អ្នកចូលចិត្តញុំាអាហារបែបប្រៃៗត្រូវដឹង! ជាតិប្រៃ ឬសារធាតុសូដ្យូមខ្ពស់មិនត្រឹមតែលាក់ខ្លួនក្នុងអំបិល ឬទឹកត្រីប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអាហារកំប៉ុង អាហារត្រាំ និងអាហារផ្សេងៗទៀតក៏សម្បូរទៅដោយជាតិប្រៃច្រើនណាស់។ នៅពេលនិយាយអំពី អាហារដែលប៉ះពាល់ដល់សុខភាពតម្រងនោម មនុស្សជាច្រើនមានទំនោរផ្ដោតទៅលើតែការកាត់បន្ថយប្រើប្រាស់ប្រភេទទឹកត្រី និងអំបិលប៉ុណ្ណោះ ប៉ុន្តែមិនបានសម្គាល់លើពពួកអាហារផ្សេងៗទៀតឡើយ។ នេះបើយោងតាមប្រភព Paolohospital។
ភ្ជាប់ជាមួយចំណុចខាងលើ បើយោងតាមប្រភពដដែលបានបញ្ជាក់បន្ថែមថា ជាតិប្រៃលាក់មុខស្ថិតនៅក្នុងម្ហូបអាហារជាច្រើនមុខ និងមានរសជាតិចម្រុះរួមមាន៖
១. ចំពោះគ្រឿងទេស៖ ក្រៅពីអំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងបោះ ទឹកម្ទេស ក៏សម្បូរទៅដោយជាតិសូដ្យូមខ្ពស់ដូចគ្នា ដែលអ្នកគួរកាត់បន្ថយការប្រើប្រាស់។
២.អាហារកែច្នៃ៖ អាហារកែច្នៃដ៏ពេញនិយមដូចជា សាច់Ham សាច់ជ្រូកបីជាន់Bacon អាហារសម្រន់ ផ្លែឈើកំប៉ុង និងអាហារសម្រន់នានា ដែលអ្នកគួរកាត់បន្ថយការប្រើប្រាស់។
៣.សារធាតុបន្ថែមលើអាហារ៖ បើទោះបីជាសារធាតុបន្ថែមលើអាហារមិនមានរសជាតិប្រៃក៏ដោយ ប៉ុន្តែវាធ្វើឱ្យក្រលៀនឈឺចាប់ ដូចជា Baking Soda, សារធាតុរក្សាទុក, ឬសារធាតុប្រឆាំងផ្សិតក្នុងនំបុ័ង។
៤.អាហារពាក់កណ្ដាលសម្រេចដូចជា មីកញ្ចប់ ក៏ជាអាហារដែលងាយបង្កគ្រោះថ្នាក់ដល់សុខភាពតម្រងនោម ដែលអ្នកគួរតែកាត់បន្ថយការញុំា។
ជាធម្មតាមុខងាររបស់តម្រងនោម គឺមានតួនាទីជួយរក្សាតុល្យភាពជាតិសូដ្យូមនៅក្នុងរាងកាយ។ ប៉ុន្តែប្រសិនបើរាងកាយទទួលជាតិសូដ្យូមច្រើនពេករហូតដល់ក្រលៀនមិនអាចបញ្ចេញវាបានទាន់ពេលវេលា វានឹងបណ្ដាលឱ្យមានការប្រមូលផ្តុំជាតិសូដ្យូមខ្ពស់នៅក្នុងឈាម ជាលទ្ធផលរាងកាយរក្សាជាតិទឹកកាន់តែច្រើន។ ដូច្នេះទឹកនៅក្នុងសរសៃឈាមកើនឡើង។ តម្រងនោមត្រូវប្រឹងធ្វើការបញ្ចេញជាតិសូដ្យូម និងទឹកដែលលើស។ នៅក្នុងនោះអ្វីដែលកើតឡើងបន្ទាប់មកគឺ វាបណ្ដាលឱ្យមានការកើនឡើងសម្ពាធក្នុងតម្រងនោម ហើយនៅពេលដែលសម្ពាធកើនឡើង វានឹងធ្វើឱ្យមានសម្ពាធនៅក្នុង capillaries នៅក្នុងតម្រងនោម។ នៅពេលដែលសម្ពាធនៅតែបន្តកើនឡើង វានឹងបណ្ដាលឱ្យលេចឆ្លាយប្រូតេអ៊ីននៅក្នុងទឹកនោម ដែលនាំឱ្យខ្សោយតម្រងនោមកាន់តែលឿន៕