ជំងឺ
វេជ្ជ. ប៉ែន ចំណាប់ ប្រាប់ពីមូលហេតុដែលត្រូវមកព្យាបាលនៅពេទ្យ ក្រោយពេលជួបបញ្ហាគ្រោះថ្នាក់ធ្វើឱ្យបាក់/ប្រេះឆ្អឹង
Pheakdey Pao
May 12 2022
1.1 K views

ថ្ងៃនេះចាបបៃតងនឹងឱ្យទាំងអស់គ្នាស្គាល់ពីលោកវេជ្ជបណ្ឌិត ប៉ែន ចំណាប់ គ្រូពេទ្យឯកទេសវះកាត់បាក់បែកឆ្អឹង និងសន្លាក់ (ត្រគាក ជង្គង់ ) ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេស នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ហៅ សាលាក្រហម) និងបានជាប់អាហាររូបករណ៍សិក្សាបន្តនៅប្រទេសបារាំង ក្នុងទីក្រុង Strasbourg នឹងមកចែករំលែកពីការព្យាបាលឆ្អឹងឱ្យបានត្រឹមត្រូវតាមបច្ចេកទេស បើកបង្ហាញការយល់ខុសរបស់ពលរដ្ឋយើងមួយចំនួន។

នៅក្នុងប្រធានបទនៃការរងគ្រោះថ្នាក់ធ្វើឱ្យបាក់បែក ឬប្រេះឆ្អឹងនេះ លោកវេជ្ជបណ្ឌិត ប៉ែន ចំណាប់ ដែលសព្វថ្ងៃនេះលោកបានបម្រើការ ជាវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យ ព្រះអង្គឌួង មានបទពិសោធន៍ ក្នុងការវះកាត់ បាក់បែកឆ្អឹង សន្លាក់ រយៈពេលជិត ៦ឆ្នាំបានចែករំលែកមកកាន់ក្រុមការងារចាបបៃតងឱ្យដឹងថា ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ទៅលើអវៈយវៈ ដូចជាដៃ ឬជើង ដែលបង្កចេញជាបញ្ហាដូចជា​បាក់ឆ្អឹង ឬក៏ប្រេះ ភាគច្រើនបងប្អូនប្រជាជនកម្ពុជាមួយចំនួនគាត់តែងតែមានគំនិតថា កាលណាបើគ្រោះថ្នាក់បាក់ឆ្អឹង គាត់ត្រូវទៅរកគ្រូខ្មែរ ដើម្បីឱ្យគេរុំ ស្អំពន្លី ផ្លុំស្តោះ ឬក៏អបឬស្សី។

ប៉ុន្តែការធ្វើទាំងអស់នេះ គឺមិនត្រឹមត្រូវទៅតាមក្បួនខ្នាតទេ ហើយថែមទាំងអាចធ្វើឱ្យមានផលវិបាកបន្ថែមនៅតំបន់ដែលមានបញ្ហាប្រេះឆ្អឹង ខណៈពេលដែលការព្យាបាលទៅតាមក្បួនវេជ្ជសាស្រ្តពេទ្យ ត្រូវដឹងពីបញ្ហាគ្រប់ជ្រុងជ្រោយរបស់អ្នកជំងឺថា តើក្នុងករណីប្រេះឆ្អឹងកម្រិតណាដែលតម្រូវឱ្យអ្នកជំងឺមិនទាមទារវះកាត់ ឬអាចអបបាន ឬក៏ពាក់រណបអ្វីបន្ថែម។ ម្យ៉ាងទៀត ក្នុងស្ថានភាពតម្រូវឱ្យមានការវះកាត់ ចំពោះករណីដែលអ្នកជំងឺស្ថិតក្នុងបញ្ហាប្រេះឆ្អឹងចូលទៅក្នុងកម្រិតមួយ ដែលការវះកាត់នេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគាត់។

លោកវេជ្ជបណ្ឌិត ប៉ែន ចំណាប់ បានពន្យល់ឱ្យដឹងទៀតថា បញ្ហាគ្រោះថា្នក់ដែលអ្នកជំងឺជួបប្រទះនឹងអាចមានបញ្ហាផ្សេងៗគ្នា។ ជាឧទាហរណ៍ដូចជា គ្រោះថ្នាក់ត្រូវដៃខ្លាំង ទម្រង់ដៃអាចនឹងមានស្ថានភាពវៀចខុសពីធម្មតា មានអាការឈឺចាប់ខ្លាំង មានហើម ពេលខ្លះមានខ្ទាំឈាម...ជាដើម។ ដោយនេះគឺ តម្រូវឱ្យអ្នកជំងឺទៅជួបជាមួយគ្រូពេទ្យឯកទេសផ្នែកវះកាត់បាក់បែកឆ្អឹង និងសន្លាក់ ជាចាំបាច់ ដើម្បីពិគ្រោះពិភាក្សា និងទទួលយកការព្យាបាលឱ្យសមស្របទៅនឹងបញ្ហាឆ្អឹង។

