ជាទូទៅមនុស្សភាគច្រើនតែងតែដឹងថា អាការនោមច្រើនមួយថ្ងៃៗចូលបន្ទប់ទឹករាប់ភ្លេច មកពីការផឹកទឹកច្រើនពេក។ មែនទែនទៅការនោមច្រើននេះមិនមែនសុទ្ធតែមកពីការផឹកទឹកច្រើននោះទេ តែអាចមកពីរោគសញ្ញាជំងឺដែលកំពុងតែកើតតែបងប្អូនមិនសូវចាប់អារម្មណ៍ទើបចេញជាអាការឈឺនោមបែបនេះមក។
យោងតាមការចុះផ្សាយរបស់គេហទំព័រ webmd បានឱ្យដឹងថាមនុស្សជាធម្មតាអាចនោមជាធម្យម៤ទៅ៨ដងនៅក្នុងមួយថ្ងៃតែបើអាការនោមញឹមញាប់ពេក វាអាចមានន័យថាបងប្អូនទាំងអស់គ្នាកំពុងតែកើតមានជំងឺនៅក្នុងខ្លួនហើយ ជំងឺដែលបានចេញជាអាការនោមញឹកបែបនេះមានដូចជា៖
១.ជំងឺទឹកនោមផ្អែម៖ ការកើតអាការនោមញឹកញាប់ជាមួយនឹងបរិមាណទឹកនោមច្រើនខុសធម្មតា គឺជារោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមប្រភេទទី១និង ប្រភេទទី ២ មូលហេតុនោមញឹកនេះគឺមកពី រាងកាយព្យាយាមកម្ចាត់ជាតិគ្លុយកូសដែលលើសនៅក្នុងឈាមដែលមិនបានប្រើតាមរយៈទឹកនោម។
២.ជំងឺក្រពេញប្រូស្តាត៖ កាលណាក្រពេញប្រូស្តាតរីកធំអាចគឺទៅបិទនឹងបំពង់បង្ហួរនោមរបស់បុរស ដែលធ្វើឱ្យវាទៅទប់ស្កាត់លំហូរទឹកនោមជាហេតុបណ្តាលឱ្យប្លោកនោមចាប់ផ្តើមកន្ត្រាក់ខ្លាំង ទោះបីជាវាមានបរិមាណទឹកនោមតិចតួចក៏ដោយ ដែលបណ្តាលឱ្យនោមញឹកញាប់មកដែរ។
៣.ស្រ្តីមានផ្ទៃពោះ៖ ចំពោះស្រ្តីដែលមានផ្ទៃពោះចាប់ពីសប្តាហ៍ដំបូងឡើងទៅនៃការមានផ្ទៃពោះ ស្បូនដែលកំពុងលូតលាស់របស់គាត់ដាក់សម្ពាធលើប្លោកនោម ដែលបណ្តាលឱ្យនោមញឹកញាប់។
៤.ប្រើថ្នាំ៖ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមថ្នាំទាំងនេះដែលប្រើដើម្បីព្យាបាលជំងឺលើសឈាម ឬបង្កើតសារធាតុរាវដំណើរការក្នុងតម្រងនោម និងបណ្តេញជាតិទឹកដែលលើសចេញពីរាងកាយ បណ្តាលឱ្យនោមញឹកញាប់។
៥.ជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺសរសៃប្រសាទ៖ ការខូចខាតដល់សរសៃប្រសាទដែលផ្គត់ផ្គង់ប្លោកនោមអាចនាំឱ្យមានបញ្ហាជាមួយនឹងមុខងារប្លោកនោម រួមទាំងការជម្រុញឱ្យនោមញឹកញាប់និងភ្លាមៗអាចមកពីកត្តាផ្សេងទៀតដូចជាការ រលាកទ្វារមាស ការរីករាលដាលនៃសរីរាង្គអាងត្រគាករបស់ស្ត្រីតាមរយៈទ្វារមាស ផឹកស្រា ឬជាតិកាហ្វេអ៊ីនច្រើនពេក។
៦.ជំងឺHypercalcemia ៖ ជំងឺនេះគឺមានន័យថាកម្រិតកាល់ស្យូមក្នុងឈាមរបស់អ្នកគឺលើសពីធម្មតា ក្រៅពីការនោមញឹកញាប់រោគសញ្ញានៃ hypercalcemia អាចរួមមានស្រេកទឹកខ្លាំងពេក ឈឺក្រពះ ក្អួតចង្អោរ ការទល់លាមក ឈឺឆ្អឹង សាច់ដុំ និងភាពទន់ខ្សោយ បញ្ហាខួរក្បាល (ភាពច្របូកច្របល់ អស់កម្លាំង និងធ្លាក់ទឹកចិត្ត) បញ្ហាបេះដូង (ចង្វាក់បេះដូងលោតញាប់) ។
ជាចុងក្រោយ ដោយឃើញថា អាការនោមញឹកអាចបង្កមកពីការមានកើតជំងឺច្រើន ដូច្នេះហើយប្រសិនបើបងប្អូន មានអាការនោមញឹមញាប់ខ្លាំងពេកឈឺខ្លួនឈឺខ្នង ឆ្អឹង សាច់ដុំមិនបាត់សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់និង កុំព្យាយាមផឹកទឹកច្រើនមុនពេលចូលគេង ព្រោះអាចធ្វើឱ្យយើងនោមញឹកអាចប៉ះពាល់ដល់ការគេងនិងបញ្ហាសុខភាពផ្សេងទៀត៕
អត្ថបទដោយ៖ ប៉ែត ធីតា