តម្រងនោមមិនមែន សរីរាង្គមិនចេះខូច តម្រងនោមមិនមែនមិនចេះរលាក តម្រងនោមក៏អាចកើតជាជំងឺក្រួសក្នុងតម្រងនោម និងបាត់បង់មុខងារច្រោះយកជាតិពុលក្នុងរាងកាយ។ តម្រងនោមមិនមែនដែកថែបទេ ប្រសិនបើអ្នកមិនចេះថែរក្សា ពេលដែលខូច តើអ្នកណាមកឈឺជំនួសអ្នក? សរីរាង្គមួយនេះឈឺម្ដងៗខាតពេលវេលាថែទាំ អស់ទាំងថវិកាមិនចេះតិចឡើយ។
ដូច្នេះចាប់ពីពេលនេះតទៅ ត្រូវយកចិត្តទុកដាក់ថែករក្សាការពារ ដូចជាគេង ញុំាអាហារប៉ូវតម្រងនោម ផឹកទឹកឱ្យបានគ្រប់គ្រាន់ ចៀសបានចៀសអាហារកែច្នៃ ប្រៃ ប្រើប្រាស់ថ្នាំគ្មានការណែនាំត្រឹមត្រូវ…។ ជាមួយគ្នានេះដែរ ក្រុមការងារចាបៃតង សូមលើកយកអាហារ៣ប្រភេទ ដែលមាននាទីជំនួយមុខងារតម្រងនោម ឱ្យសកម្ម ដែលអាចញុំាបានទាំងអ្នកកំពុងកើតជំងឺតម្រងនោម និងអ្នកចង់ការពារ។
អាហារខាងក្រោមនោះមានដូចជា៖
១. ផ្លែប៉ោម៖ ផ្លែឈើនេះត្រូវបានគេឱ្យឈ្មោះថា ជាស្ដេចផ្លែឈើ ដែលល្អសម្រាប់ជំនួយសុខភាពច្រើន ពោល គឺរួមទាំងសុខភាពតម្រងនោមដូចគ្នា។ ផ្លែប៉ោមសម្បូរដោយ វីតាមីនc សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃខ្ពស់ ជាជម្រើសល្អ សម្រាប់ជំនួយសុខភាពតម្រងនោម ។
២. ត្រីខ្លាញ់ល្អ៖ មានដូចជាត្រីសាលម៉ុន ធូណា សាឌីន…ជាដើមត្រីទាំងនេះមានផ្ទុកដោយអាស៊ីតខ្លាញ់អូមេហ្កា៣ កាល់ស្យូម ផូស្វ័រ ជាតិដែក ស័ង្កសី ជាតិដែក ម៉ាញ៉េស្យូម និងប៉ូតាស្យូម ល្អសម្រាប់ជួយទ្រទ្រង់មុខងារ តម្រងនោមឱ្យសកម្ម ជាងមុន។
៣.សណ្ដែក៖ សម្បូរដោយ ជាតិសរសៃ ប្រូតេអ៊ីន ជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម… មានផ្ទុកខ្លាញ់អាក្រក់ទាប ល្អសម្រាប់សុខភាពបេះដូង សម្ពាធឈាម និងសុខភាពតម្រងនោមផងដែរ។
គូសបញ្ជាក់ផងដែរថា រាល់អាហារដែលញុំាជាប្រចាំថ្ងៃប្រៀបដូចជាអាវុធមុខ២ ដែលអាចការពារ និងសម្លាប់ជីវិតអ្នកបាន ដូច្នេះមុនញុំាអាហារណាមួយគិតពីផលអាក្រក់ត្រឡប់មកវិញផង៕
អត្ថបទដោយ៖ ប៉ែត ធីតា