បញ្ហាជាំមុខគឺជាបញ្ហាមួយដែលពិបាកក្នុងការព្យាបាលជាបញ្ហាមុន និងផ្សេងៗ។ ពីព្រោះការជាំមុខគឺវាកើតឡើងពីស្បែកមុខរបស់យើងទៅប៉ះជាមួយកម្តៅថ្ងៃខ្លាំងពេក ជាហេតុធ្វើឱ្យស្បែកផលិតជាតិមេឡានីនលើសកម្រិត បង្កទៅជាជាំនៅលើស្បែក ជាពិសេសគឺស្បែកមុខតែម្តង។ មួយវិញទៀត គឺបញ្ហាជាំកើតច្រើនទៅលើ មនុស្សស្រី ពីព្រោះជាភេទដែលមានការប្រែប្រួលអរម៉ូនខ្លាំង។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត ព្រហ្ម ផានិត ស្ថាបនិកគ្លីនិកសើស្បែកណង់ស៊ី បានឱ្យដឹងថា ស្រ្តីដែលមានវ័យចាប់ពី២០ឆ្នាំដល់៥០ឆ្នាំគឺប្រឈមមុខទៅនឹងបញ្ហាជាំមុខបំផុតប្រសិនជាមិនបានយកចិត្តទុកដាក់ក្នុងការការពារស្បែក។ ពីព្រោះក្នុងចន្លោះវ័យនេះជាវ័យដែលអរម៉ូនស្រ្តីមានការប្រែប្រួលឡើងចុះខ្លាំង ជាហេតុបណ្តាលឱ្យស្បែកមុខស្រ្តីងាយនឹងផលិតជាតិមេឡានីនលើសកម្រិត ហើយបង្កទៅជាការកកស្ទះកើតទៅជាំផ្ទាំងៗនៅលើស្បែក។
យ៉ាងណាមិញស្រ្តីដែលមានវ័យចាប់ពី២០ឆ្នាំដល់៥០ឆ្នាំ ដើម្បីចៀសវាងបញ្ហាជាំមុខ និងការពារស្បែកមុខឱ្យរឹងមាំ គួរអនុវត្តក្បួនខាងក្រោម៖
១. លាបឡេការពារកម្តៅថ្ងៃ ៣ម៉ោងម្តង/ថ្ងៃ
២. ចៀសវាងការប៉ះពាល់ជាមួយកម្តៅថ្ងៃខ្លាំង ដោយការពារតាមការពាក់មួកឬម៉ាសឱ្យជិតៗ សម្លៀកបំពាក់វែងៗជាដើម
៣. ញ៉ាំអាហាររក្សាតុល្យភាពអរម៉ូន និងជាតិមេឡានីនដូចជា៖
· ក្រូចឆ្មារទឹកឃ្មុំ៖ ការទទួលទានទឹកក្រូចឆ្មារមួយកែវតូចជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ គឺវាជួយបណ្តេញជាតិពុលចេញពីរាងកាយ មិនតែប៉ុណ្ណោះជួយ ប្រឆាំងអុកស៊ីតកម្ម និងផ្តល់វីតាមីន C ផលិតខូឡាជែនដល់ស្បែក។ ជាពិសេសទៅទៀតនោះ សារធាតុសម្បូរបែបក្នុងទឹកឃ្មុំ និងអាស៊ីតក្នុងក្រូចឆ្មារ ដើរតួជាភ្នាក់ងារ bleaching ជួយក្នុងការលុបបំបាត់ស្នាមខ្មៅលើស្បែក ជាពិសេសលើមុខបានយ៉ាងមានប្រសិទ្ធភាព។
· ទឹកប្រទាលកន្ទុយក្រពើ៖ ទឹក Aloe Vera ឬប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន A, B, C និង E ល្អសម្រាប់ស្បែក និងសុខភាព។ លើសពីនេះ aloe vera មានផ្ទុកអាស៊ីតអាមីណូធម្មជាតិ ៩០% សម្បូរទៅដោយសារធាតុចិញ្ចឹមស្បែក។ ការប្រើប្រាស់ aloe vera ប្រចាំថ្ងៃតាមរយៈការផឹក លាប ឬធ្វើជាម៉ាស់ គឺជួយក្នុងការបំបាត់ស្នាមអុជខ្មៅ និងជួយកាត់បន្ថយសារធាតុពណ៌នៅលើស្បែកផងដែរ។
· ផ្លែល្ហុង៖ ល្ហុងទុំ សម្បូរទៅដោយសារអាតុ អង់ស៊ីម និងសារធាតុរ៉ែ ការទទួលទានផ្លែល្ហុងទុំរាល់ថ្ងៃ ជួយធ្វើឱ្យបំបាត់ស្នាមខ្មៅលើស្បែក ជួយឱ្យស្បែកភ្លឺរលោងតាមបែបធម្មជាតិផងដែរ។ យកផ្លែល្ហុង មកលាយជាមួយទឹកឃ្មុំ រួចលាបលើមុខ ទុកចោល ២០នាទី រួចលាងទឹកចេញ លាបបែបនេះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានភាពភ្លឺថ្លា ម៉ដ្ឋរលោង។
· ដំឡូងបារាំងស្រស់៖ ទឹកដំឡូងបារាំងស្រស់ ត្រូវបានគេដឹងថា វាមានសារធាតុកម្ចាត់ស្នាមអុជខ្មៅ គេណែនាំឱ្យច្របាច់ដំឡូងឆៅមួយចំណិត លាយជាមួយទឹកក្រូចឆ្មារ ឬទឹកដោះគោជូរ លាបលើមុខដើម្បីផ្តល់វីតាមីន C ប៉ូតាស្យូម ជួយក្នុងការបំបាត់ស្នាមអុជខ្មៅ និងការធ្វើឱ្យស្បែកស។
· តែបៃតង៖ ពិសាតែក្តៅមួយពែង អ្នកអាចផ្តល់ឱ្យស្បែកអ្នកភ្លឺថ្លា ពីព្រោះតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា catechins។ គេណែនាំឱ្យយកតែបៃតងលាយជាមួយទឹកឃ្មុំ និងស្ករ លាបជាម៉ាស ឬស្ក្រាប់មុខ នឹងទទួលបានស្បែកភ្លឺថ្លាបែបធម្មជាតិ និងផ្តល់សំណើមដល់ស្បែកផងដែរ។
· ទឹកដោះគោជូរ៖ ការទទួលទានទឹកដោះគោជូរអាចជួយកម្ចាត់កោសិកាដែលងាប់នៅលើស្បែក អាស៊ីតឡាក់ទិកដែលមានក្នុងទឹកដោះគោជូរ ជួយកម្ចាត់ស្បែកងាប់ និងកម្ចាត់ស្នាមខ្មៅនៅលើមុខ។
· ប៉េងប៉ោះ៖ ប៉េងប៉ោះប្រភេទបន្លែនិងផ្លែឈើដែលជួយសម្រស់ទ្វេដង ការទទួលទានប៉េងប៉ោះជួយផ្តល់វីតាមីន C ដល់ស្បែក និងព្យាបាលស្នាមខ្មៅនៅលើស្បែកផងដែរ។ ចំពោះអ្នកដែលកំពុងមានមុខស្នាមអុជខ្មៅ ឬជាំ អាចចិតផ្លែប៉េងប៉ោះជាចំណិតស្តើងៗរួចយកទៅបិទនៅត្រង់ស្នាមខ្មៅទាំងនោះទុកចោល ១៥នាទី រួចលាងទឹកចេញអាចជួយឱ្យស្នាមអុជខ្មៅទាំងនោះបាត់បន្តិចម្តងៗ។
គូសបញ្ជាក់ផងដែរថា ស្នាមជាំជាបញ្ហាស្បែកមុខមួយប្រភេទប្រសិនជាកើតនៅលើស្បែកហើយ ពិបាកក្នុងការព្យាបាលឱ្យជាបាត់ទៅវិញណាស់។ ដូច្នេះស្រ្តីគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុងការការពារ និងថែទាំស្បែកឱ្យបានត្រឹមត្រូវ៕
អត្ថបទដោយ៖ មឿន គន្ធា