ការឈឺចាប់ពេលមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រីភាគច្រើន ដែលជាទូទៅកើតមានជាធម្មតា ត្រង់សាច់ដុំក្នុងពោះ អាចរាលដាលដល់ខ្នង និងភ្លៅ។ ជួនកាលការឈឺចាប់កើតឡើង ដោយកន្ត្រាក់ខ្លាំងនៃស្បូន ឈឺចុករោយនៅអាងត្រគាក...។
ការឈឺចាប់ពេលមករដូវជាទូទៅ កើតឡើងនៅពេលដែលជញ្ជាំងសាច់ដុំនៃស្បូនរឹតបន្តឹង។ ការកន្ត្រាក់នៃកម្រិតស្រាលទៅខ្លាំងអាចកើតឡើងជាបន្តបន្ទាប់នៅក្នុងស្បូន ហើយនៅពេលដែលជញ្ជាំងស្បូន ធ្វើឱ្យមានការបង្រួមសរសៃឈាមក្នុងស្បូន នោះកាត់ផ្តាច់ការផ្គត់ផ្គង់ឈាម និងការផ្គត់ផ្គង់អុកស៊ីសែនទៅស្បូនជាបណ្តោះអាសន្ន បណ្ដាលឱ្យជាលិកាក្នុងស្បូនបញ្ចេញសារធាតុគីមីដែលបង្កឱ្យមានការឈឺចាប់។ ការឈឺចាប់ជាធម្មតាមានរយៈពេលពី ៤៨ទៅ៧២ម៉ោង ឬអាចតិច និងរយៈយូរជាងនេះទៅតាមសុខភាពរបស់ស្ត្រីម្នាក់ៗ ។ (នេះបើយោងទៅតាមប្រភព nhs.uk)
យ៉ាងណាមិញ ដើម្បីជាដោះស្រាយបញ្ហា ខាងក្រោមនេះ គឺជាក្បួនខ្លីៗជួយកាត់បន្ថយភាពឈឺចាប់នាអំឡុងពេលមករដូវ៖
១. លេបថ្នាំបំបាត់ការឈឺចាប់
២. ធ្វើលំហាត់ប្រាណបែបស្រាលៗដូចជា យូហ្គា ដើរចុះឡើង...
៣. ស្អំទឹកកំដៅឧណ្ឌនៅត្រង់បរិវេណក្រោមពោះ
៤. ការងូតទឹកក្តៅឧណ្ហ
៥. ការម៉ាស្សាស្រាលៗជារង្វង់ជុំវិញពោះផ្នែកខាងក្រោម
៦. កាត់បន្ថយស្ត្រេស ឬភាពតានតឹង តាមរយៈការតាំងសមាធិ អានសៀវភៅ ឬស្តាប់ចម្រៀង
៧. ញុំាជាប្រភេទភេសជ្ជៈក្តៅឧណ្ហៗដូចជា តែខ្ញី...
៨. ញុំាអាហារសម្បូរទៅដោយសារជាតិវីតាមីន ប្រូតេអ៊ីន ជាពិសេសសារជាតិដែក ដើម្បីជួយបំពេញគ្រាប់ឈាមក្នុងរាងកាយ...
៩. គេងឱ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់...។
ដោយឡែក ក្នុងករណីប្រសិនណាការមករដូវនេះ បង្កជាអាការឈឺចុកចាប់ខ្លាំងហួសហេតុ គួរប្រញាប់ទៅពេទ្យ ព្រោះនេះអាចស្ថិតចូលក្នុងលក្ខខណ្ឌសុខភាពស្បូនមានបញ្ហា៕
អត្ថបទដោយ៖ ប៉ាវ ភក្តី