កាហ្វេ គឺជាភេសជ្ជៈដែលពេញនិយមបំផុតក្នុងពិភពលោកបន្ទាប់ពីទឹក។ កាហ្វេ គឺជាភេសជ្ជៈដែលមនុស្សភាគច្រើនមិនអាចខ្វះបាននៅពេលព្រឹក ដោយសារតែឥទ្ធិពលនៃកាហ្វេអាចជួយដាស់ពួកគេឱ្យស្វាង កម្លាំងពេញខ្លួន មាំមួនបំពេញការងារបានល្អ។ លើសពីនេះភ័ស្តុតាងវិទ្យាសាស្រ្តជាច្រើនក៏បានបង្ហាញឱ្យឃើញថាកាហ្វេបានដើរតួនាទីយ៉ាងល្អក្នុងការជួយសុខភាព ការពារជំងឺមហារីក, កាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជំនួយត្រចៀកនិងការស្តាប់ ព្រមទាំងមានអត្ថប្រយោជន៍ច្រើនលើសពីនេះទៀត។
ប៉ុន្តែបញ្ហានៅត្រង់ថា មិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែអាចទាញយកអត្ថប្រយោជន៍យ៉ាងមហាសាលចេញពីកាហ្វេបាននោះទេ ផឹកមិនស្រួលអាចធ្វើឱ្យខ្លួនឯងធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ ចូលបន្ទប់សង្គ្រោះបន្ទាន់ទៀតផង។ ការសិក្សាចេញពីអ្នកជំនាញផ្នែកចំណីរអាហារនៅលើ Eat This, Not That បានឱ្យដឹងថា មនុស្សប៉ុន្មានក្រុមខាងក្រោមនេះហាមផឹកកាហ្វេបើមិនចង់មានបញ្ហាឬគ្រោះថ្នាក់ដល់សុខភាព។
ក្រុមទី១. អ្នកមានជំងឺរលាកពោះវៀនធំ: Angel Planell, អ្នកជំនាញផ្នែកចំណីរអាហារនិងអាហារូបត្ថម្ភប្រាប់ថា ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចធ្វើឱ្យអ្នកមានបញ្ហារលាកពោះវៀន កាន់តែវិវត្តទៅធ្ងន់ធ្ងរ ជាពិសេសគឺលេចចេញអាការរាគរូសជាដើម។
ក្រុមទី២. អ្នកមានជំងឺទឹកដក់ក្នុងភ្នែក: នៅពេលដែលអ្នកជំងឺនេះផឹកកាហ្វេ សម្ពាធនៅក្នុងភ្នែករបស់ពួកគេនឹងកាន់តែកើន ធ្វើឱ្យកាន់តែពិបាកមើល និងមានគ្រោះថ្នាក់ដល់ភ្នែក។ អ្នកជំនាញប្រាប់ឱ្យ កាត់បន្ថយការផឹកកាហ្វេ ឬក៏ផ្តាច់បានតែម្តងរឹតតែល្អ។
ក្រុមទី៣. អ្នកមានប្លោកនោមសកម្ម: អ្នកជំនាញអាហារូបត្ថម្ភ Sue Heikkinen ប្រាប់ថាកាហ្វេអាចរំញោចឱ្យប្លោកនោមបញ្ចេញទឹកនោមកាន់តែញឹក និងបន្ទាន់។ វាធ្វើឱ្យអ្នកចង់នោមញឹកញាប់ និងនោមភ្លាមៗមិនអាចទប់បាន។ ហេតុនេះ បើសិនជាមិននៅក្បែរបន្ទប់ទឹក ឬត្រូវធ្វើដំណើរ គប្បីកុំផឹកកាហ្វេសម្រាប់អ្នកមានប្លោកនោមសកម្ម។
ក្រុមទី៤. ស្រ្តីមានផ្ទៃពោះ និងម្តាយបំបៅដោះកូន: មានសំនួរជាច្រើនសួរថា តើស្រ្តីមានផ្ទៃពោះឬបំបៅដោះកូន អាចផឹកកាហ្វេបានអត់? ចម្លើយនោះគឺ អត់ផឹកល្អជាងផឹក។ ដោយហេតុថា ការសិក្សាចេញពីមហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិកបង្ហាញថា ស្ត្រីមានផ្ទៃពោះកំណត់ជាតិកាហ្វេអ៊ីនត្រឹម២០០មីលីក្រាមជារៀងរាល់ថ្ងៃ (ប្រហែល២ពែងតូច) ដើម្បីកាត់បន្ថយហានិភ័យនៃការរលូតកូន កូនមិនគ្រប់ខែ និងទម្ងន់កំណើតកូនទាប។ បើទទួលទានកាហ្វេអ៊ីនលើសនេះ ទាំងម្តាយនិងកូនអាចមានបញ្ហាដូចខាងលើនេះ។
លើសពីនេះស្រ្តីបំបៅដោះកូន បើផឹកកាហ្វេ ជាតិកាហ្វេអ៊ីននឹងបញ្ជូនទៅដល់កូនតាមរយៈទឹកដោះ ដែលប៉ះពាល់ដល់សុខភាពទារក ខណៈម្តាយខ្លួនឯងក៏អាចប្រឈមនឹងខ្សោះជាតិទឹក កើតជាអាការវិលមុខ ឈឺក្បាល មិនស្រួលខ្លួនជាដើម។
ត្រឡប់មកវិញ ទោះបីជាកាហ្វេល្អអស្ចារ្យសម្រាប់សុខភាពក៏ពិត ប៉ុន្តែមិនមែនអ្នកទាំងអស់គ្នាសុទ្ធតែអាចផឹកបាននោះទេ។ ប្រសិនបើអ្នកស្ថិតក្នុងក្រុមខាងលើនេះគប្បីកាត់បន្ថយ ឬឈប់ផឹកកាហ្វេតែម្តងដើម្បីកុំឱ្យមានផលប៉ះពាល់ទៅថ្ងៃក្រោយ៕
អត្ថបទដោយ៖ កញ្ញា លីហួយ