នៅឆ្នាំ ២០១៩ឆ្នាំ លោកយាយ Kane Tanaka បានជាប់កំណត់ត្រាពិភពលោក ជា Guinness World Records ជាអ្នករស់នៅមានអាយុវែងជាងគេ ១១៦ឆ្នាំ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។ តែមកពេលនេះ ឆ្នាំ២០២១ លោកយាយ Tanaka មានអាយុ ១១៨ឆ្នាំ។ ទោះបីគាត់មានជំងឺខ្លះ តែជីវិតរស់នៅយ៉ាងរីករាយ និងជាមនុស្សមានអាយុវែងជាងគេក្នុងពិភពលោកបច្ចុប្បន្ននេះ។ មានមនុស្សជាច្រើន ឆ្ងល់ថា គាត់អាចរស់នៅដល់អាយុ ១១៨ឆ្នាំដោយរបៀបណា?
លោកយាយ Kane Tanaka កើតនៅថ្ងៃទី ២ ខែមករាឆ្នាំ ១៩០៣ មកដល់២០២១នេះ គាត់មានអាយុ១១៨ឆ្នាំ។
គាត់បានរៀបការជាមួយបុរសរកស៊ីម្នាក់ គឺលោកតា Hideo Tanaka និងមានកូនជាមួយគ្នាចំនួន ៥នាក់។ គាត់មានអាចរស់នៅមានអាយុវែងបែបនេះ គាត់មានអាថ៌កំបាំងក្នុងការរស់នៅ។ គាត់បាននិយាយថា “អ្នកត្រូវអាហារឱ្យឆ្ងាញ់ៗ(អាហារបែបសុខភាព) និងរៀនសូត្រជាប្រចាំ(ដើម្បីអភិវឌ្ឃខ្លួន) ទើបអាយុវែង។” ចៅប្រុសរបស់គាត់ម្នាក់ ដែលមានអាយុ ៦១ឆ្នាំ បាននិយាយថា នៅក្នុងស្ថានភាពកូវីដ ១៩នេះ គាត់រាងពិបាកដែរ ប៉ុន្តែគាត់នៅតែមានក្តីសប្បាយរីករាយរាល់ថ្ងៃ។
នេះជាអាថ៌កំបាំងឱ្យលលោកយាយ Kane Tanaka មានអាយុវែង ១១៨ឆ្នាំ មានលក្ខណៈសាមញ្ញណាស់។ គាត់តែងភ្ញាក់ពីគេងនៅម៉ោង ៦ពេលព្រឹកដោយអារម្មណ៍រីករាយ និងចំណាយពេលវេលាខ្លះធ្វើលំហាត់ប្រាណ ដើម្បីពង្រឹងរាងកាយឱ្យមាំ។ ហើយគាត់ជាមនុស្សស្រឡាញ់ការសិក្សាជាខ្លាំងដូចជារៀនគណិតវិទ្យា និងចូលចិត្តអានសៀវភៅជាច្រើន។
តាមលោក Dan Buettner ជាអ្នកស្រាវជ្រាវរកឃើញថា “មនុស្សដែលមានអាយុវែង តែងមានការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។” សូម្បីលោកយាយ Tanaka តែងមានទំនាក់ទំនងជាមួយមនុស្សជុំវិញ ហើយគាត់ជាអ្នកលេងអុកដ៏ពូកែម្នាក់ផងដែរ។ ការមានចំណោះដឹង បែបនេះហើយ ធ្វើឱ្យគាត់មានរីករាយក្នុងជីវិតនេះ។
ចុចLike ផេក Healthy Cambodia ដើម្បីទទួលព័ត៌មានសុខភាព និងគន្លឹះថែសុខភាពថ្មីៗ
ចំពោះចំណីអាហារ គាត់ចូលចិត្តជាងគេ គឺពិសារសូកូឡា និងកាហ្វេជាច្រើន។ នេះជារបៀបក្នុងការរស់នៅជាប្រចាំថ្ងៃ។ ហើយគាត់មានអាហារតាមវប្បធម៍ជប៉ុនផងដែរ។ គាត់រស់នៅជាមួយគ្រួសារយ៉ាងសប្បាយរីករាយមួយជីវិតនេះ ហើយគាត់ជាមនុស្សម្នាក់ មានផ្លូវចិត្តរឹងមាំ មិនដែលអស្ឃឹមនោះទេ។ មានអ្នកសម្ភាសន៏បានសួរគាត់ថា តើលោកយាយចង់រស់នៅបានប៉ុន្មានឆ្នាំ? លោកយាយឆ្លើយថា ខ្ញុំចង់រស់នៅដល់អាយុ ១២០ឆ្នាំ។ តែពេលនេះ គាត់មានអាយុ ១១៨ឆ្នាំ។ រងចាំទាំងអស់គ្នា តើគាត់អាចរស់នៅបាន ១២០ឆ្នាំដែរឬទេ?
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព