បច្ចុប្បន្នកូនក្រៅស្បូនកំពុងក្លាយជាជំងឺមួយដែលរាតត្បាតច្រើនទៅលើម៉ាក់ៗសម័យថ្មី។ កូនក្រៅស្បូន គឺជាជំងឺរោគស្រ្តីមួយដែលកើតឡើងដោយសារតែស៊ីកូតកាច់សំបុកនៅក្រៅប្រហោងស្បូន។ ជាពិសេសស្រ្តីចាប់ពី៣៥ឆ្នាំឡើងទៅដែលមានផ្ទៃពោះគឺប្រឈមមុខនឹងមានកូនក្រៅស្បូនភាគរយខ្ពស់។
ជាការពិតណាស់ យោងតាមការបកស្រាយឱ្យដឹងពី វេជ្ជបណ្ឌិត កែវ ច័ន្ទមុន្នី ឯកទេសសម្ភព និង រោគស្រ្តី មប្រើការនៅមន្ទីរពេទ្យ សម្ភព សោភា អ្នកគ្រូបានចែករំលែកថា ជំងឺកូនក្រៅស្បូន គឺជាជំងឺមួយដែលគ្មានវិធីការពារឡើយ មានន័យថា ជំងឺនេះអាចកើតឡើងទៅលើស្រ្តីគ្រប់នៅអំឡុងពេលដែលមានផ្ទៃពោះ។ ជាក់ស្តែងបើតាមការបញ្ជាក់ឱ្យដឹងពីគេហទំព័រ វិទ្យាស្ថានសុខភាពជាតិ(NIH) បានឱ្យដឹងថា នៅចក្រភពអង់គ្លេងជំងឺកូនក្រៅស្បូននេះបានកើតទៅលើស្រ្តីមានផ្ទៃពោះប្រមាណជាជាង ១ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ជាពិសេសគឺក្រុមស្រ្តីដែលមានផ្ទៃពោះនៅវ័យចាប់ពី៣៥ឆ្នាំឡើងទៅ។ តាមការស្រាវជ្រាវពីក្រុមអ្នកជំនាញបានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះនៅវ័យ៣៥ឆ្នាំឡើង មានហានិភ័យនៃការមានកូនក្រៅស្បូន ច្រើនជាង៥ដង បើប្រៀបនឹងស្រ្តីដែលមានផ្ទៃពោះនៅចន្លោះវ័យចាប់ពី២០ទៅ៣០ឆ្នាំ។
ដូច្នេះដើម្បីសម្គាល់ និងការពារកូនក្រៅស្បូនកុំឱ្យបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំង ស្រ្តីវ័យចាប់ពី៣៥ឆ្នាំឡើង បើមានផ្ទៃពោះចាប់ពី៤សប្តាហ៍ឡើងទៅ ហើយមានអាការឬរោគសញ្ញាដូចខាងក្រោមត្រូវប្រញាប់ទៅជួបគ្រូពេទ្យពិនិត្យកូនជាបន្ទាន់៖
១. ឈឺក្នុងពោះ ចុកឆ្អល់នៅផ្នែកខាងឆ្វេងឬខាងស្តាំ
២. មានហូរឈាមតាមទ្វារមាសឬហូរទឹករំអិលពណ៌ត្នោត
៣. ឈឺស្មារ ចុកក
៤. មានការឈឺចាប់នៅត្រង់ទ្វារមាសពេលបត់ជើងតូច
៥. មិនឃ្លានអាហារ ក្អួតចង្អោរខ្លាំង(អាការស្រដៀងនឹងការចាញ់កូន)
៦. ឈឺសដុន់ ក្រៅខ្លួនខ្លាំង...។
កត្តាសំខាន់ៗដែលបង្កឱ្យស្រ្តីមានកូនក្រៅស្បូនគឺមកពី ការរលាកអាងត្រគាក បំពង់ ដៃស្បូនរបស់ស្រ្តីមានការកៀបទើបធ្វើឱ្យកូនមិនអាចរំកិលចុះមកកាន់ប្រហោងស្បូនបាន ស្រ្តីផឹកស្រា ជក់បារី ហើយកត្តាសំខាន់មួយទៀតគឺមកពីស្រ្តីយកកូននៅវ័យចាស់ពេក។
បន្ថែមពីលើនេះទៀត ត្បិតជំងឺកូនក្រៅស្បូនមិនមានវិធីក្នុងការការពារ ប៉ុន្តែស្រ្តីគ្រប់រូបមុននឹងសម្រេចចិត្តយកកូនត្រូវតាមដានសុខភាពស្បូនរបស់ខ្លួនឯងជាមួយគ្រូពេទ្យជំនាញយ៉ាងហោចណាស់៣ទៅ៦ខែសិន ដើម្បីដឹងពីចំណុចខ្សោយរបស់ស្បូន ផ្លាស់ប្តូររបបអាហារ ហាត់ប្រាណ ពង្រឹងស្បូនឱ្យរឹងមាំ ចាំយកកូនទើបមិនប្រឈមមុខជាមួយកូនក្រៅស្បូន។
គូសបញ្ជាក់ផងដែរថា ជំងឺកូនក្រៅស្បូននេះ បើកើតទៅលើស្រ្តីណាម្នាក់ហើយគឺវាអាចកើតម្តងហើយម្តងទៀត។ មានន័យថា បើការមានកូនលើសទី១ស្រ្តីមានកូនក្រៅស្បូន លើកទី២ក៏អាចមានកូនក្រៅស្បួនដែរ ពីព្រោះស្បូនរបស់ស្រ្តីនិងកាន់តែចុះខ្សោយខ្លាំងទៅៗ។ ដូច្នេះស្រ្តីគ្រប់រូបត្រូវស្រឡាញ់ស្បូន យកចិត្តទុកដាក់ថែទាំសុខភាពស្បូន បើអាចគួរយកកូនឱ្យហើយមុនវ័យ៣៥ឆ្នាំជាការល្អបំផុត៕
អត្ថបទដោយ៖ មឿន គន្ធា