ធ្លាប់ទេ! អង្គុយរៀន ឬធ្វើការសុខៗរោយ ក ? ដំបូងៗ រោយតិចៗទេប៉ុន្តែយូរៗទៅ ធ្ងន់ទៅៗមិនបាត់សោះ ហើយចុករោយត្រង់កជាប្រចាំ។ ការរោយ ក នេះមិនមែនជារឿងធម្មតាទេ វាអាចជាសញ្ញាដាស់តឿននៃស្ថានភាពធ្ងន់ធ្ងរផ្នែកនៃសុខភាព ដែលអ្នកត្រូវប្រញាប់ជួបអ្នកជំនាញដើម្បីដោះស្រាយបញ្ហានេះចេញ បើធ្ងន់ធ្ងរអាចប៉ះពាល់ដល់ឆ្អឹងនិងប្រព័ន្ធប្រសាទនៃខួរក្បាលទៀតផង។
យោងតាមការឱ្យដឹងពីគ្លីនិកដ៏ល្បី Mayo Clinic ការចុករោយ មានការឈឺចាប់នៅត្រង់ ក អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរឬស្ថានភាពសុខភាពខុសប្រក្រតីដូចខាងក្រោម៖
ការរងសំពាធសាច់ដុំ៖ ការប្រើប្រាស់ ក ហួសកម្រិត ដូចជាប្រើពេលច្រើនម៉ោងពេកនៅលើកុំព្យូទ័រ ឬស្មាតហ្វូន ដែលបង្កឱ្យមានភាពតានតឹងនៃសាច់ដុំ ដែលធ្វើឱ្យសាច់ដុំរងសម្ពាធខ្លាំងគ្មានពេលសម្រាក។
បញ្ហាសន្លាក់ឆ្អឹង ក៖ ដូចសន្លាក់ផ្សេងទៀតនៅក្នុងខ្លួនដែល សន្លាក់ក នឹងចុះខ្សោយទៅៗតាមអាយុ។ ជួនកាលជំងឺរលាកសន្លាក់ឆ្អឹងធ្វើឱ្យខ្នើយ រវាង(ឆ្អឹងខ្ចី)និង (ឆ្អឹងខ្នង) កាន់តែយ៉ាប់យ៉ឺន។ បន្ទាប់មករាងកាយបង្កើតជាដុំពកឆ្អឹង ដែលប៉ះពាល់ដល់ចលនាសន្លាក់ និងបណ្តាលឱ្យឈឺចាប់នៅត្រង់ ក ។
ការបង្ហាប់សរសៃប្រសាទ៖ ដុំពក ឬដុំពកឆ្អឹងនៅឆ្អឹងខ្នងនៃ ក អាចសង្កត់លើសរសៃប្រសាទដែលចេញមកពីខួរឆ្អឹងខ្នង ហេតុនេះហើយវាធ្វើឱ្យអ្នកចេញជារោគសញ្ញាចុករោយត្រង់ ក ដែលអ្នកត្រូវឆាប់ទៅពេទ្យក្នុងករណីនេះ។
មានរបួស៖ ការប៉ះទង្គិចដោយអ្នកមិនដឹងខ្លួននៅផ្នែកខាងក្រោយនៃ ក ជារឿយៗបណ្តាលឱ្យមានរបួសស្នាមប្រេះ ដែលកើតឡើងនៅពេលដែលក្បាលត្រូវបានកន្ត្រាក់ទៅក្រោយ ហើយបន្ទាប់មកទៅមុខ ដែលធ្វើឲ្យជាលិកាទន់នៃ ក រងផលប៉ះពាល់ ហើយបញ្ចេញរោគសញ្ញាចុក ក នេះចេញមក។
ជំងឺ៖ ការចុករោយត្រង់ក ក៏អាចចេញមកពីស្ថានភាពសុខភាពនៃជំងឺមួយចំនួនដូចជា ឈឺសន្លាក់ឆ្អឹង រលាកស្រោមខួរឬមហារីកខួរក្បាលជាដើម។
ទោះបីជាយ៉ាងនេះក្តី ការឈឺ ក ភាគច្រើននឹងមានភាពប្រសើរឡើងបន្តិចម្តងៗជាមួយនឹងការព្យាបាលដោយខ្លួនឯងនៅផ្ទះ ឬសម្រាកបានគ្រប់គ្រាន់។ ប៉ុន្តែបើក្នុងករណី ឈឺក ចុករោយ ក រយៈពេលយូរហើយមិនបាត់ដូចក្នុងលក្ខខណ្ឌខាងក្រោមនេះ អ្នកចាំបាច់ត្រូវទាក់ទងវេជ្ជបណ្ឌិត។ ករណីធ្ងន់ធ្ងររួមមានដូចជា ឈឺកធ្ងន់ធ្ងរ, ឈឺឬចុកបន្តអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានការធូរស្បើយ, ឈឺលាតសន្ធឹងពីកដល់ ដៃឬជើង ហើយអមមកជាមួយនឹងការឈឺក្បាល ស្ពឹក ខ្សោយ ឬញាក់ជាដើម។ ករណីបែបនេះ គឺជាករណីគ្រោះថ្នាក់ ដែលគួរទៅជួបពេទ្យ៕