អ្នកខ្លះគឺងាយនឹងប៉ះពាល់អារម្មណ៍ ឆាប់ឆេវឆាវ និយាយសម្ដីប៉ះពាល់តិចតួច ឆាប់យកសម្ដីនោះមកដាក់ក្នុងខ្លួនណាស់ ហើយឆាប់ប្រកាន់ខឹង រួចឱបពាក្យសម្ដីនោះមកដាក់ក្នុងខ្លួន។ នេះអាចមកពីឧបនិស្ស័យ ចូលចិត្តសន្សំការខឹង ម្ដងបន្តិចៗតាំងពីដើមមក។ ថាអីតិចប្រោងប្រ៉ាវ ទាស់ចិត្តអីតិចមិនបាន សន្សំខឹងនឹងរហូតដូចសន្សំលុយក្នុងធនាគារអ៊ីចឹង។
មូលហេតុ ចេះតែឆាប់ខឹង ឆាប់ឆេវឆាវនេះ អាចមកពីកត្តាខាងក្រៅមកដែរ ដូចជា សម្ពាធការងារច្រើន ធ្វើមិនអស់ យូរទៅក៏ចាប់ផ្ដើមអស់កម្លាំងកាយ អស់កម្លាំងចិត្តនឹងធ្វើបន្ត ហើយក៏ធ្វើឱ្យចិត្តនឹងឆាប់ឆេវឆាវផងដែរ។ មួយទៀតអាចទាក់ទងនឹងជំងឺផ្លូវកាយដូចគ្នា ឈឺច្រើន ជាហេតុធ្វើឱ្យរាងកាយទ្រុឌទ្រោម អ៊ីចឹងក៏ធ្វើឱ្យសតិអារម្មណ៍ខ្សោយ នាំឱ្យប៉ះពាល់តិចមិនបានគឺឆាប់ឆេវឆាវឡើងមក។ បន្ថែមលើសពីនេះគឺមានជំងឺផ្លូវចិត្តរុំារ៉ៃយូរអង្វែងមកហើយ ក៏ងាយធ្វើឱ្យមនុស្សងាយធ្លាក់ក្នុងអន្លង់ ម៉ួម៉ៅឆេវឆាវច្រើន។ បែបនេះហើយ លោកគ្រូ គូ សុភាពបានណែនាំថា ត្រូវតែព្យាបាលគ្រប់មុំ។ មានន័យថាត្រូវដឹងខ្លួនឯង ស្គាល់ខ្លួនឯងថាជាមនុស្សឆេវឆាវ និងត្រូវព្យាយាមតោងខ្លួនឯងមកវិញ ព្រោះថាដើរផ្លូវនេះគឺខុសហើយ ការឆេវឆាវមិនត្រឹមតែប៉ះពាល់តែខ្លួនឯងនោះទេ តែប៉ះពាល់ដល់អ្នកដទៃដូចគ្នា។
ដូច្នេះហើយ ដើម្បីកាត់បន្ថយភាពឆេវឆាវ អ្នកគួរតែឧស្សាហ៍ស្ដាប់ព្រះធម៌អប់រំចិត្តរបស់អ្នកឱ្យបានច្រើន រស់នៅកន្លែងដែលស្រឡះល្អ ដកដង្ហើមវែងៗ និងកុំសូវនៅក្នុងបន្ទប់បិទជិតឈឹងខ្លាំងពេក។ ព្រោះបន្ទប់បិទជិតឈឹងគឺខ្វះអុកហ្សីសែន ធ្វើឱ្យខួរក្បាលនឹងឆាប់មួម៉ៅ ឆាប់ស្រ្តេស ឆាប់ឆេវឆាវ។ ដូច្នេះត្រូវតែបើកបង្អួច ឱ្យខ្យល់ចេញចូលស្រឡះខួរក្បាលល្អ។ ម្យ៉ាងវិញទៀត បើមានពេលត្រូវទៅពិភាក្សាជាមួយនិងមិត្តភក្តិល្អ កល្យាណមិត្ត ឱ្យគេជួយដាស់តឿន ហើយត្រូវស្ដាប់ធម៌ និងត្រូវកំណត់ដឹងថា ជីវិតហ្នឹង គឺមានបញ្ហាអ៊ីចឹងឯង អ្វីៗមិនចេះតែបានតាមចិត្តយើងចង់នោះទេ គឺត្រូវមានខន្ដី អត់ធន់ មានស្មារតី រលឹកខ្លួនឯងថាជីវិតនឹងគឺវាអ៊ីចឹងឯង។
