យោងតាមរយៈប្រភព bbc បានបញ្ជាក់ឱ្យដឹងថា ការឡើងកម្ដៅខ្លាំងនៅផ្ទៃសមុទ្រ កំពុងតែកើនឡើងខ្លាំងហើយ ដែលធ្វើឱ្យអ្នកវិទ្យាសាស្រ្ត មានការព្រួយបារម្ភខ្លាំង ដោយហេតុថា ការឡើងកម្ដៅលើផ្ទៃសមុទ្រនេះ គឺជាហេតុនាំឱ្យភពផែនដីក៏កាន់តែឡើងកម្ដៅ ក្ដៅខ្លាំងជាងមុន ដូចគ្នា។
ប្រភពដដែលបាននិយាយថា នៅពេលដែលសមុទ្រឡើងកម្ដៅ រុក្ខជាតិសត្វផ្សេងៗដែលរស់ជានៅក្នុងសមុទ្រនិងប៉ះពាល់ ហើយការស្រូបឧស្ម័នកាបូននិច របស់សមុទ្រក៏ចាប់ផ្ដើមថយចុះហើយ ជាហេតុនាំឱ្យការបញ្ហា ដូចជា ការរលាយទឹកកកកាន់តែកើតឡើងខ្លាំងជាលំដាប់។ អ្នកវិទ្យាសាស្រ្តបាន សិក្សាមកថា ប៉ុន្មាន១៥ឆ្នាំមកនេះ ភពផែនដី បានឡើងកម្លាំងខ្លាំង ដូច៤៥ឆ្នាំមុនអញ្ចឹង។ Karina Von Schuckmann អ្នកដឹកនាំការស្រាវជ្រាវថ្មី និងជាអ្នកជំនាញផ្នែកសមុទ្រនៃក្រុមស្រាវជ្រាវ Mercator Ocean International បាននិយាយថា ការឡើងកម្ដៅភពផែនដី មិនទាន់ដល់ពេលនោះទេ តែវាបែរជាកើតឡើងយ៉ាងឆាប់ រហ័ស មិនគួរឱ្យជឿ ហើយឡើងក្នុងលក្ខណៈខ្លាំងទៀតផង។
យោងតាមរយៈ Hugh McDowell អ្នកសិក្សាឧតុនិយមរបស់ប្រទេសអូស្រ្តាលី លោក Josef Ludescher មកពីវិទ្យាស្ថាន Potsdam អ្នកសិក្សាពីអាកាសធាតុទាំង២នេះ សុទ្ធតែព្រួយបារម្ភថា អាកាសធាតុនឹងឡើងកម្ដៅខ្លាំងនៅពេលខាងមុននេះ។ ជាការពិតណាស់ផ្អែកតាមការសិក្សាពីគំរូអាកាសធាតុដែលពណ៌នាអំពីការឡើងកម្តៅមិនធម្មតានៃផ្ទៃទឹក( El Niño)គឺអាចនឹងកើនឡើង ហើយឆ្នាំ២០២៤នេះ អាចថាជាឆ្នាំដែលឡើងកម្ដៅខ្លាំងជាងឆ្នាំមុនៗគួរឱ្យកត់សម្គាល់។
គូសបន្ថែមថា ការឡើងកម្ដៅនៃមហាសមុទ្រនេះ បានជះផលអាក្រក់មកលើផែនដីដូចជា៖
-ការកើនឡើងកម្រិតទឹកសមុទ្រ៖កាលណាទឹកសមុទ្រកាន់តែឡើងកម្ដៅខ្លាំងមិនឈប់ គឺអាចនាំឱ្យការរលាយ ទឹកកកនៅ ហ្គ្រីនឡែន និង អង់តាក់ទិក កាន់តែលឿនយ៉ាងឆាប់រហ័សខុសធម្មតា។ កាលណាទឹកកករលាយចូលក្នុងសមុទ្រកាន់តែច្រើន នោះអាចបង្កជាហានិភ័យកើនឡើងទឹកសមុទ្រទូទាំងពិភពលោក ។
-សមត្ថភាពស្រូបយកឧស្ម័នកាបូនិចតិច៖ ជាធម្មតាទឹកសមុទ្រទទួលយកប្រមាណ១ភាគ៤នៃការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ តែប្រសិនណាទឹកសមុទ្រឡើងកម្លាំងកាន់តែខ្លាំង សមត្ថភាពនៃការស្រូបយកឧស្ម័នកាបូនិចកាន់តែតិច ជាហេតុនាំឱ្យឧស្ម័ននេះនៅកកកុញច្រើនលើអាកាសធាតុជាហេតុនាំឱ្យកម្ដៅលើផែនដី កាន់តែឡើងខ្លាំងឡើងៗមិនខាន។
-អាកាសាធាតុកាន់តែអាក្រក់ទៅៗ៖ ការកើនឡើងកំដៅនៅលើផ្ទៃមហាសមុទ្រមានន័យថាខ្យល់ព្យុះ និងព្យុះស៊ីក្លូនអាចទាញយកថាមពលកាន់តែច្រើនជាហេតុនាំឱ្យអាកាសធាតុកាន់តែអាក្រក់។
-បាត់បង់ប្រភេទសត្វក្នុងសមុទ្រ៖ ការកើនឡើងកម្ដៅលើផ្ទៃសមុទ្រ នាំឱ្យស្លាប់បាត់បង់ជីវិត សត្វដែលរស់នៅក្នុងសមុទ្រកាន់តែច្រើន ជាពិសេសគឺផ្កាថ្ម ដែលជារុក្ខជាតិសំខាន់១ក្នុងសមុទ្រ៕
អត្ថបទដោយ៖ ប៉ែត ធីតា