ជំងឺ
ពេទ្យប្រាប់រោគសញ្ញាបង្ហាញថាអ្នកអាច​ប្រឈមជំងឺមហារីកក្រពះ បើមិនប្រញាប់ឆ្លុះនិងព្យាបាលអាចគ្រោះថ្នាក់
Thida Pet
May 30 2024
27.3 K views

យោងតាមរយៈការចែករំលែករបស់ វេជ្ជបណ្ឌិត​ រ៉ូ គីមឆាយ ឯកទេសជំងឺក្រពះ ពោះវៀន​ ថ្លើម និងឬសដូងបាត បានបញ្ជាក់ថា​ការឆ្លុះក្រពះ ប្រជាជន យើងភាគច្រើននិយមហៅថាស៊ុលក្រពះ។ ការពិតទៅពាក្យដែលត្រូវតាមបញ្ចេកទេសគឺគេហៅថា ឆ្លុះក្រពះ។ ការឆ្លុះក្រពះគឺជាការដាក់ទុយោ១មានកាមេរ៉ាដាក់ចូលទៅក្នុងក្រពះតាមបំពង់អាហារ ឆ្លងកាត់ក្រពះ និងឆ្លងកាត់ដើមពោះវៀនតូច។

ជាការពិតណាស់​វេជ្ជបណ្ឌិត បានបញ្ជាក់ថាការឆ្លុះក្រពះគឺ មាន២ប្រភេទ ទី១ឆ្លុះដោយគ្មានការឈឺចាប់មានន័យថាគ្រូពេទ្យបានប្រើប្រាស់ថ្នាំសន្ដំកម្រិតស្រាល ធ្វើឱ្យអ្នកជំងឺគេងលក់បន្ទាប់មកបានធ្វើការឆ្លុះក្រពះ។ ទី២គឺឆ្លុះដោយមិនប្រើថ្នាំសន្តំ​ មានអ្នកជំងឺមួយចំនួនធំគឺអាចឆ្លុះក្រពះដោយមិនប្រើថ្នាំសន្ដំបាន។ ក៏ប៉ុន្ដែមានអ្នកមួយចំនួនតូចគឺត្រូវប្រើថ្នាំសន្តំមុននឹងចាប់ផ្ដើមឆ្លុះ ព្រោះបើមិនដូច្នេះទេ អាចមានផលរំខានដល់គាត់ ដូចជា ចង់ក្អួតចង្អោរ ឬក៏ពិបាកទ្រាំជាដើម។ ជាទូទៅវេជ្ជបណ្ឌិតបាន ណែនាំឱ្យឆ្លុះក្រពះដោយប្រើប្រាស់ថ្នាំសន្ដំ ព្រោះវាមានភាពងាយស្រួលដល់អ្នកជំងឺផង និងដល់គ្រូពេទ្យធ្វើការផ្ទាល់លឿនផងដែរ។

បងប្អូនយើងតែងឆ្ងល់ថា តើការឆ្លុះក្រពះចាំបាច់ដែរទេ ហើយមានប្រយោជន៍អ្វីខ្លះ បើមិនទៅឆ្លុះមើលបានអត់?

