នាសម័យបច្ចុប្បន្ននេះ សុខភាពរបស់មនុស្សគ្រប់រូបរមែងជួបប្រទះទៅនឹងបញ្ហានៃការកង្វះវីតាមីន ក៏ដូចជាសារធាតុចិញ្ចឹមសរីរាង្គមួយចំនួនទៀតនៅក្នុងខ្លួន ហើយចំពោះបញ្ហានៃការកង្វះនូវជាតិវីតាមីននេះ អាចនឹងបង្ករជាផលប៉ះពាល់ផ្សេងៗ និងចេញនូវរោគសញ្ញាមួយចំនួននៅលើដងខ្លួន។ កត្តានេះហើយទើបបានជាមានបុគ្គលជាច្រើនព្យាយាមស្វែងរកនូវប្រភេទអាហារបំប៉ន ក៏ដូចជាប្រភេទវីតាមីនជំនួយបន្ថែមទៅដល់សុខភាពរាងកាយ ដើម្បីចៀសឆ្ងាយពីជំងឺក៏ដូចជា ការធ្លាក់ចុះនូវប្រព័ន្ធភាពស៊ាំ។
យ៉ាងណាមិញ បើយោងតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត គា សុខឡេង ឯកទេសង្គ្រោះបន្ទាន់និងជំងឺកម្រិតធ្ងន់ បានបង្ហាញឱ្យដឹងថា ប្រភេទក្រុមវីតាមីន ប្រូតេអ៊ីនសម្រាប់ចូលទៅជួយបំពេញសរីរាង្គកាយនោះ គឺយើងបានមកពីការទទួលទាននូវអាហារប្រចាំថ្ងៃ ហើយប្រភេទសារធាតុចិញ្ចឹមទាំងនោះ គឺស្ថិតនៅតាមប្រភេទអាហារផ្សេងៗគ្នា៖
១. វីតាមីនA៖ ជួយស្បែក សក់ ក្រចក ភ្នែក ឱ្យមានសុខភាពល្អ និងឆ្អឹងរឹងមាំ។ វីតាមីននេះអាចរកបាននៅក្នុងបន្លែផ្លែឈើពណ៌ទឹកក្រូច បៃតង និងសាច់ដូចជា៖ ការ៉ុត, ផ្លែក្រូច, ឈីស, ស្ពៃ, ទឹកដោះគោ, ស៊ុត, ត្រី,និងថ្លើមជាដើម។ ចំពោះបរិមាណប្រចាំថ្ងៃដែលរាងកាយត្រូវការប្រចាំត្រូវបានគេណែនាំឱ្យទទួលទានកម្រិត០,៤ ទៅ ១ មីលីក្រាម។
២. វីតាមីន C៖ ជួយស្បែករលោង ប្រព័ន្ធភាពស៊ាំល្អ អារម្មណ៍រីករាយ សក់ និងក្រចកមានសុខភាពល្អ។ វីតាមីនC អាចរកបាននៅក្នុង៖ ផ្លែក្រូច, ផ្កាឈូករ័ត្ន, ខាត់ណា, សណ្តែក, ផ្លែគីវី, និងផ្លែឈើពណ៌ក្រហម...។ ចំបោះបរិមាណត្រូវទទួលទានប្រចាំថ្ងៃគឺប្រមាណជា ៧០មីលីក្រាម។
៣. វីតាមីន D៖ ជួយឆ្អឹងមានសុខភាពល្អ ឈាមរត់បានល្អ បង្ការជំងឺផ្តាសាយ កម្ចាត់ជាតិពុល។ អាចរកបាននៅក្នុង៖ ឈីស ប៊ឺ ស៊ុតលឿង ត្រី អាហារសមុទ្រ ដំឡូង បន្លែគ្រប់មុខ។ បរិមាណប្រចាំថ្ងៃដែលបានណែនាំប្រហែលចន្លោះពី២ទៅ៥មីលីក្រាម។
៤. វីតាមីន E៖ ជួយរាងកាយស្រស់ស្រាយ ដំណើរការធម្មតានៃប្រព័ន្ធបន្តពូជ និងពង្រឹងប្រព័ន្ធភាពស៊ាំ។