ចំពោះវិធីព្យាបាលតាមបែបវេជ្ជសាស្ត្រ ជាបឋមក្រុមគ្រូពេទ្យអាចសួរនាំអ្នកជំងឺអំពីរោគអាការក្នុងខ្លួន មូលហេតុដែលធ្វើឱ្យបាក់បែកឆ្អឹងថា តើរបួសត្រូវនឹងអ្វី រងគ្រោះថ្នាក់ដោយរបៀបណា បន្ទាប់មកទើបគ្រូពេទ្យធ្វើការសង្ស័យស្ថានភាពជំងឺ និងនាំទៅថតមើលសភាពឆ្អឹងឱ្យដឹងពីបញ្ហាជាក់លាក់។ ការថតមើលឆ្អឹងនេះផងដែរ គឺវាមានអត្ថប្រយោជន៍ក្នុងការវាយតម្លៃថា អ្នកជំងឺពិតជាបាក់ឆ្អឹងមែនឬទេ ឬមិនបាក់ឆ្អឹងទេ​។

ក្នុងករណីអ្នកជំងឺមិនបាក់ឆ្អឹង ដោយសារប៉ះនៅលើកន្លែងតំបន់កន្លាក់ ឧទាហរណ៍ដូចជា កែងដៃ ឬកដៃ ជាហេតុធ្វើឱ្យឆ្អឹងមានសភាពធម្មតាមិនបាក់ ដោយយើងអាចនិយាយជាស្ថានភាព គ្រេចនៅសន្លាក់។ ដោយឡែក ប្រសិនបើយើងថតទៅឃើញមានបាក់ឆ្អឹងនៅតំបន់ណាមួយ ប៉ុន្តែការបាក់នោះ មិនមានឃ្លាតឆ្អឹងទៅណាឆ្ងាយ ឬឆ្អឹងបាក់មិនមានលក្ខណៈឃ្លាតចេញពីគ្នា នេះគឺជាស្ថានភាពឆ្អឹងបញ្ហាដែលប្រជាជនកម្ពុជាចូលចិត្តប្រើនិយមន័យថា ប្រេះឆ្អឹង។

ជាមួយនឹងការប្រេះឆ្អឹងនេះទៀតសោត ចំពោះអ្នកជំងឺប៉ះពាល់ចូលទៅដល់ផ្ទៃសន្លាក់ ការវះកាត់គឺជាជម្រើសដែលល្អបំផុត ពីព្រោះថា ការដែលប៉ះទៅដល់ផ្ទៃសន្លាក់ នៅពេលវះកាត់ក្រុមគ្រូពេទ្យនឹងរៀបចំផ្ទៃសន្លាក់ឱ្យបានដូចដើមវិញ ដើម្បីបញ្ចៀសបញ្ហាទៅថ្ងៃក្រោយដែលអ្នកជំងឺអាចងាយនឹងសឹកសន្លាក់ត្រង់កន្លែងធ្លាប់ប៉ះទង្គិច ឬក៏ឈឺចាប់ ឬក៏ពេលជាមកវិញ អ្នកជំងឺនឹងមានផលវិបាកនៅពេលធ្វើចលនា។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងដែរថាបងប្អូនប្រជាជនខ្មែរមួយចំនួនរមែងយល់ច្រលំថា ទៅឱ្យគ្រូខ្មែរអបទៅនឹងជាសះស្បើយ តែតាមពិតទៅឆ្អឹងរបស់យើង គឺមានការវិវត្តដុះឆ្អឹងមកវិញតាមលក្ខណៈជាធម្មជាតិទេ មិនទាក់ទងទៅនឹងការអបគ្រូខ្មែរស្តោះពីលើ ឬក៏ស្អំពន្លីពីលើនោះឡើយ។ ហើយកាលណាបើឆ្អឹងនឹងបាក់ហើយយើងតម្រង់វាយ៉ាងមិច គឺវាជាប់អញ្ចឹង ប្រសិនបើតម្រង់ទាំងវៀច គឺជាប់ទាំងវៀច បើតម្រង់វាបានត្រង់ល្អ គឺនឹងជាជាប់បានល្អមកវិញ។

ចំណុចនេះផងដែរ គឺជាមូលហេតុធំដែលក្រុមគ្រូពេទ្យមានការប្រុងប្រយ័ត្នខ្ពស់ នាំអ្នកជំងឺទៅការថតមើលឆ្អឹងឱ្យគ្រប់ជ្រុងជ្រោយថា តើឆ្អឹងនឹងវាវៀចខ្លាំងទេ បើមិនវៀចទេ អបវាទៅនៅពេលជាវិញ គឺត្រង់បានល្អ តែបើទៅគ្រូខ្មែរ គឺមិនបានមើលឆ្អឹងអ្វីទេ គឺទាញយកៗ ឬអបពីលើ ដោយនេះទើបបានជាពេលខ្លះឆ្អឹងមានសភាពវៀចដែលនៅពេលជាមកវិញអវៈយវៈរបស់អ្នកជំងឺនឹងមានសភាពវៀចកោងខុសពីធម្មតា៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
#អាហារJanuary 15 2025
អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia