ជឿថាឪពុកម្តាយគ្រប់គ្នា នរណាក៏ចង់ឱ្យកូនខ្លួនឯងកើតមកសុខភាពល្អ រឹងមាំ គ្មានជំងឺ ហើយគ្រប់គីឡូល្អដែរ។ ទារកម្នាក់ដែលមានគ្រប់បរិបូណ៌ទាំង សុខភាព រាងកាយល្អរឹងមាំ គឺអាស្រ័យលើឪពុកម្តាយ សុខភាពល្អ ញ៉ាំរបបអាហារល្អ ហើយចំណុចពិសេសមួយទៀតគឺការពិនិត្យសុខភាពម្តាយនិងឪពុក។
ជាការពិតណាស់ យោងតាមសម្ភាសន៍ផ្ទាល់ជាមួយ វេជ្ជបណ្ឌិត កែវ ច័ន្ទមុន្នី ឯកទេសសម្ភព និង រោគស្រ្តី មប្រើការនៅមន្ទីរពេទ្យ សម្ភព សោភា អ្នកគ្រូបានចែករំលែកថា គូស្វាមីភរិយាដែលមានគម្រោងចង់យកកូនដាច់ខាតត្រូវតែពិនិត្យសុខភាព។ កាលណាគូស្វាមីភរិយាបានត្រៀមសុខភាពល្អតាំង២នាក់ ហើយរួមភេទចំថ្ងៃមេជីវិតបែក គឺធ្វើឱ្យអត្រាមានកូនខ្ពស់ ហើយកូនដែលមាននោះគឺសុខភាពរឹងមាំ លូតលាស់បានល្អ គ្មានជំងឺ កើតមកគ្រប់លក្ខណៈល្អ។
អត្រានៃការជោគជ័យក្នុងការមានផ្ទៃពោះ ១ ខែៗ ប្រែប្រួលតាមសុខភាពស្រ្តីម្នាក់ៗ។ ការស្គាល់ច្បាស់ពីវដ្តរដូវរបស់ខ្លួនពិតជាមានសារៈសំខាន់ណាស់។ ស្រ្តីជាធម្មតាមានវដ្តរដូវមិនដូចគ្នាទេ អ្នកខ្លះ២៨ថ្ងៃមករដូវម្តង អ្នកខ្លះ៣០ថ្ងៃ អ្នកខ្លះ៣២ថ្ងៃ ទៅតាមសុខភាពជាក់ស្តែង។ ធម្មតាថ្ងៃដែលមេជីវិតធ្លាក់គឺយក រយះពេលវដ្តរដូវ ដក ១៤ មិនមែនជាថ្ងៃទី ១៤ នៃរដូវដូចដែលបងប្អូនស្ត្រី ១ ចំនួនយល់នោះទេ។ ឧទាហរណ៍ បើសិន ស្ត្រីម្នាក់ ៣០ ថ្ងៃមករដូវម្តង ដូច្នេះថ្ងៃដែលមេជីវិតគាត់បែកគឺ ថ្ងៃ ទី ១៦ នៃរដូវ ហើយបើ ៣២ ថ្ងៃ មកម្តងថ្ងៃដែលមេជីវិតគាត់បែក គឺ ថ្ងៃ ទី ១៨ នៃរដូវ។ ដូច្នេះ ការរួមភេទអាចធ្វើឡើង ចាប់ពី ៥ ថ្ងៃមុន និង៥ ថ្ងៃក្រោយថ្ងៃដែលមេជីវិត បែក ។ មួយវិញទៀតប្រសិនជាវដ្តរដូវរបស់អ្នកមិនទៀងទាត់អ្នកអាចសង្កេតវដ្តរដូវឱ្យច្បាស់លាស់ចាប់ពី៣ខែទៅ៦ខែមុននឹងសម្រេចិត្តកំណត់ថ្ងៃរួមភេទយកកូន។
បន្ថែមពីលើនេះទៀត ក្រៅតែពីការរួមភេទត្រូវថ្ងៃ កត្តាអាយុជះឥទ្ធិពលសំខាន់លើអត្រានៃការមានកូន និងសុខភាពរបស់កូន
· បើស្រ្តីមានអាយុចន្លោះពី២០ឆ្នាំដល់៣៥ឆ្នាំ គាត់រួមភេទចំថ្ងៃដែលមេជីវិតបែកដូចដែលបានរៀបរាប់ខាងលើ គឺអត្រាក្នុងការមានកូនខ្ពស់មានរហូតដល់ ២០% ទៅ៣០% ហើយកូននោះមិនសូវប្រឈមនឹងជំងឺ និងកូនភាគច្រើនមានសុខភាពល្អ រឹងមាំ។
