អាហារពេលព្រឹក គឺជាអាហារដែលសំខាន់បំផុតសម្រាប់ជួយផ្ដល់ថាមពលដល់រាងកាយ។ ក៏ប៉ុន្តែប្រសិនបើអ្នកញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ ជាតិស្ករច្រើន ឬអាហារដែលផ្ទុកកាឡូរីច្រើននៅពេលព្រឹក ដូចជាបាយស គុយទាវ មី មីសួ គឺមិនល្អចំពោះសុខភាពនោះឡើយ។
ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ បានណែនាំថា អាហារពេលព្រឹកគឺយើងគួរតែជ្រើសយកអាហារដែលមានជាតិកាឡូរីទាបបំផុតយកមកញ៉ាំ។ បើទោះចាអ្នកចង់សម្រកគីឡូឬមិនចង់សម្រកគីឡូក្តី ក៏មិនគួរញ៉ាំអាហារដែលមានជាតិការឡូរីខ្ពស់ដូចជា បាយស្រូប បបរគ្រឿង និងអាហារផ្សេងៗទៀតដែលលើដជាតិខ្លាញ់ញ៉ាំនៅពេលព្រឹកដែរ ពីព្រោះវាធ្វើឱ្យរាងកាយរបស់អ្នកលើសជាតិកូលេស្តេរ៉ុល លើសជាតិអាស៊ីត និងលើសជាតិខ្លាញ់ផងដែរ។ ដូច្នេះជាជម្រើសល្អបំផុតនៅពេលព្រឹកអ្នកគួរតែជ្រើសញ៉ាំអាហារ និងភេសជ្ជៈកាឡូរីទាបទាំងនេះ៖
១. អាហារកាឡូរីទាប
· ដំឡូងជ្វា( Sweet potato)៖ លោក Christensen ដែលជាអ្នកឯកទេសខាងចំណីអាហារបានឱ្យដឹងថា ដំឡូងជ្វាគឺ មានផ្ទុកសារធាតុ ខារ៉ូទីនច្រើនបំផុតដែលអាចជួយទប់ស្កាត់ និងប្រឆាំងភាពចាស់នៃស្បែករបស់អ្នកដោយសារតែ វាផ្ទុកវីតាមីនអា វីតាមីនសេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកកុំឱ្យចាស់។ លើសពីនេះ ដំឡូងជ្វាមានកាឡូរីទាបជាងបាយស ដូចនេះការបរិភោគដំឡូងជ្វានៅពេលព្រឹក គឺផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព។
· ផ្លែប័រ( Avocado)៖ លោក Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ។
· នំប៉័ងស្រូវសាឡី៖ នំប៉័ងស្រូវសាឡី គឺជាអាហារដែលមានប្រូតេអ៊ីន និងជាប្រភពជាតិកាកសរសៃច្រើនជាងស្រូវធម្មតា ដែលវាបានដើរតួនាទីជំរុញប្រព័ន្ធកិនរំលាយអាហារបានល្អ។ បន្ថែមពីនេះ វាមានកាឡូរីទាបជាងបាយស ប៉ុន្តែវាអាចធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានអ្វីផ្សេងនោះទេ។ លើសពីនេះ វាក៏សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។
· ស៊ុត៖ ស៊ុតជាអាហារដែលផ្ទុកការឡូរីទាប និងជាអាហារជំនួយសុខភាព សាកសមបំផុតសម្រាប់ធ្វើជាអាហារពេលព្រឹក។
២. ភេសជ្ជៈរំលាយខ្លាញ់កាឡូរីទាបបំផុត
· តែខ្ញីក្រូចឆ្មារ៖ អ្នកជំនាញផ្នែកអាហារនិយាយថា ការផឹកទឹកខ្ញីក្ដៅឧណ្ហៗជាមួយក្រូចឆ្មារនៅពេលព្រឹកនឹងជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នកឱ្យមានភាពរឹងមាំ។ ជាមួយគ្នានេះ វាបានដើរតួនាទីទប់ស្កាត់និង រារាំងចំណង់អាហារបានល្អដែលធ្វើឱ្យអ្នកស្រកគីឡូទៀតផង។ បន្ថែមពីនេះ ខ្ញីនិង ទឹកក្ដៅនឹងជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ជួយសម្រួលការបន្ទរបង់ បណ្ដេញជាតិពុលចេញពីរាងកាយ ធ្វើឱ្យអារម្មណ៍ស្រលះស្រស់ថ្លាពេញមួយថ្ងៃ។
· តែបៃតងក្ដៅៗ៖ ការផឹកតែបៃតងក្ដៅៗនៅពេលព្រឹកមួយកែវ នឹងជួយប្រឆាំងជំងឺមហារីក ជួយពង្រឹងប្រព័ន្ធប្រសាទខួរក្បាល ជួយកាត់បន្ថយបញ្ហាផ្លូវដង្ហើមមិនល្អ និងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមថែមទៀតផង។ បន្ថែមពីនេះ តែបៃតងបានដើរតួនាទីជួយសម្រកគីឡូថែរក្សារាងរបស់អ្នក ដោយសារតែសារធាតុរបស់តែបៃតងបានជួយដុតរំលាយជាតិកាឡូរីលើស និងទប់ស្កាត់ភាពធាត់ កាត់បន្ថយចំណង់អាហារ៕
· ផឹកគ្រាប់ជីពេលព្រឹក៖ គ្រាប់ជី គឺសម្បូរប្រូតេអ៊ីន អាស៊ីតអាមីណូ និងជាប្រភពកាល់ស្យូមដ៏ល្អបំផុត។ វេជ្ជបណ្ឌិតបន្ដថា ក្នុងមួយថ្ងៃអ្នកគួរតែញ៉ាំគ្រាប់ជីឱ្យបាន២ស្លាបព្រាជារៀងរាល់ថ្ងៃ ឬអាចដាក់គ្រាប់ជីចូលក្នុងរបបអាហារដូចជា សាឡាដ, ភេសជ្ជៈ,បង្អែម,ឬជាមួយសាន់វិចជាដើម គឺវាធ្វើឱ្យអ្នកឆាប់ឆ្អែត រក្សាលំនឹងចំណង់អាហារ និងជួយសម្រកគីឡូ។
· កាហ្វេក្ដៅៗ៖ យោងតាមការសិក្សាជ្រាវបានឱ្យដឹងថា ការផឹកកាហ្វេក្ដៅៗនៅពេលព្រឹក គឺជួយផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ជួយកាត់បន្ថយភាពនឿយហត់ និងជួយប្រឆាំងភាពនឹងជំងឺកាចសាហាវមួយចំនួនដូចជាជំងឺមហារីក។ លើសពីនេះ កាហ្វេជួយកាត់បន្ថយភាពតានតឹងស្ត្រេសតប់ប្រមល់ ជួយជំរុញថាមពលរាងកាយ ហើយចំណុចពិសេស គឺកាហ្វេជួយបង្កើតមេតាប៉ូលីសក្នុងរាងកាយ ក្នុងដុតរំលាយជាតិខ្លាញ់ ធ្វើឱ្យអ្នកស្រកគីឡូផងដែរ។