ខួរក្បាលជាសរីរាង្គរាងសំខាន់មួយ ដែលវាទ្រទ្រង់សរសៃប្រសាទលើរាងកាយទាំងមូល។ កាលណាដែលខួរក្បាលមានបញ្ហា ខ្សោយមានការភ្លេចភ្លាំងច្រើន មានការប៉ះទង្គិចនានាលើខួរក្បាល ឬមានជំងឺ វាមិនមែនជារឿងតូចតាចដែលអាចមិនអើពើរបាននោះទេ។ មានទម្លាប់ជាច្រើនដែលមនុស្សគ្រប់គ្នានិយមធ្វើ ទាំងមិនបានចាប់អារម្មណ៍ថាវាប៉ះទង្គិចសុខភាពខួរក្បាលរបស់ខ្លួនឯងឱ្យខ្សោយចុះយ៉ាងណាឡើយ។
វេជ្ជបណ្ឌិត Than Thi Minh Trung អនុប្រធាននាយកដ្ឋានសរសៃប្រសាទ មជ្ឈមណ្ឌលសរសៃប្រសាទ មន្ទីរពេទ្យ Tam Anh នៅទីក្រុងហូជីមិញ បានឱ្យដឹងថា ការដែលទទួលទានអាហារ និងមានសកម្មភាពរាងកាយល្អ នឹងជួយបំប៉នខួរក្បាលជំនួយការចងចាំ។ ជាមួយគ្នានោះ ទម្លាប់មិនល្អមួយចំនួន ក៏បំផ្លាញសុខភាពខួរក្បាលរបស់អ្នកយ៉ាងឆាប់រហ័សផងដែរ។ ទម្លាប់មិនល្អគួរកែចេញទាំងនោះរួមមាន៖
១ អង្គុយច្រើន៖ ការអង្គុយយូរពេកអាចរារាំងដល់សកម្មភាពនៃប្រព័ន្ធសរសៃប្រសាទ sympathetic ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃភាពអស់កម្លាំង។ ទម្លាប់អង្គុយយូរៗនេះ មានមនុស្សជាច្រើនណាស់ដែលកំពុងធ្វើជាប្រចាំ គួរណាតែក្រោកដើរ ធ្វើសកម្មភាពរៀងកាយឱ្យបានច្រើន រៀងរាល់២០ ទៅ៣០នាទីម្ដង ដើម្បីជម្រុញសរសៃឈាមទៅខួរក្បាល ពង្រឹងនិងជម្រុញប្រព័ន្ធប្រសាទកណ្ដាល។
២ ញ៉ាំអាហាររហ័សនិងផឹកភេសជ្ជៈផ្អែមលើស៖ ការផឹកភេសជ្ជៈផ្អែមជាប្រចាំថ្ងៃនឹងធ្វើឱ្យបរិមាណខួរក្បាលតូច ការចងចាំខ្សោយចុះ កើនហានិភ័យនៃជំងឺភ្លេចភ្លាំង។ ការញ៉ាំអាហារលឿនៗ ដែលសម្បូរដោយជាតិស្ករ ជាតិខ្លាញ់ច្រើន ក៏បានបំផ្លាញសុខភាពបេះដូង និងខួរក្បាលផងដែរ។
៣ នៅម្នាក់ឯង មិនសូវចូលសង្គមខាងក្រៅ៖ ការដែលផ្តេចទំនាក់ទំនងពីខាងក្រៅ ផ្សារភ្ជាប់គ្នាជាមួយនឹងការខ្សោយចុះនៃការយល់ដឹង។ ហេតុនេះអ្នកជំនាញណែនាំឱ្យជួបមនុស្សថ្មីៗ មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឱ្យបានច្រើន ដើម្បីរក្សាភាពវិជ្ជមានក្នុងខ្លួន និងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងបានផងដែរ។
៤ មិនតាមដានសម្ពាធឈាម៖ សម្ពាធឈាមឡើងខ្ពស់ ឬចុះទាបសុទ្ធតែជះឥទ្ធិពល មុខងារយល់ដឹងនៃខួរក្បាល។ សម្ពាធឈាមខុសប្រក្រតីអាចបណ្តាលឱ្យឈាមមិនគ្រប់គ្រាន់ទៅដល់ខួរក្បាល រឹង និងរួមតូចនៃសរសៃឈាម ។ ដូច្នេះ ការរក្សាសម្ពាធឈាមឱ្យនៅកម្រិតថេរ (ជាធម្មតា 120/80 mmHg ឬទាបជាងបន្តិច) ជួយឱ្យឈាមគ្រប់គ្រងស្ថិរភាព ខួរក្បាលត្រូវបានផ្គត់ផ្គង់ដោយអុកស៊ីសែន និងឈាមគ្រប់គ្រាន់ដើម្បីដំណើរការ។
៥ គេងមិនគ្រប់៖ គេងតិចជាង៦ម៉ោងក្នុង១យប់ ជាញឹកញាប់ជាប់គ្នា នឹងធ្វើឱ្យខួរក្បាលថយចុះការយល់ដឹងលឿន នឹងប្រឈមជាមួយជំងឺវង្វេង។ ហេតុនេះអ្នកគួរតែគេងឱ្យបានគ្រប់ម៉ោងដើម្បី សុខភាពខួរក្បាលល្អ។
៦ ស្ត្រេសពេក៖ ស្ត្រេសអាចរួមចំណែកដល់ការភ្លេចភ្លាំង ធ្លាក់ទឹកចិត្ត ថប់បារម្ភ និងពិបាកក្នុងការផ្តោតអារម្មណ៍។ ការងារហួសកម្លាំង និងភាពតានតឹងអាចបណ្តាលឱ្យមានអ័ព្ទខួរក្បាល។ ប្រសិនបើមិនបានព្យាបាលទេ អ័ព្ទនៃខួរក្បាលអាចប៉ះពាល់ដល់គុណភាពជីវិត និងនាំឱ្យមានលក្ខខណ្ឌផ្សេងទៀតដូចជាជំងឺផាកឃីនសុន ជំងឺវង្វេង និងជំងឺភ្លេចភ្លាំង។
៧ អសកម្ម ៖ ភាពអសកម្មរាងកាយអាចបង្កើនល្បឿននៃការថយចុះការយល់ដឹង និងធ្វើឱ្យអាយុខួរក្បាលកាន់តែលឿន។ សកម្មភាពរាងកាយមានប្រយោជន៍សម្រាប់ hippocampus (ផ្នែកនៃខួរក្បាលដែលដើរតួក្នុងការរក្សាការចងចាំ) ។ យុវជនត្រូវឧស្សាហ៍ហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ដើម្បីរក្សាចិត្ត និងរាងកាយឱ្យនៅក្មេងបានយូរ ជួយឱ្យខួរក្បាលបង្កើនការចងចាំ។
ជារួមមកទម្លាប់ទាំងអស់នេះ អាចមានមនុស្សជាច្រើនកំពុងតែអនុវត្តជាប្រចាំ ដែលវាបានជះឥទ្ធិពលមិនល្អដល់ខួរក្បាលគ្រប់ពេលវេលា។ បើចង់ឱ្យខួរក្បាលមានសុខភាព គិតរហ័សរហួន ចងចាំបានល្អ គួរតែឈប់ធ្វើទម្លាប់មិនល្អខាងលើនេះទៀតទៅ៕
អត្ថបទដោយ៖ Senghong