មួយវិញទៀតការឆេវឆាវគឺអាចមកពីការឈឺ ដូច្នេះ បើឈឺគឺព្យាបាលទៅ ដូចជាឈឺក្រពះ ឈឺពោះវៀន…ជាដើម។ មានអ្នកខ្លះកាត់ប្រមាត់ចេញ អ្នកមានផ្ទៃពោះ ត្រូវសម្រាលកូនក៏ឆាប់ឆេវឆាវដែរ បើអ្នកនៅជិតខ្លួនមិនបានដឹងទេ ឃើញគាត់ឆាប់ឆេវឆាវនឹងគឺដោយសារ តែគាត់មានបញ្ហាមានជំងឺហើយ។ ដូច្នេះប្រសិនណាអ្នកដឹងខ្លួនថាឆេវឆាវដោយសារជំងឺហើយត្រូវតែប្រញាប់ព្យាបាលឱ្យបានលឿន តែបើមានបញ្ហាផ្លូវចិត្តវិញគឺត្រូវការអ្នកជុំវិញខ្លួនជួយផងដែរ។ ព្រោះបើនិយាយឱ្យស្រួលស្ដាប់ទៅអ្នកនៅជិតខ្លួននឹងហើយធ្វើឱ្យយើងមានបញ្ហាផ្លូវចិត្តឡើងមកច្រើនជាងគេ។ បន្ថែមលើសពីនេះប្រសិនណាអ្នកមានបញ្ហារហូតដល់ថ្នាក់គេងមិនលក់ទៀតគឺត្រូវប្រញាប់ជួបពេទ្យដើម្បីពិគ្រោះហើយដើម្បីការពារគ្រោះថ្នាក់។
ចំណុចសំខាន់ៗមួយទៀត ឥរិយាបទប្រចាំថ្ងៃ មិនត្រូវនៅស្មុគៗ ស្ទុកៗ នៅតែក្នុងបន្ទប់នោះទេត្រូវ បើមិនចេះហាត់ប្រាណទៀតកាន់តែពិបាក។ ព្រោះថាការធ្វើបែបនេះគឺ អាចបង្កឱ្យប្រព័ន្ធរាងកាយមិនល្អ ឈាមរត់មិនស្រួល ជាហេតុធ្វើឱ្យយើងទ្រុឌទ្រោមទាំងផ្លូវកាយ និងផ្លូវចិត្តព្រោះថា២នេះគឺពាក់ព័ន្ធគ្នា។ ដូច្នេះហើយត្រូវដឹង និងទទួលស្គាល់ថាជីវិតនេះ គឺអ៊ីចឹងឯង មានគេនិយាយល្អខ្លះមិនល្អខ្លះជារឿងធម្មតា មានរឿងសមបំណងខ្លះខុសបំណងខ្លះបែបហ្នឹង។
ចំណុចកាន់តែសំខាន់១ទៀត ត្រូវមានស្មារតីដឹងជាប្រចាំ ខឹងកើតឡើងក៏ដឹងថាខ្លួនកំពុងខឹងហើយ អ៊ីចឹងត្រូវចាប់ផ្ដើមដូរអារម្មណ៍ រកអ្នកណាជជែងពិភាក្សា ចេញទៅក្រៅដកដង្ហើម។ បន្ទាប់មកចាប់ផ្ដើមរកមូលហេតុថាមិចបានមានរឿងចឹងកើតឡើង បន្ទាប់មកដោះស្រាយបន្ដិចម្ដងៗ ធ្វើបែបនេះយើងមិនសូវដុតខ្លួនឯងទេ។ តែបើយើងមួម៉ៅក្ដៅក្រហាយ ប្រោងប្រ៉ាវទៅក្ដៅទាំងយើង ក្ដៅទាំងអ្នកនៅក្បែរយើង ។
សរុបមកសង្ឃឹមថាការអត្ថបទចេញពី ការចែករំលែករបស់ព្រះគ្រូ គូ សុភាព និងជួយដោះស្រាយ សម្រាលអាការៈខឹង ឆេវឆាវ មួម៉ៅរបស់អ្នកបងប្អូនមួយកម្រិត និងធ្វើឱ្យបងប្អូនចេះរំលឹកខ្លួនឯងថាជីវិតនេះគឺវាអ៊ីចឹងឯង មានសមបំណងខ្លះ ខកខ្លះ៕
អត្ថបទដោយ៖ ប៉ែត ធីតា