វីតាមីនD គឺជាវីតាមីនរលាយជាតិខ្លាញ់ ដែលជំនួយដល់ការស្រូបយកជាតិកាល់ស្យូម ជាចម្បង ជម្រុញការលូតលាស់ និងសារធាតុរ៉ែនៃឆ្អឹង។ វាក៏ពាក់ព័ន្ធនឹងមុខងារផ្សេងៗនៃប្រព័ន្ធភាពស៊ាំ ប្រព័ន្ធរំលាយអាហារ ឈាមរត់ និងប្រព័ន្ធសរសៃប្រសាទផងដែរ។ ការខ្វះវីតាមីនD ក៏អាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺធំៗដូចជា ជំងឺបេះដូង ពុកឆ្អឹង ទឹកនោមផ្អែម ឬមហារីកជាដើម។ ខាងក្រោមនេះជាសញ្ញា ផលប៉ះពាល់សុខភាព និងវីធីបង្កើនវីតាមីនDឡើងវិញផងដែរ។
ជ្រុះសក់៖ មិនថាបុរសស្ត្រី ប្រសិនបើជួបបញ្ហាជ្រុះសក់ ព្យាយាមកក់សាប៊ូ ប្ដូរផលិតច្រើនហើយនៅតែជ្រុះ ចូលងាកមកមើលថែសុខភាពអ្នកឡើងវិញ។ តាមការឱ្យដឹងពីគេហទំព័រHealthline បានឱ្យដឹងថា ការខ្វះវីតាមីនD ជាកត្តាធំមួយធ្វើឱ្យសក់ជ្រុះ ឬទំពែក ព្រោះវីតាមីនD មានតួនាទីជួយឱ្យគល់សក់រឹងមាំ ជួយឱ្យសក់ថ្មីដុះនិងលូតលាស់។
ឈឺចាប់តាមសាច់ដុំ៖ សម័យមុនមានតែមនុស្សចាស់ទេអាចជួបបញ្ហាឈឺសាច់ដុំ ចុករោយដៃជើង តែបច្ចុប្បន្នក្មេងៗជាច្រើនបានជួបបញ្ហានេះទាំងវ័យក្មេងរួចទៅហើយ។ ការសិក្សារបស់កាសែត The Journal of Neuroscience បាននិយាយថា ការឈឺចាប់សាច់ដុំប៉ះពាល់ដល់ស្ទើរតែ ៥០ភាគរយនៃមនុស្សពេញវ័យទាំងអស់ ហើយភាគច្រើននៃអ្នកទាំងនោះមានកង្វះវីតាមីន D ។ វាត្រូវបានគេជឿថាកម្រិតទាបនៃវីតាមីនD បង្កើតភាពប្រែប្រួលនៃសាច់ដុំដោយសារតែផលប៉ះពាល់លើសរសៃប្រសាទ nociceptor sensory ដែលធ្វើឱ្យមានការឈឺចាប់។
ងងុយគេង៖ ប្រសិនបើអ្នកគេង៦ទៅ៨ម៉ោង ឬលើសនេះទៀត ប៉ុន្តែនៅតែមានអារម្មណ៍ថាងងុយគេង គ្មានកម្លាំងក្នុងខ្លួននេះក៏ជាសញ្ញានៃការខ្វះវីតាមីនDផងដែរ។
ឈឺឬផ្ដាសាយញឹកញាប់៖ វីតាមីនD ជាចំណែកមួយជួយការពារប្រព័ន្ធភាពស៊ាំរបស់អ្នក។ ប្រសិនបើអ្នកឈឺញឹកញាប់ ឬងាយនឹងផ្ដាសាយ សុខភាពប្រែប្រួលលឿនតាមអាការធាតុ នោះមានន័យថាប្រព័ន្ធភាពស៊ាំកំពុងចុះខ្សោយ ដោយសារកង្វះវីតាមីនDផងដែរ។
ឆាប់ប៉ះទង្គិចផ្លូវអារម្មណ៍៖ ឆាប់មួម៉ៅ ឆេវឆាវ ឆាប់ខឹង ថប់អារម្មណ៍ ឬអាចឈានចូលជំងឺបាក់ទឹកចិត្ត អាចជាផ្នែកដែលបណ្ដាលមកពីខ្វះវីតាមីនក្នុងរាងកាយ។ ផ្អែកតាមប្រភព healthdigest បាឱ្យដឹងថា ការសិក្សាបានរកឃើញថាកម្រិតវីតាមីនD ចុះខ្សោយវាក៏ផ្សារភ្ជាប់ជាមួយជំងឺបាក់ទឹកចិត្ត ហើយវីតាមីនDក៏អាចជួយការពារឬព្យាបាលជំងឺបាក់ទឹកចិត្តបានផងដែរ។
ដំបៅមិនងាយជា៖ ស្បែកត្រូវការវីតាមីនD បន្ថែមទៀតព្រោះវាជួយការពារប្រឆាំងនឹងការឆ្លងមេរោគ និងចាប់ផ្តើមដំណើរការជួសជុល។ ហេតុនេះប្រសិនបើអ្នករងរបួស ហើយមិនងាយជាសះស្បើយមានន័យថាអ្នកកំពុងខ្វះវីតាមីនDក្នុងរាងកាយហើយ។
ធ្វើដូចម្ដេចទើបអាចបង្កើតវីតាមីនDក្នុងរាងកាយឡើងវិញបាន? លោកអ្នកអាចទទួលវីតាមីនDឡើងវិញតាមរយៈការស្រូបពន្លឺថ្ងៃច្រើនជាងមុន(កុំភ្លេចឡេការពារកម្ដៅថ្ងៃឬសំលៀកបំពាក់ការពារកម្ដៅថ្ងៃក្ដៅខ្លាំង) ទទួលទានអាហារសមុទ្រ ដូចជាបង្គា អយស្ទ័រ ត្រីធូណា ត្រីសាល់ម៉ុន ត្រីសាប៉ាក់ ស៊ុតក្រហម ពពួកផ្សិត បន្លែ យ៉ាអ៊ួរប្រូបាយអូទិច ទឹកដោះគោ ទឹកក្រូចស្រស់ជាដើម៕
អត្ថបទដោយ៖ Senghong