ផ្លែឈើ ជាប្រភពវីតាមីនដែលជួយឱ្យស្បែកភ្លឺរលោង និងមានសភាពក្មេងជាងវ័យ នៅពេលវ័យរបស់អ្នកកាន់តែចាស់ នោះកូឡាជែននៅក្នុងរាងកាយរបស់លោកអ្នកនឹងបាត់បង់បន្តិចម្ដងៗ ដែលធ្វើឱ្យស្បែកជ្រីវជ្រួញខ្វះសំណើម និងស្រអាប់មិនស្រស់ថ្លា ដូច្នេះអ្នកគួរតែបរិភោគផ្លែឈើទាំង៥ប្រភេទនេះឱ្យបានញឹកញាប់ ដើម្បីជួយឱ្យស្បែកភ្លឺរលោង និងក្មេងជាងវ័យ។
១.ផ្លែល្ហុង
គុណប្រយោជន៍ដ៏អស្ចារ្យនៃផ្លែល្ហុងគឺ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមពិសេសម្យ៉ាងហៅថា Papain ដែលអាចសម្លាប់កោសិកាដែលងាប់ៗនៅលើស្បែក ជម្រុះកោសិកាចាស់ៗ និងជួយព្យាបាលភាពមិនស្អាតនៃស្បែក។ បន្ថែមពីនេះ ការញ៉ាំផ្លែល្ហុងទុំនៅពេលល្ងាច គឺអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យលោកអ្នកបត់ជើងស្រួល ពីព្រោះសាច់ល្ហុងគឺសម្បូរទៅដោយសារជាតិកាកសរសៃល្អ ជួយជំរុញការបន្ទរបង់។
២.ផ្លែចេក
ការសិក្សាមួយបាននិយាយថា ផ្លែចេកគឺ ជាផ្លែឈើដែលសម្បូរវីតាមីនសេ ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែក វីតាមីនA វីតាមីនB, វីតាមីនE ។ដូចនេះ ចេកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងភាពចាស់នៃស្បែក។ បន្ថែមពីនេះ សារជាតិនៃចេក ក៏អាចជួយកាត់បន្ថយការឈឺចាប់របស់មនុស្សស្រីពេលមករដូវប្រចាំខែបានយ៉ាងល្អទៀតផង។ លើសពីនេះ ការញ៉ាំផ្លែចេកមួយថ្ងៃមួយផ្លែ គឺជួយព្យាបាលមុខរបួស ក៏ដូចជាស្លាក់ស្នាមឱ្យឆាប់ជាសះស្បើយ។
៣.ផ្លែ ស្ត្រប៊ឺរី
យោងតាមសិក្សាស្រាវជ្រាវបានឱ្យដឹងថា ផ្លែស្ត្រប៊ឺរី គឺជាផ្លែឈើដែលសម្បូរវីតាមីនសេ ច្រើនបំផុត។ ជាក់ស្ដែងវីតាមីនសេនេះ គឺបានដើរតួនាទីក្នុងការជំរុញកោសិកាផលិតកូឡាជែនផ្ដល់ពន្លឺដល់ស្បែក ក្រចករឹងមាំ និងការលូតលាស់នៃសរសៃសក់ថែមទៀតផង។ បន្ថែមពីនេះ សារជាតិក្នុងវីតាមីនសេ គឺជួយទប់ស្កាត់ភាពចាស់នៃស្បែក ប្រឆាំងនឹងអុកស៊ីតកម្ម ចូលរួមការពារការបំផ្លាញកូឡាជែន ហើយវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រឆាំងនឹងកាំរស្មីយូវី ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកត្រជាក់។
៤.ក្រូចឆ្មា
ទឹកក្រូចឆ្មា គឺជាប្រភពវីតាមីនសេដ៏ច្រើនខ្លាំងបំផុត ដែលអាចជួយឱ្យស្បែករបស់លោកអ្នកមានភាពស្រស់ថ្លា។ វីធីញ៉ាំទឹកក្រូចឆ្មាគឺ៖ ទឹកក្ដៅឧណ្ហៗមួយកែវ ដាក់ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មាយករសជាតិជូរល្មមតាមចំណង់ចិត្ត ហើយញ៉ាំទឹកក្រូចឆ្មានេះ នៅពេលព្រឹកពោះទទេ គឺជួយបណ្ដេញជាតិពុល ជាតិកខ្វក់ ជួយលាងសម្អាតក្រពះ សម្លាប់បាក់តេរី ជាពិសេស គឺសារធាតុទឹកក្ដៅនិងទឹកក្រូចឆ្មា អាចជួយដុតរំលាយជាតិខ្លាញ់នៅត្រង់ក្បាលពោះបានល្អបំផុត។
៥.ផ្លែប៉ោម
ការសិក្សាដោយអ្នកជំនាញផ្នែកអាហាររូបត្ថមបាននិយាយថា ផ្លែប៉ោមគឺ ផ្ទុកបរិមាណអេឡាហ្សែន និងកូឡាជែនច្រើនដែលអាចជួយឱ្យស្បែកក្មេងជាងវ័យ។ បន្ថែមពីនេះ ផ្លែប៉ោមគឺ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងអុកស៊ីតកម្មការពារការបំផ្លាញកោសិកា និងជាលិការបស់ស្បែក។
ជាមួយគ្នានេះ ការរស់នៅដើម្បីឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាត គឺត្រូវតែគួបផ្សំនឹងរបបអាហារដែលល្អ បរិភោគអាហារដែលសម្បូរវីតាមីន ដូចជាបន្លែចម្រុះពណ៌ ដែលសម្រស់ៗទើបសម្បូរវីតាមីនគ្រប់គ្រាន់ និងផ្លែឈើដែលមានវីតាមីន ដូចជាក្រូច ចេក ប៉ោម និងផ្លែឈើជាច្រើនប្រភេទផ្សេងទៀត ដើម្បីទទួលបានវីតាមីនយកមកចិញ្ចឹញកោសិកាស្បែក និងធ្វើឱ្យសុខភាពរឹងមាំ៕
អត្ថបទដោយ៖ តឹក ស៊ីថា