តើអ្នកដឹងទេថា ស្រាបៀរ ជាតិអាល់កុល គ្រឿងស្រវឹងគ្រប់ប្រភេទនេះជាតួសម្លាប់មនុស្សច្រើនណាស់ក្នុងមួយឆ្នាំៗ ខណៈពេលដែលគ្រប់គ្នាមើលរំលងឥទ្ធិពលអវិជ្ជមាននៃភេសជ្ជៈអាល់កុលដែលមានចរិតជាឃាតកលាក់មុខមួយប្រភេទនេះ។
យោងតាមរបាយការណ៍ពីអង្គការ Alcohol Rehab Guide, សារជាតិអាល់កុល គឺជា ឃាតកសម្ងាត់មួយ ខណៈWHOប៉ាន់ប្រមាណថាជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹងនេះ បានសម្លាប់មនុស្ស៣លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ លើសពីនេះ គ្រឿងស្រវឹងក៏ជាមូលហេតុនៃ ៥,៣%នៃការស្លាប់របស់មនុស្សក្នុងពិភពលោកជារៀងរាល់ឆ្នាំផងដែរ។
យ៉ាងតិចណាស់ មានមនុស្ស១នាក់ក្នុងចំណោមអ្នកស្លាប់២០នាក់នៅទូទាំងពិភពលោក គឺជាលទ្ធផលនៃជំងឺបង្កដោយគ្រឿងស្រវឹងដូចជា របួស គ្រោះថ្នាក់ ឃាតកម្ម ឬសូម្បីតែការធ្វើអត្តឃាតជាដើម។ គេសិក្សាឃើញថា អត្រានៃការស្លាប់ដោយសារគ្រឿងស្រវឹងគឺធំជាងមេរោគអេដស៍ទៅទៀត។ សូម្បីតែនៅសហរដ្ឋអាមេរិក ១ថ្ងៃៗមានមនុស្សប្រហែល ៣០នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលទាក់ទងនឹងគ្រឿងស្រវឹង ហើយមនុស្សប្រហែល ៦នាក់បានស្លាប់ដោយសារការពុលស្រា។
ប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា មនុស្សជាង៧ពាន់លាននាក់នៅលើផែនដីនេះ មានប្រហែល ២,៣ពាន់លាននាក់គឺជាអ្នកប្រើប្រាស់គ្រឿងស្រវឹង។ មួយថ្ងៃៗពួកគេទទួលទាន គ្រឿងស្រវឹងជាមធ្យមប្រហែល ៣៣ក្រាម ឬ ១,២អោននៃជាតិអាល់កុលដែលស្មើនឹងស្រាពីរកែវ។ មូលហេតុនេះហើយធ្វើឱ្យ មនុស្សជិត៣០០លាននាក់នៅលើផែនដីញៀនស្រា ឬបង្កជាជំងឺមួយចំនួនដែលគ្រោះថ្នាក់ដល់សុខភាពនិងជីវិតបុគ្គលផ្ទាល់។ នៅលើមាត្រដ្ឋានទូទាំងពិភពលោក មនុស្សកាន់តែច្រើនកំពុងផឹកស្រាច្រើនជាងពេលមុនៗ។
សូមរម្លឹកផងដែរថា នៅក្នុងជាតិអាល់កុល ប្រសិនបើទទួលទានលើសកម្រិតក្នុងរយៈពេលយូរ វាងាយនឹងបង្កទៅជាជំងឺជាច្រើនដូចជា ខូចថ្លើម ក្រិនថ្លើម មហារីកថ្លើម មហារីកក្រពេញប្រូស្តាតនិងមហារីកផ្សេងៗទៀត និងឈានដល់ខូចខាតបេះដូងជាដើម។ ទោះបីអ្នកវ័យក្មេងក៏ដោយ បើផឹកស្រាច្រើននិងកម្រិតជាតិអាកុលខ្លាំង អ្នកនឹងមានបញ្ហាផ្លូវចិត្ត ខូចសរសៃប្រសាទ និងដាច់សរសៃឈាមទាំងវ័យក្មេង។ ការសិក្សាជាច្រើនក៏បានរកឃើញថា ការផឹកស្រាច្រើនរយៈពេលវែងធ្វើឱ្យខួរក្បាលចុះខ្សោយផ្នែកការគិត និងដាច់សរសៃឈាមខួរក្បាលលឿនផងដែរ៕
អត្ថបទដោយ៖ កញ្ញា លីហួយ