· បើស្រ្តីមានអាយុចន្លោះ៣៦ឆ្នាំដល់៣៩ឆ្នាំ គាត់រួមភេទចំថ្ងៃដែលមេជីវិតបែកដូចដែលបានរៀបរាប់ខាងលើ គឺអត្រាក្នុងការមានកូនចុះទាមគឺត្រឹមតែ ៨% ទៅ១៥% ប៉ុន្តែត្រូវតាមដានសុខភាពកូនឱ្យបានដឹតដល់ព្រោះអាចប្រឈមនឹងជំងឺច្រើន។
· បើស្រ្តីមានអាយុចន្លោះ៤០ឆ្នាំដល់៤២ឆ្នាំ អត្រាមានកូនថយចុះខ្លាំងត្រឹមតែ៥%ប៉ុណ្ណោះ។
· បើស្រ្តីអាយុចាប់ពី៤៣ឆ្នាំឡើងទៅ អត្រាមានកូនគឺមានតែ១%ប៉ុណ្ណោះ ហើយកូនដែលកើតមកគឺប្រឈមជាមួយជំងឺច្រើន សុខភាពខ្សោយ។
ចំណុចសំខាន់មួយទៀត សម្រាប់គូស្វាមីភរិយាដែលមានគម្រោងចង់មានកូនត្រូវតែធ្វើមិនអាចខ្វះបានគឺការពិនិត្យសុខភាព។ ស្រ្តីដែលត្រូវជាម្តាយត្រូវពិនិត្យទៅលើ សុដន់ មាត់ស្បូន ទំហំស្បូន ពិសេសគឺពិនិត្យឈាម មើលទៅលើមេរោគថ្លើមB,C មេរោគអេដស៍...ជាដើម។ មួយវិញទៀត ចំពោះឪម្តាយដែលមានទម្លាប់ញ៉ាំអាហារចំប៉ន វីតាមីន ខូឡាជែន ថ្នាំសម្រកជាប្រចាំ គឺត្រូវបញ្ឈប់មុនពេលរួមភេទយកកូនរយៈពេលចាប់ពី៣ទៅ៦ខែ។ ដោយឡែកស្រា និងបារី ត្រូវតែផ្តាច់ ដើម្បីត្រៀមខ្លួនទទួលកូនមកចាប់កំណើត ហើយធ្វើឱ្យកូនមានសុខភាពល្អ និងរឹងមាំ។
សរុបជារួមមកវិញ ការដាក់ផែនការគ្រួសារ គំលាតពីកូន១ ទៅ កូន ១ ពិតជាសំខាន់ណាស់។ ស្វាមីភរិយា ត្រូវតែ មានសុខភាពល្អ និងរឹងមាំ ដើម្បីអោយកូនដែលកើតមក មានសុខភាពល្អពេញបរិបូណ៍។ ការពិនិត្យសុខភាពនិងពិគ្រោះមុនយកកូន ជាមួយគ្រូពេទ្យឯកទេស សម្ភព ការទទួលថ្នាំយកទៅពិសារមុនយកកូន ជាពិសេស folic acid ដែលជាថ្នាំជួយការលូតលាស់ប្រព័ន្ធប្រសាទរបស់កូន ពិតជាចាំបាច់ណាស់ចឱពោះគ្រួសារសម័យថ្មី។
ត្រូវចាំថា កូនដែលមានសុខភាពល្អ រឹងមាំ គឺជាកូនដែលកើតចេញពីឪពុកម្តាយដែលមានសុខភាពល្អរឹងមាំដូចគ្នា។ ដូច្នេះទាំងស្រ្តីនិងបុរស បើសម្រេចចិត្តថាចង់យកកូន ចង់ក្លាយជាឪពុកម្តាយរបស់គេ គឺត្រូវរៀបចំគម្រោងត្រូវគិតគូរសំខាន់ទៅលើ សុខភាពខ្លួនឯងដែលត្រូវធ្វើជាម្តាយឪពុក ត្រូវត្រួតពិនិត្យ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសសម្ភពនៅ មន្ទីរពេទ្យសម្ភព សោភា តាមរយៈលេខទូរស័ព្ទ 023 231 080 / 061 800 033៕
អត្ថបទដោយ៖ មឿន គន្ធា