ចង់សម្រកទម្ងន់តែបែរជាទៅរកថ្នាំញុំាជំនួយ នេះគឺជារឿងដែលគួរយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់គ្រប់រូប ខណៈពេលដែលក្រុមថ្នាំសម្រកភាគច្រើនដែលបានដាក់លក់ចែកចាយនៅទូទាំងពិភពលោក គឺអាចមានលាយនូវសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះទៀតសោត ចំពោះកម្រិតសុពលភាពនៃថ្នាំប្រើបានត្រឹមរយៈពេលបណ្តោះអាសន្ន (ដែលភាគច្រើនគេតែងនិយាយថា ឈប់ប្រើហើយឡើងទម្ងន់លើសដើម) និងខ្លះទៀតមានផ្ទុកនូវសារធាតុញៀន បង្កឱ្យអ្នកប្រើប្រាស់ធ្វើទុក្ខពិបាកខ្លួន។
យ៉ាងណាមិញ ប្រសិនបើបងប្អូនសួរថា តើមានវិធីសាស្ត្រណាដែលអាចជួយដោះស្រាយបញ្ហាសម្រកទម្ងន់ តាមបែបធម្មជាតិបានទេ? ជាចម្លើយនោះប្រាកដជាមាន។ ជាក់ស្តែង បើផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ Healthline បានលើកឡើងនូវប្រភេទតែចំនួន៣ ប្រសិនបើបងប្អូនផឹកក្តៅៗជាប្រចាំថ្ងៃ នោះមិនតែអាចជួយកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ ប៉ុណ្ណោះទេ ថែមទាំងជំនួយដល់សុខភាពទូទៅថែមទៀត៖
១. តែបៃតង៖ តែបៃតង មានផ្ទុកទៅដោយសារធាតុ Catechins ជាសារធាតុប៉ូលីហ្វេណុលធម្មជាតិជួយការពារ និងជំនួយដល់សុខភាពពោះវៀន ឱ្យរារាំងការស្រូបយកជាតិខ្លាញ់មិនល្អ ទប់ស្កាត់កម្រិតជាតិស្ករ ដោយកត្តានេះ គឺត្រូវបានផ្សាភ្ជាប់ទៅនឹងការថយចុះទម្ងន់ និងខ្លាញ់ក្នុងខ្លួន។
តួយ៉ាង ក្នុងការសិក្សាមួយនាឆ្នាំ ២០០៨ ទៅលើក្រុមបុគ្គលលើសទម្ងន់ប្រមាណជាង៦០នាក់ក្នុងរយៈពេល១២សប្តាហ៍ បែងចែកជា២ក្រុម ជាមួយនឹងការផ្តល់នូវរបបអាហារស្តង់ដារ ហើយក្រុមទី១ តម្រូវឱ្យផឹកតែបៃតងបន្ថែម និងក្រុមទី២ផ្តល់ប្រភេទថ្នាំ placebo ជាប្រចាំ។ ក្រោយមកជាទិន្នន័យដែលគេប្រមូលបាន ចំពោះក្រុមបុគ្គលដែលគេសង្កេតឃើញថា ផឹកតែបៃតងប្រចាំថ្ងៃ គឺស្រកទម្ងន់ប្រមាណជា ៧,៣ ផោន (៣,៣គីឡូក្រាម) បើធៀបទៅនឹងក្រុមដែលប្រើប្រភេទថ្នាំ placebo គឺមានលក្ខណៈខុសគ្នាឆ្ងាយ។ ដូច្នេះជាការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការផឹកតែបៃតងក្តៅៗជាប្រចាំ គឺអាចដុតបំផ្លាញនូវជាតិខ្លាញ់លើសក្នុងខ្លួន និងទ្រទ្រង់ទម្ងន់បានយ៉ាងបានប្រសិទ្ធភាព។
២. តែអ៊ូឡុង៖ តែអ៊ូឡុង ជាប្រភេទតែល្បីមួយក្នុងប្រទេសចិន ដែលមានតាំងពីសម័យបុរាណកាលមកម្ល៉េះ ដោយតែប្រភេទនេះ ត្រូវបានគេពណ៌នា និងស្ងើចសរសើរ ពីក្លិនក្រអូប និងរសជាតិប្លែកខុសពីតែដទៃ។ ក្រៅពីជាប់ឈ្មោះល្បីល្បាញនៅក្នុងប្រទេសចិន តែអ៊ូឡុងក៏ត្រូវមានការសិក្សាជាច្រើនពីសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនឹងជួយអ្នកទទួលទានក្នុងដំណើរការបណ្តេញជាតិខ្លាញ់ កម្រិតសារជាតិពុលក្នុងខ្លួន និងបង្កើនល្បឿនការរំលាយអាហារ។
ជាមួយនឹងការលើកឡើងនេះ គឺត្រូវបានជឿជាក់យ៉ាងមុតមាំទៅលើការសិក្សាដោយបានជ្រើសរើសអ្នកជួបបញ្ហាលើសទម្ងន់ចំនួន ១០២នាក់ ឱ្យផឹកតែអ៊ូឡុងជាប្រចាំក្នុងរយៈ៦សប្តាហ៍។ ជាលទ្ធផលត្រូវគេបានបង្ហាញឱ្យឃើញថា តែប្រភេទ មានសមត្ថភាពក្នុងការជួយបំប្លែងនូវសារជាតិខ្លាញ់មិនល្អក្នុងរាងកាយអ្នកទទួលទាន និងថែមទាំងអាចទប់ទល់នឹងការកើនឡើងនូវកម្រិតកូលេស្តេរ៉ុលក្នុងសរីរាង្គថែមទៀត។
៣. តែខ្មៅ៖ តែខ្មៅមានសារជាតិ flavones ខ្ពស់ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយទម្ងន់ និងកម្ចាត់ចោលនូវខ្លាញ់ក្បាលពោះ។ ទន្ទឹមនឹងនេះទៀតសោត ដំណើរការប្រតិកម្មគីមីនៅក្នុងតែខ្មៅអំឡុងពេលផលិត គឺនឹងបង្កើននូវកម្រិតភាពខ្លាំងរបស់តែ ជួយរក្សាតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាម រារាំងការទទួលទាននូវបរិមាណអាហារច្រើននាពេលបន្ទាប់៕