ចម្លើយឆ្លើយត្រឡប់ទៅបងប្អូនវិញ វេជ្ជបណ្ឌិតបានពន្យល់ថា ការឆ្លុះក្រពះគឺមានប្រយោជន៍ច្រើនខ្លាំងមែនទែន ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ មិនត្រឹមតែអាចវិនិច្ឆ័យជំងឺទេ តែអាចព្យាបាលជំងឺនៅអំឡុងពេលហ្នឹងដូចគ្នាមានន័យថាបើរកឃើញមានជំងឺគ្រូពេទ្យនឹងអាចព្យាបាលទាន់ពេល។ ការឆ្លុះក្រពះមិនកំណត់អាយុនោះទេ អ្នកមានអាយុក្មេងក៏អាចឆ្លុះក្រពះបានដែរ គឺឆ្លុះតាមរោគសញ្ញារបស់អ្នកជំងឺផ្ទាល់។ ដូចជា គាត់មានបញ្ហាចុកឆ្អល់ ពិបាករំលាយអាហាររុំារ៉ៃរយៈពេលយូរច្រើនជាង៦ខែ បូករួមជាមួយសញ្ញាគួរឱ្យបារម្ភមួយចំនួនដូចជាស្លេកស្លាំង លេបអាហារទៅឈឺ លេបអាហារទៅអួល ស្គមស្គាំង ស្រកគីឡូ ជាពិសេសគឺមានអាការឈឺពោះនៅពេលយប់ឡើងបន្ថែមលើសពីនេះមាន សម្រាប់អ្នកដែលគាត់មានប្រវត្តិគ្រួសារ ពុកម៉ែ ជីដូនជីតា ធ្លាប់កើតជំងឺមហារីកក្រពះ បើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរតែចាំបាច់ទៅជួបពេទ្យដើម្បីពិនិត្យពិគ្រោះយោប​ល់ថាគួរឆ្លុះក្រពះដែរឬទេ ត្រូវតែប្រយ័ត្នទុកមុនព្រោះអ្នកមានប្រវត្តិគ្រួសារកើត​តែងតែប្រឈមហានិភ័យជាងអ្នកធម្មតា?

ដោយឡែក សម្រាប់អ្នកជំងឺមួយចំនួនគាត់មានរោគសញ្ញាតិចតួចមែន តែគាត់មានអាយុច្រើន លើសពី៤៥ឆ្នាំ។ នេះបើតាមរយៈការសិក្សាគេររកឃើញថាប្រជាជននៅអាស៊ីយើង គឺមានហានិភ័យ កើតជំងឺមហារីកក្រពះច្រើនជាងប្រជាជននៅតំបន់អឺរ៉ុប។ ដូច្នេះហើយ បានជាពេទ្យណែនាំបើសិនបងប្អូនមានអាយុលើសពី៤៥ឆ្នាំហើយមានរោគសញ្ញាតិចតួចក៏ដោយ គួរតែមកពិគ្រោះជាមួយពេទ្យជំនាញទុកមុនល្អជាង។ តែបើប្រជាជននៅអឺរ៉ុបវិញគេណែនាំឱ្យឆ្លុះក្រពះពេលគាត់មានអាយុ៦០ឆ្នាំឡើង។

គូសបញ្ជាក់ថា ការឆ្លុះក្រពះគឺមានអត្ថប្រយោជន៍ច្រើនមែនទែន។ ព្រោះបើក្នុងករណីរកឃើញដុំសាច់មហារីកកម្រិតដំបូង (កម្រិត១ កម្រិត២ និងកម្រិត៣) វាមិនទាន់រីករាលដាលដល់ថ្លើម ឬក៏សរីរាង្គផ្សេងៗនៅក្នុងខ្លួន។ ដូច្នេះពេទ្យអាចធ្វើការវះកាត់ និងប្រើប្រាស់ថ្នាំគីមី លទ្ធផលនៃការជាសះស្បើយលឿនគឺភាគរយច្រើនខ្លាំង។

ជាចុងក្រោយ ក្រោយពីអានអត្ថបទចេញពីការចែករំលែករបស់វេជ្ជបណ្ឌិតជំនាញរួច បងប្អូនគ្រប់គ្នាប្រាកដជាបានចម្លើយហើយ ថាគួរតែសម្រេចចិត្តទៅឆ្លុះក្រពះឬក៏អត់? និងអាចដឹងពីរោគសញ្ញាមួយចំនួននៃជំងឺ​មហារីកក្រពះដែលបងប្អូនត្រូវតែប្រយ័ត្ បើមានសញ្ញាណាមួយកើតមានឡើងគូរតែពិគ្រោះយោបល់ជាមួយពេទ្យឱ្យបានលឿនដើម្បីការពារទុកមុន ជាពិសេសអ្នកមានប្រវត្តិគ្រួសារកើតំជងឺមហារីកក្រពះតែម្ដង៕

អត្ថបទដោយ៖ ប៉ែត ធីតា(petthidaa)

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia