អ្នកគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់មនុស្សមួយមួយចំនួនទៅហើយ មកពីវាងាយស្រួលងើបទៅបន្ទប់ទឹកពេលភ្ញាក់ពីគេងពាក់កណ្តាលយប់។ មានសំណួរបានលើកឡើងថា តើការគេងបើកភ្លើងមានបញ្ហាអ្វីខ្លះដល់សុខភាព? បើយោងតាមលទ្ធផលនៃការសិក្សាដោយសាកលវិទ្យាល័យ Northwestern ហើយត្រូវបានចុះផ្សាយក្នុងទស្សាវដ្ដីសុខភាព Proceedings of the National Academic of Science បានរកឃើញថា អ្នកដែលមានទម្លាប់គេងដោយបើកភ្លើង ទោះក្នុងកម្រិតតិចតួចក្ដី នឹងប្រឈមក្នុងកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ។
ហើយតាមការសិក្សានេះបានបញ្ជាក់ថា ការគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងទោះមិនភ្លឺខ្លាំងក៏ដោយ ក៏អាចបង្កើនអត្រាចង្វាក់បេះដូងលោតនៅពេលយប់ខ្ពស់ជាងពេលគេងគ្មានពន្លឺដែរ នេះជាកត្តាហានិភ័យធ្វើឱ្យអ្នកមានជំងឺបេះដូងដោយអត់ដឹងខ្លួនទុកជាមុនទេ។ មកពីប្រព័ន្ធសរសៃប្រសាទស្វយ័តគ្រប់គ្រងដំណើរការរាងកាយដូចជា ការដកដង្ហើម ចង្វាក់បេះដូង ការបើកប្រសីភ្នែក ការរំលាយអាហារ និងការរំញោចឆ្លើយតបទៅនឹងគំរាមគំហែង ឬស្រេស្ត។
យោងតាមគេហ័ទំព័រ Marthastewart បានលើកឡើងថា អ្នកសិក្សាស្រាវជ្រាវក៏បានរកឃើញថា អ្នកមានទម្លាប់គេងបើកភ្លើង ក៏ងាយប្រឈមក្នុងការកើតជំងឺទឹកនោមផ្អែមផងដែរ ។ ពន្លឺភ្លើងនៅក្នុងបន្ទប់គេង បានបង្កឲ្យអ័រម៉ូនអាំងស៊ុយលីន មានដំណើរការខុសប្រក្រតី ដែលជាដំណើរមួយកើតឡើង តាមរយៈ កោសិកាសាច់ដុំ ខ្លាញ់ និងកោសិកាថ្លើម ធ្វើការឆ្លើយតបមិនបានល្អទៅនឹងអ័រម៉ូនអាំងស៊ុយលីន ហើយនេះជាមូលហេតុដ៏សំខាន់ដែលនាំឲ្យកើនឡើងកម្រិតជាតិស្ករក្នុងចរន្តឈាម ។
ហើយសាស្រ្តាចារ្យលោក Phyllis Zee ជាប្រធានផ្នែកផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Northwestern បានប្រាប់ថា ពេលគេងអ្នកគួរបិទភ្លើងទើបល្អដល់សុខភាពបេះដូង និងបញ្ចុះជាតិស្ករតាមធម្មជាតិនៃរាងកាយដំណើរការ។ បើអ្នកចង់បើកភ្លើង អ្នកគួរបន្ថយកម្រិតពន្លឺភ្លើងឱ្យភ្លឺតិចបំផុត ឬមួយអ្នកអាចបើកអំពូលតូចមួយដែលមានពន្លឺព្រឹមៗ បានហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព
