ផ្លែឈើគឺជាអាហារដែលផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ខណៈមនុស្សមួយចំនួនមានទម្លាប់ទទួលទានផ្លែឈើក្រោយអាហារពេលល្ងាច ឬជិតចូលគេង។ ទោះជាយ៉ាងណាក៏ដោយ មិនមែនផ្លែឈើទាំងអស់សុទ្ធតែស័ក្តិសមសម្រាប់ញាំមុនពេលចូលគេងនោះទេ។តួយ៉ាងមានផ្លែឈើចំនួន៤ គឺជាផ្លែឈើដែលសម្បូរទៅដោយប៉ូតាស្យូម និងមេឡាតូនីន បានដើរតួនាទីជួយសម្រួលសាច់ដុំ ជំរុញឱ្យគេងលក់កាន់តែលឿនស្ងប់ ពេលក្រោកឡើងគឺពោរពេញទៅដោយថាមពល។ ដោយផ្អែកលើប្រភពវែបសាយ Vnexpress ផ្លែឈើទាំងនោះរួមមាន៖
១. ផ្លែ Cherry៖ ត្រូវបានគេស្គាល់ជាយូរមកហើយថាជាផ្លែឈើសម្រាប់ជំនួយដល់ការគេង។ យោងតាមលោកវេជ្ជបណ្ឌិត Amy Shapiro នៃ Real Nutrition ផ្លែ Cherry បានជួយសម្រួលដល់ការគេងមិនលក់ ព្រោះតែវាផ្ទុកសារធាតុចិញ្ចឹមដូចជាប៉ូតាស្យូម និងអរម៉ូនមេឡាតូនីន ដែលសារធាតុទាំង២នេះបានជួយសម្រួលសាច់ដុំ និងលើកកម្ពស់ការគេងកាន់តែមានប្រសិទ្ធភាព។
២. ផ្លែម្នាស់៖ ការសិក្សាបានបង្ហាញថាផ្លែម្នាស់បានដើរតួនាទីជួយបង្កើនអរម៉ូនដែលជំរុញការគេងក្នុងរាងកាយយ៉ាងខ្លាំង នេះក៏ព្រោះតែម្នាស់មានផ្ទុកសារធាតុមេឡាតូនីនច្រើនជាងផ្លែ Cherry ទៅទៀត។ ម្នាស់ក៏ជួយដល់ការរំលាយអាហារ ការពារការឈឺក្រពះនៅពេលយប់ អត្ថប្រយោជន៍ទាំងនេះភាគច្រើនបានមកពី Bromelain ដែលជាអង់ស៊ីមដ៏សំខាន់ដែលជួយក្នុងការព្យាបាលការទល់លាមក ជំងឺរំលាយអាហារ ជំងឺរលាកពោះវៀន និងជំងឺរលាកផ្សេងៗ។
៣. ចេក៖ ផ្លែឈើនេះសម្បូរទៅដោយសារធាតុប៉ូតាស្យូមដែលជួយបន្ធូរសាច់ដុំ។ ចេកមានផ្ទុកសារធាតុ serotonin ដែលជាបុព្វហេតុនៃសារធាតុ melatonin ដែលអាចជួយមនុស្សឱ្យគេងលក់ស្រួលជាងមុន។ អាស៊ីតអាមីណូ tryptophan នៅក្នុងផ្លែចេកក៏ជំរុញការផលិតមេឡាតូនីន គាំទ្រចង្វាក់ circadian និងគ្រប់គ្រងការសម្រាកនៃរាងកាយក្នុងអំឡុងពេលគេង។
៤. ផ្លែ Kiwi៖ គឺជាផ្លែឈើដ៏ស័ក្តិសមសម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់ញឹកញាប់។ ផ្លែ Kiwi គឺជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់រាងកាយ រួមមាន វីតាមីន K វីតាមីន C សារធាតុ folate ប៉ូតាស្យូម និងសារធាតុរ៉ែ ជួយឱ្យដំណើរការរំលាយអាហារកាន់តែមានប្រសិទ្ធភាព និងព្យបាលបញ្ហាចំពោះអ្នកដែលគេងមិនស្ងប់តែងតែដឹងកណ្ដាលយប់ជាដើម។
សរុបមកវិញដើម្បីទទួលបានប្រសិទ្ធភាពដ៏ពិតប្រាកដដើម្បីដោះស្រាយបញ្ហាមិនងាយគេង ឬក៏គេងមិនលក់យើងគួរតែទទួលទានផ្លែឈើទាំង៤មុខ ហើយឆ្លាស់គ្នាបរិភោគជារៀងរាល់ថ្ងៃមុនពេលចូលដំណេក ខណៈវិធីសាស្រ្ដមួយនេះមិនត្រឹមតែជួយកម្ចាស់បញ្ហាគេងមិនលក់តែប៉ុណ្ណោះទេ តែវាក៏បានផ្ដល់ប្រយោជន៍ចំពោះរាងកាយច្រើនយ៉ាងទៀតផងដែរ ៕
អត្ថបទដោយ៖ ស្រីណុច