តម្រងនោម(ក្រលៀន) គឺជាសរីរាង្គមួយគូក្នុងរាងកាយមនុស្ស ដែលមាននាទីក្នុងការច្រោះជាតិពុលក្នុងខ្លួនពីអាហារឬភេសជ្ជៈដែលយើងញ៉ាំចូលទៅបំប្លែងទៅជាទឹកនោម។ ជាធម្មតា តម្រងនោមមានទំហំប៉ុនកណ្ដាប់ដៃ ស្មើនឹង ១០ ទៅ ១២ សង់ទីម៉ែត្រ (ប្រហែល ៥ អ៊ីញ)។ ករណីក្នុងរាងកាយកើតជាតិពុលច្រើនលើសកម្រិត គឺជាបណ្តាលឱ្យទំហំរបស់តម្រងនោមរួមតូច ជាហេតុនាំឱ្យឆាប់ខូចតម្រងនោមលឿនបំផុត។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពី Health Match លោកស្រីវេជ្ជបណ្ឌិត Jamie Cheong ឯកទេសផ្នែកតម្រងនោមមានប្រសាសន៍ថា មានកត្តាធំបំផុតដែលធ្វើឱ្យរាងកាយកើនឡើងនូវជាតិពុលខ្លាំងលើសកម្រិតដល់ថ្នាក់តម្រងនោមច្រោះមិនអស់នោះគឺ របបអាហារប្រចាំថ្ងៃ ។ លើសពីនេះទៀត វេជ្ជបណ្ឌិត លឹម តាំងឡូន បានប្រាប់ថា កត្តារួមផ្សំផ្សេងទៀតដែលធ្វើឱ្យខ្សោយតម្រងនោម វាបណ្ដាលមកពីការកើនឡើងជាតិស្ករនៅក្នុងចរន្តឈាម រ៉ាំរ៉ៃយូរអង្វែង ដែលអាចបណ្ដាលឱ្យប្រព័ន្ធច្រោះទឹកនោមនៅក្នុងតម្រងនោមមានការធ្លុះធ្លាយបណ្ដើរៗ អាចឈានទៅដល់ការខ្សោយតម្រងនោមកម្រិតធ្ងន់ធ្ងរ។
ដូច្នេះដើម្បីការពារតម្រងនោមរបស់អ្នកកុំឱ្យខ្សោយ និងស្វិត អ្នកត្រូវចៀសវាងនិងកាត់បន្ថយអាហារទាំង៥ក្រុមខាងក្រោម៖
១. អាហារផ្ទុកជាតិផូស្វ័រ៖ អាហារផ្ទុកជាតិផូស្វ័រដូចជា គ្រឿងកំប៉ុង ការ៉េម ស្រាបៀរ ទឹកដោះគោមួយចំនួន ឈីស...ជាប្រភេទអាហារដែលផ្តល់ផលប៉ះពាល់ដល់តម្រងនោមប្រសិនបើអ្នកព្យាយាមញ៉ាំវាជារៀងរាល់ថ្ងៃ។
២. អាហារលើសជាតិសូដ្យូម៖ ប្រភេទក្រុមអាហារមានជាតិសូដ្យូម មានដូចជាប្រភេទសាច់ក្រក ត្រីងៀត ភីក្សា មីកំប៉ុងជាដើម អាហារប្រភេទនេះ អ្នកមិនមានបញ្ហាខ្សោយតម្រងនោមគួរចៀសវាង ហើយអ្នកមានបញ្ហា កាន់តែចៀសដាច់ខាតទៀត ព្រោះជាតិសូដ្យូមគឺនឹងធ្វើឱ្យក្រលៀនខ្សោយ ញ៉ាំកាន់តែច្រើនអាចប្រឈមមុខនឹងការស្វិតតម្រងនោមថែមទៀតផង។
៣. អាហារផ្ទុកជាតិកាហ្វេអ៊ីន៖ អាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនលើសកម្រិត នៅពេលដែលមនុស្សញ៉ាំច្រើនគឺវាធ្វើឱ្យប៉ពាល់ដល់សាច់ដុំសរសៃប្រសាទ សាច់ដុំកណ្តាល សាច់ដុំបេះដូង និងលើសសម្ពាធឈាម។ ក្រុមអាហារដែលផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់មានដូចជា សូកូឡា តែ កាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស...។
៤. អាហារលើសជាតិស្ករ៖ អាហារដែលផ្ទុកជាតិស្ករលើសដូចជា ភេសជ្ជៈកំប៉ុង តែទឹកកក ដំណាប់ផ្លែឈើ ទឹកជ្រលក់BBQ...អាហារទាំងនេះបើអ្នកញ៉ាំកាន់តែច្រើនគឺវាបង្កើនជាតិស្ករក្នុងឈាម ប្រឈមជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម។
បន្ថែមពីលើនេះទៀត នៅពេលដែលតម្រងនោមរបស់មនុស្សម្នាក់ឈានដល់ដំណាក់កាលខ្សោយឬស្វិត វានឹងបញ្ចេញរោគសញ្ញាដូចជា៖ ផឹកទឹកតិចប៉ុន្តែនោមញឹក ងងុយគេងខុសធម្មតា រមួលសាច់ដុំ មិនឃ្លានអាហារ រមាស់លើស្បែក ហើមដៃហើមជើង ឈឺពោះ...ប្រសិនបើអ្នកកំពុងមានអាហារទាំងអស់នេះសូមប្រញាប់ទៅពិនិត្យតម្រងនោម ដើម្បីឱ្យដឹងច្បាស់ពីបញ្ហា។
គូសបញ្ជាក់ផងដែរថា ចំពោះអាហារទាំង៤ក្រុមខាងលើគឺជាប្រភេទអាហារដែលបំផ្លាញតម្រងនោមរបស់អ្នកបន្តិចម្តងៗប្រសិនជាអ្នកព្យាយាមញ៉ាំវាជារៀងរាល់ថ្ងៃ។ ហើយទម្រាំតែអ្នកដឹងថាខ្លួនឯងមានបញ្ហាតម្រងនោម អាហារទាំងអស់នេះវាបានវាយលុក បំផ្លាញមុខងារតម្រងនោមរបស់អ្នកអស់ទៅហើយ។ ដូច្នេះជម្រើសល្អបំផុតគឺគួរកាត់បន្ថយ ឬបើអាហារកុំញ៉ាំអាហារទាំង៤នេះអី៕
អត្ថបទដោយ៖ គន្ធា