ថ្ងៃទី២២ មីនា ២០២១ នេះ អ្នកនាងសួស វីហ្សា ដែលជាតារាចម្រៀងនៅផលិតកម្ម ហង្សមាស ត្រូវបានរកឃើញ ឆ្លងកូវីដ១៩ ហើយខណៈមានតារាហង្សមាសជាច្រើនរូបទៀតបានរកឃើញឆ្លងកូវីដផងដែរ ។
កាលពីថ្ងៃទី១៩ មីនា ២០២១កន្លងទៅនេះ អ្នកនាង សួស វីហ្សានិងស្វាមីបានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តសម្រាប់លើកទីមួយ និងលើកទី២ គឺទទួលបានលទ្ធផលអវិជ្ជមានទាំង២។ ក៏ប៉ុន្តែ នៅថ្ងៃទី ២០ មីនា លោកថមមីដែលជាស្វាមីរបស់អ្នកនាង វីហ្សាបាន បញ្ជាក់លើគណនីអ៊ិនស្ត្រាក្រាមរបស់លោកថា ខ្លួននឹងនាំប្រពន្ធទៅយកសំណាកសម្រាប់ការធ្វើតេស្តលើកទី៣ ។
ដោយឡែកនៅថ្ងៃទី២២មីនា ដដែលនេះ យោងតាមលោកហេង ឡុងបានឱ្យដឹងថា តារាចម្រៀងហង្សមាស អ្នកនាង សួស វីហ្សា បានធ្វើងតេស្តលើកទី៣ លទ្ធផលគឺ មានវីជ្ជមានកូវីដ១៩ ដោយគាត់បានបញ្ជាក់ថា កាលពីថ្ងៃទី៤ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បានច្រៀងរួមបន្ទប់ជាមួយនឹងលោកណុប ប៉ាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា និងលោក ធែល ថៃ ។
លោកហេង ឡុង បន្តថា អ្នកនាង សួស វីហ្សា សង្ស័យថាខ្លួនបានឆ្លង ពីថ្ងៃនោះមកម្លេះ ប៉ុន្តែដោយសារធ្វើតេស្តពីរដង លទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតេស្តជាលើកទី៣ ។
ខណៈភរិយា បានរកឃើញតេស្តវិជ្ជមានកូវីដ លោកថមមី ដែលចាស្វាមីកំពុងរង់ចាំតេស្តលើកទី៣របស់ខ្លួន៕
អត្ថបទដោយ៖ តឹក ស៊ីថា