របបចំណីអាហារមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសុខភាព និងការលូតលាស់របស់កូនក្មេង ជាពិសេសការលូតលាស់ផ្នែកខួរក្បាល និងសាច់ដុំ ។ ម្ដាយឪពុកគួរចេះ ជ្រើសរើស ប្រភេទអាហារ ដែលសម្បូរដោយវីតាមីន (ផ្លែឈើ និងបន្លែ) ត្រូវជ្រើសរើសអាហារសម្បូរដោយជាតិកាល់ស្យូម ជាតិដែក ជាតិរ៉ែ ប្រូតេអីន និងអាហារមានខ្លាញ់ទាប ។ ត្រូវជៀសវាងអាហារដែលសម្បូរដោយជាតិខ្លាញ់មិនល្អ និងអាហារមានជាតិស្ករខ្ពស់ ។ ខាងក្រោមនេះ ជាប្រភេទអាហារល្អទាំង៧ សម្រាប់សុខភាពរបស់កូនក្មេង ។
១. ផ្លែប៉ោម៖ សម្បូរដោយជាតិសរសៃ មានវីតាមីន C ខ្ពស់ និងមានកាឡូរីទាប ។ សារធាតុទាំងនេះ មានគុណប្រយោជន៍ចំពោះសុខភាពទូទៅកូនក្មេង ។
២. ស៊ុត៖ មានផ្ទុកប្រូតេអីនខ្ពស់ សម្បូរដោយជាតិដែក វីតាមីនច្រើនប្រភេទ និងមានជាតិរ៉ែ សារធាតុទាំងនេះ បានជួយឲ្យក្មេងមានសុខភាពល្អ និងរឹងមាំ ។
៣. ទឹកដោះគោ៖ មានផ្ទុកកាល់ស្យូមខ្ពស់ វីតាមីន D និងប្រូតេអីន ដែលជួយដល់ការលូតលាស់របស់ឆ្អឹង និងខួរក្បាលរបស់ក្មេង ។
៤. គ្រាប់ធញ្ញាជាតិ៖ សម្បូរដោយជាតិដែក ស័ង្កសី folate វីតាមីនច្រើនប្រភេទ ផូស្វ័រ សម្បូរដោយជាតិសរសៃ និងម៉ាញេស្យូម ។ សារធាតុទាំងនេះ មានសារៈសំខាន់ចំពោះការលូតលាស់របស់កូនក្មេង ជាពិសេសសុខភាពឆ្អឹង និងខួរក្បាល ។
៥. សាច់ត្រី៖ សម្បូរដោយប្រូតេអីន និងមានខ្លាញ់ល្អសម្រាប់សុខភាព ជាពិសេសការលូតលាស់របស់ខួរក្បាល រក្សាតុល្យភាពទម្ងន់រាងកាយ និងសុខភាពឆ្អឹងរបស់ក្មេងផងដែរ ។
៦. បន្លែ ៖ រួមមានការ៉ុត ដំឡូងបារាំង ស្ពៃខៀវ -ល- សុទ្ធតែជាប្រភេទបន្លែ ដែលជួយឲ្យក្មេងមានការលូតលាស់បានល្អ ជួយដល់ប្រព័ន្ធការពាររាងកាយ និងពង្រឹងសុខភាពខួរក្បាល ។
៧. យ៉ាអ៊ួ៖ ជាប្រភេទអាហារដែលក្មេងចូលចិត្តញ៉ាំ វាសម្បូរដោយជាតិកាល់ស្យូម និងមានជាតិខ្លាញ់ទាប ។ ករណីនេះ លោកអ្នកគួរចេះជ្រើសរើស យ៉ាអ៊ួដែលមានជាតិស្ករទាប និងមិនមានថែមសារធាតុរក្សាទុក ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.verywellfamily.com