ពេលល្ងាច គឹជាវេលាមនុស្សគ្រប់រូបសម្រាកពីការងារ ដែលជាទូទៅគេតែងជ្រើសយកអាហារមកកំដអារម្មណ៍ បំពេញក្តីសុខបំប៉នកម្លាំងរបស់ខ្លួន ខណៈពេលដែលត្រូវនឿយហត់ពេញមួយថ្ងៃ។ ម្យ៉ាងទៀតសោតអាហារពេលល្ងាចនេះហើយ គឺជាអាហារដែលញ៉ាំឆ្ងាញ់ជាងគេ ញ៉ាំបាយច្រើន បន្ទាប់ពីឆ្អែតមកអាចសម្រាកយកថាពលដើម្បីបន្តការងារនៅថ្ងៃស្អែក។ តែក្នុងបែបបទនៃការសម្រកទម្ងន់វិញ គឺមិនដូចគ្នាទេ ព្រោះថាអាហារពេលល្ងាច ទទួលទានរហូតដល់យប់នេះហើយ បណ្ដាលឱ្យឡើងគីឡូលឿនណាស់។ ហើយផ្អែកលើក្បួនសម្រកជាសាកល ត្រូវបានគេកំណត់ឱ្យសមីខ្លួននីមួយៗមានការគ្រប់គ្រងការញ៉ាំរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព មិនមែនញ៉ាំតាមតែចិត្តនឹកឃើញនោះឡើយ។
ហើយថ្ងៃនេះ Healthy Cambodia នឹងរើសយកក្បួនផ្តាច់បាយល្ងាច ដែលទទួលបានផលជាក់ច្បាស់ក្នុងរយៈពេលខ្លីបំផុត និងមិនប៉ះពាល់ដល់បញ្ហាប្រព័ន្ធរំលាយអាហារឡើយ។ យោងតាមប្រភពhealthyeating.sfgate.com បានបង្ហាញឱ្យឃើញថា អ្នកដែលអាចកាត់ផ្តាច់នូវរបបអាហារនៃចុងក្រោយនេះ នឹងអាចមានរាងស្អាតចង្កេះតូច បាត់ខ្លាញ់ក្បាលពោះ តែដើម្បីអាចថែសុខភាពឱ្យស្ថេរភាពបានតម្រូវឱ្យមានអនុវត្តន៍វិធីទៅតាមដំណាក់កាល៖
១. បន្ថយបាយល្ងាច៖ ជំហានដំបូងតម្រូវឱ្យកាត់បន្ថយរបបអាហារញ៉ាំ ដោយផ្តើមចេញពីទម្លាប់ញ៉ាំបាយចានធំ មកជាចានតូច ម្ហូបច្រើនមកជាតិច ផ្អាកបង្អែមលាងមាត់ ភេសជ្ជៈផ្អែមៗ មកជាការញ៉ាំទឹកឱ្យបានច្រើនវិញ។
២. កំណត់ពេលវេលាញ៉ាំ៖ ពេលវេលាដែលរាងកាយត្រូវការអាហារទ្រទ្រង់សរីរាង្គខ្លាំងបំផុតគឺនៅចន្លោះ ពីម៉ោង ៨ព្រឹក ដល់២រសៀល ចំណែកអារម្មណ៍ដែលធ្វើឱ្យអ្នកឃ្លានខ្លាំងបន្ទាប់ពីម៉ោង៦ល្ងាចទៅគឺបណ្ដាលមកពីចំណង់អាហារក្រោយពេលរាងកាយប្រើថាមពលពេញថ្ងៃ ដើម្បីសម្រាកប្រមូលយកសារធាតុកាឡូរីចូលទៅបំពេញបន្ថែម បង្កើនថាមពលក្នុងខ្លួនប៉ុណ្ណោះ។ ជាពេលវេលាញ៉ាំដ៏ល្អដែលអ្នកឯកទេសណែនាំ អ្នកគួរញ៉ាំអាហារចន្លោះពីម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាច ហើយការដែលធ្វើបែបនេះក្រពះពោះវៀនរបស់អ្នកមិនងាយមានផងប៉ះពាល់អ្វីឡើយពីការបន្ថយរបបអាហារប្រចាំថ្ងៃ។
៣. ចាប់ផ្តើមឈប់ញ៉ាំ៖ ក្នុងចំណុចនេះ ចង់ឱ្យអ្នកសម្រកទម្ងន់គ្រប់រូបប្តូររបបអាហារមកជាការញ៉ាំបន្លែ ផ្លែឈើសម្បូរជាសរសៃ ជំនួសបាយវិញ ដោយមានដូចជា ល្ហុងទុំ ដំឡូង សាឡាត់...ជាដើម។ ដោយឡែកប្រសិនបើមានការឃ្លានខ្លាំងនៅពេលយប់ជ្រៅអ្នកអាចជ្រើសយកយ៉ាងអួ គ្មានជាតិស្ករ ឬទឹកដោះគោ មកញ៉ាំបន្លប់អារម្មណ៍បាន។
៤. ជ្រើសយកតែប្រភេទភេសជ្ជៈមកញ៉ាំ៖ ក្នុងជំហានទី៤នេះ តម្រូវឱ្យមានការប្តូរទម្លាប់ទៀតហើយ គឺមកចាប់យក ជាភេសជ្ជៈទទួលទានបែបសម្រកទម្ងន់ មានដូចជា ទឹកក្រូចឆ្មាលាយទឹកឃ្មុំក្តៅឧណ្ឌៗ ទឹកខ្ញី ទឹកគ្រាប់ជី ទឹកដោះគោជូ យ៉ាអួ... អាចញ៉ាំបន្ថែមផ្លែឈើមានជាតិសសៃដូចជា ល្ហុងទុំ ស្វាយទុំ...។
៥. បម្រាម៖ សម្រាប់ការផ្តាច់អាហារល្ងាច នឹងយប់នេះត្រូវឱ្យអ្នកយកភេសជ្ជៈឬ ប្រភេទផ្លែឈើបំប៉នសុខភាពមកជួស ដើម្បីទប់លំនឹងនៃការផ្លាស់ចរន្តអាហារដែលជួយឱ្យសុខភាពរបស់អ្នកនៅតែរឹងមាំដដែល។ តែជាការហាមប្រាម មិនអនុញ្ញាតឱ្យអ្នកមានជំងឺទឹកនោមផ្អែម ឬប្រព័ន្ធស៊ាំខ្សោយធ្វើបែបនេះឡើយព្រោះអាចបណ្ដាលឱ្យស្ថានភាពសុខភាពកាន់តែដុនដាប ក្នុងប្រការណាមួយ។
ជារួមមកវិញ ក្បួនទាំង៥ខាងលើ តម្រូវឱ្យអ្នកត្រូវតែតស៊ូអនុវត្តន៍ ពី១ថ្ងៃទៅ១ថ្ងៃ និងជាប្រចាំកុំក្បត់ការសន្យារបស់ខ្លួន នោះទើបទទួលបានសមិទ្ធផល។ ជាការលើកទឹកចិត្តបន្ថែមសូមកុំទាន់បាក់ទឹកចិត្ត បើគ្រាន់តែអ្នកសម្រកត្រឹម១សប្តាហ៍មិនទាន់បានផល ព្រោះថាអ្នកសម្រកទម្ងន់នេះត្រូវឱ្យមានការអត់ធ្មត់ និងតាំងចិត្តខ្ពស់ សាកល្បងធ្វើឱ្យទៀងទាត់ក្នុងរយៈពេលចន្លោះពី១ខែទៅ២ខែ នោះអ្នកនឹងដឹងថា ប្រសិទ្ធភាពរបស់ក្បួននេះ ល្អឬអត់៕