អាចរកបាននៅក្នុង៖សាច់ ពោត គ្រាប់ល្ពៅ ផលិតផលទឹកដោះគោ...។ បរិមាណប្រចាំថ្ងៃដែលបានណែនាំចន្លោះពី ៣០ទៅ៥០មីលីក្រាម។
៥. វីតាមីន K៖ ដោះស្រាយបញ្ហាជំងឺឱ្យជាសះស្បើយលឿន និងការកកឈាមកម្រិតធម្មតា។ អាចរកបាននៅក្នុង៖ ស្ពៃ,ខាត់ណា, ការ៉ុត, ប៉េងប៉ោះ, តែបៃតង។ បរិមាណប្រចាំថ្ងៃដែលបានណែនាំក្នុងកម្រិតពី១ទៅ២មីលីក្រាម។
៦. វីតាមីន B1៖ មានមុខងារជួយខួរក្បាល ការរំលាយអាហារ សាច់ដុំម បេះដូង និងការគេងប្រកបដោយគុណភាព។ ប្រភេទវីតាមីន B1 ភាគច្រើនមាននៅក្នុង សាច់ក្រហម គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងស្រូវសាលី។ ចំពោះបរិមាណដែលរាងកាយត្រូវការប្រចាំថ្ងៃត្រូវបានណែនាំក្នុងកម្រិតចន្លោះពី ១,៣ ទៅ ២ មីលីក្រាម។
៧. វីតាមីន B2៖ ជួយជួសជុលកោសិកាបណ្តុះកោសិកា ជំនួយភ្នែក និងសាច់ដុំឱ្យមានសុខភាពល្អ។ វីតាមីន B2 អាចរកបាននៅក្នុង៖ ទឹកដោះគោ អាល់ម៉ុន ស៊ុត ផ្សិត និងសាច់។ ចំពោះបរិមាណដែលត្រូវទទួលប្រចាំថ្ងៃត្រូវបានណែនាំក្នុងកម្រិតពី ១,៣ ទៅ ៣មីលីក្រាម។
៨. វីតាមីន B5៖ ជួយឱ្យមានការចងចាំល្អ អារម្មណ៍រីករាយ សរសៃឈាម និងបេះដូងមានសុខភាពល្អ។វីតាមីន B5 អាចរកបាននៅក្នុង៖ សាច់មាន់, ស៊ុតលឿង, ផលិតផលទឹកដោះគោ, ពងត្រី, អង្ករ និង ផ្កាខាត់ណាខៀវ។ បរិមាណដែលរាងកាយត្រូវការប្រចាំថ្ងៃក្នុងកម្រិត ៥ មីលីក្រាម។
៩. វីតាមីន B6៖ ជួយរាងកាយឱ្យស្រស់ស្រាយ ប្រព័ន្ធប្រសាទរឹងមាំ និងសរសៃឈាមមានសុខភាពល្អ។ភាគច្រើនអាចរកបាននៅក្នុង៖ គ្រាប់ធញ្ញជាតិ សាឡាត់ ស្ពៃក្តោប ចេក វ៉ាល់ណាត់ ស្រូវសាលី ត្រីសាម៉ុន និងសាច់។ បរិមាណត្រូវញ៉ាំប្រចាំថ្ងៃដែលបានណែនាំគឺចន្លោះពី ១,៦ ទៅ ២ មីលីក្រាម។
១០. វីតាមីន B12៖ ជួយរក្សាទម្ងន់ ពង្រឹងប្រព័ន្ធភាពស៊ាំ ការចងចាំ និងក្រពះពោះវៀនមានសុខភាពល្អ។សម្រាប់វីតាមីនB12 អាចរកបាននៅក្នុង៖ សណ្តែកសៀង ស្ពៃ អយស្ទ័រ ត្រី ទឹកដោះគោ ឈីស ស៊ុតលឿង...។ ចំពោះបរិមាណប្រចាំថ្ងៃដែលបានណែនាំត្រូវទទួលទានចន្លោះពី ២ ទៅ ៥ មីលីក្រាម៕