើរវាយខុសពីការពិត ឡើងជាទម្លាប់អាក្រក់ប្រចាំថ្ងៃ គួរតែកែប្រែចេញ ព្រោះអ្នកចូលចិត្តតានតឹងគ្រប់ពេលវេលាពិតណាស់ច្បាស់ជាងាយកើតជំងឺលើសឈាមទាំងវ័យក្មេងមិនខាន អាយុ៣០ឆ្នាំមិនទាន់ឃើញលើសឈាមកើតមានឡើងបណ្ដើរៗហើយ។មួយវិញទៀតសម្រាប់ស្រ្តីមានផ្ទៃពោះក៏ងាយប្រឈមលើសឈាមដូចគ្នា សូមស្រ្តីថែសុខភាពកុំស្រ្តេសគិតច្រើនខុសពីការពិត និងញុំាអាហារទ្រទ្រង់រាងកាយរួមទាំងទារកក្នុងផ្ទៃឱ្យបានល្អ។
២.គ្មានសកម្មភាពរាងកាយ៖ ជាការពិតណាស់អ្នកដែលគ្មានសកម្មភាពរាងកាយ មានន័យថាមិនដែលចេះហាត់ប្រាណ ឬក៏អ្នកអង្គុយធ្វើការបើបានអង្គុយគឺនៅអង្គុយមិនព្រមងើបឈរងើបដើរសោះឡើយ ។ ដោយហេតុថាអ្នកដែលគ្មានសកម្មភាពនេះអាចមានបញ្ហាទម្ងន់ធ្ងន់(លើសទម្ងន់)កាលណាលើសទម្ងន់ងាយប្រឈមជាមួយជំងឺលើសឈាមខ្លាំងណាស់។ សូមព្យាយាមហាត់ប្រាណ១៥នាទីក៏បាន៣០នាទីក៏បានតាមដែរអាចធ្វើបានដើម្បីការពារលើសឈាមកើតឡើង។
៣.ទទួលទានជាតិកាហ្វេអ៊ីនច្រើន៖ កាហ្វេអ៊ីនគឺជាចំណែកមួយអាចឱ្យមានជំងឺលើសឈាម ជាការពិតប្រសិនណាអ្នកទទួលទានកាហ្វេអ៊ីនលើសកំណត់ លើសបរិមាណដែលរាងកាយអាចទទួលយកបានប្រាកដណាស់អ្នកអាចប្រឈមលើសសម្ពាធឈាមមិនខាន ដូច្នេះសូមញុំាដោយការទទួលខុសត្រូវ។
សរុបមកវិញសូមប្រុសស្រីកុំប្រហែសជាមួយជំងឺលើសឈាមឱ្យសោះ កុំគិតថានៅអាយុតិចមិនចាំបាច់ថែសុខភាពព្រោះមិនអាចកើតជំងឺលើសឈាមឱ្យសោះប្រយ័ត្នស្ដាយក្រោយ ហើយបើមិនចង់ស្ដាយក្រោយគួរបោះទម្លាប់បង្កជំងឺលើសឈាមចោល៕
អត្ថបទដោយ៖ ប៉ែត ធីតា