នៅពេលស្រ្តីចាប់ផ្ដើមពពោះ គ្រូពេទ្យតែងណែនាំឱ្យស្រ្តីលឹបថ្នាំគ្រាប់ជាតិដែក ព្រោះថ្នាំគ្រាប់ជាតិដែកជួយការពារជំងឺខ្វះគ្រាប់ឈាម ស្លេកស្លាំងលើស្រ្តីមានផ្ទៃពោះ រួមទាំងសុខភាពរបស់កូនក្នុងផ្ទៃផងដែរ។
តើក្នុងថ្នាំគ្រាប់ជាតិដែកមានអ្វីខ្លះ ហេតុអ្វីត្រូវលេបឱ្យគ្រប់៩០គ្រាប់?
ជាការពិតណាស់ យោងតាមរយៈវេជ្ជបណ្ឌិត ប៉ុម សុថារី ឯកទេសសុខភាពបន្តពូជ និងវិបត្តិអត់កូន មានបទពិសោធន៍១០ឆ្នាំ បានរៀបរាប់ថានៅក្នុងថ្នាំជាតិដែក១គ្រាប់មានជាជាតិដែកនិង Acid folic ដែលAcid folic ជួយការពារជំងឺពកឆ្អឹងខ្នងពីកំណើត (Spinal bifida) ជំងឺអត់មានខួរក្បាល(AnencephaLy) នៅក្នុងថ្នាំជាតិដែក នេះផងដែរមានAcid folic ជួយការពារជំងឺរលូតកូនញឹកញាប់លើស្រ្តី។ ក្រឡែកទមើលផលវិបាកនៃ ការកង្វះជាតិដែកក្នុងអំទ្បុងពេលផ្ទៃពោះគឺគ្រោះថ្នាក់ ភាគច្រើនបណ្តាលឱ្យមានបញ្ហាធ្លាក់ឈាមក្នុងពេលសម្រាល រឺក្រោយពេលសម្រាល(postpartum hemmorrhage) ដែលអាចបណ្តាលអោយស្ត្រីត្រូវការវះកាត់ស្បូនបន្ទាន់ រឺ បញ្ចូលឈាមបន្ទាន់ រឺអាចគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមតែម្តង។ វេជ្ជបណ្ឌិតក៏បានណែនាំវិធីការពារស្ដ្រីកុំឱ្យខ្វះជាតិដែកឡើងមក។
១.ញុំាថ្នាំជាតិដែកអោយបាន90គ្រាប់ក្នុងអំទ្បុងពេលមានផ្ទៃពោះ ជាពិសេសនៅក្នុងត្រីមាសទី១ (បញ្ហាមួយទៀតស្រ្តីភាគច្រើន បែរជាទិញថ្នាំវីតាមីនផ្សេងៗ ញុំាជំនួសថ្នាំជាតិដែកទៅវិញ ដោយថ្នាំមួយចំនួនមានកម្រិតជាតិដែកទាបមិនគ្រប់គ្រាន់សំរាប់ស្រ្តីមានផ្ទៃពោះទ្បើយ។ ដូចនេះស្រ្តីអាចញុំាវីតាមីនបន្ថែមបាន ប៉ុន្តែក្នុងពេលជាមួយគ្នា ស្រ្តីចាំបាច់ត្រូវលេបថ្នាំគ្រាប់ជាតិដែក១គ្រាប់ ក្នុង១ថ្ងៃរហូតគ្រប់៩០គ្រាប់) ដោយថ្នាំជាតិដែកដែលអាចរកបានមានដូចជា ថ្នាំគ្រាប់ជាតិដែកពីមណ្ឌលសុខភាព (Fer២០០mg),Ferrovit១៦២mg…
២.គ្រូពេទ្យនិងធ្វើការពិនិត្យគ្រាប់ឈាមជូនគាត់ ប្រសិនបើស្រ្តីបានញុំាថ្នាំជាតិដែក90គ្រាប់ហើយ នៅតែខ្វះគ្រាប់ឈាម គ្រូពេទ្យនិងបន្តផ្តល់ថ្នាំជាតិដែកបន្តែម រហូតដល់គ្រាប់ឈាមរបស់គាត់បានគ្រប់
៣.ទទួលទានអាហារមួយចំនួនដែលសំបូរដោយជាតិដែកដូចជា៖
-សាច់សត្វ ថ្លើមសត្វ គ្រឿងក្នុងសត្វ ប៉ុន្តេត្រូវចំអិនអោយងាប់មេរោគបានល្អ
-គ្រាប់ធុញជាតិ, បន្លែបៃតង ខាត់ណាខៀវ ដំឡូងជ្វា និងសណ្ដែកសៀង
ប៉ុន្តែតាមការស្រាវជ្រាវ បង្ហាញថាជាតិដែកពីចំនីអាហារ ត្រូវបានបឺតស្រូបពីពោះវៀនធំបានតែ២៥%ប៉ុណ្ណោះ ចឹងហើយបានជាថ្នាំជាតិដែក90គ្រាប់ជារឿងចាំបាច់ណាស់សំរាប់ស្រ្តីមានផ្ទៃពោះ
ជាចុងក្រោយវេជ្ជបណ្ឌិត បានណែនាំបវិធីញុំាថ្នាំគ្រាប់ជាតិដែក ដោយណែនាំថា ជាទូទៅជាតិកាល់ស្យូម ទប់ស្កាត់ការបឺតស្រូបជាតិដែកចូលក្នុងឈាម ដូចនេះមិនត្រូវទទួលជាតិដែក ក្នុងពេលអាហារ រឺពេលទទួលទានទឹកដោះគោទ្បើយ ហើយស្រ្តីត្រូវព្យាយាមលេបថ្នាំគ្រាប់ជាតិដែកឱ្យបានគ្រប់គ្រាន់កុំលេបប្រភេទវីតាមីនបំប៉នតែម្យ៉ាងចោលថ្នាំគ្រាប់ជាតិដែក ព្រោះក្នុងវីតាមីនបំប៉នអាចញុំាបានដូចគ្នា គ្រាន់តែមានកម្រិតជាតិដែកតិចជាងថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យបានណែនាំ បើស្ត្រីមានផ្ទៃពោះមានសុខភាពល្អ នឹងនាំឱ្យកូនអ្នកមានសុខភាពល្អពេញមួយជីវិត៕
អត្ថបទដោយ៖ ប៉ែត ធីតា