កុមារតូចៗ តែងតែមានការក្ដៅខ្លួនកើនឡើងខ្លាំង នារដូវធ្លាក់ខ្យល់ និងធ្លាក់ភ្លៀង។ បើផ្អែកតាម វេជ្ជបណ្ឌិត អៀង ហួរ ឯកទេសរោគកុមារ និងសង្គ្រោះបន្ទាន់ បទពិសោធន៍២០ឆ្នាំ និងជាប្រធានមន្ទីរព្យាបាលស្រ្តី និងកុមារដំរី បានចែករំលែកថា ការក្ដៅខ្លួនជាសញ្ញាប្រកាសអាសន្នដំបូងដែរចង់ប្រាប់ថា មានមេរោគចូលក្នុងខ្លួនរបស់កុមារ។ ដូច្នេះហើយ រាល់ពេលកូនមានការក្ដៅខ្លួន អាណាព្យាបាលគ្រប់រូប គួរតែនាំកូនទៅព្យាបាលឱ្យបានទាន់ ទៅតាមមូលហេតុនៃជំងឺ ចៀសវាងទុកឱ្យធ្ងន់ធ្ងរឬផ្សំថ្នាំផ្ដេសផ្ដាសឱ្យលាប អាចគ្រោះថ្នាក់ដល់សុខភាពកុមារបាន។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ជាទូទៅកម្ដៅបង្កើតឡើងដោយខ្លួនយើង ដើម្បីទប់ទល់នឹងមេរោគ។ ផលវិបាកនៃកម្ដៅ អាចនឹងធ្វើឱ្យក្មេងៗត្រជាក់ចុងដៃ ចុងជើង ស្វាយចុងដៃ ចុងជើង ព្រឺរងារ ញាក់ ឬពេលខ្លះអាចដល់ប្រកាច់បាន។
វេជ្ជបណ្ឌិត បានបន្តថាមូលហេតុនេះនៃអាការក្ដៅអាចផ្សេងៗគ្នា ប្រសិនបើមេរោគប៉ះពាល់ផ្លូវដង្ហើមអាចធ្វើឱ្យមានការរលាកផ្លូវដង្ហើម ឬសួត បើវាប៉ះពាល់ដល់ផ្លូវរំលាយអាហារ អាចបង្កទៅជាការរាករូស បើមេរោគប៉ះពាល់ដល់ស្រោមខួរក្បាល អាចនឹងធ្វើឱ្យរលាកស្រោមខួរក្បាលឬរលាកខួរក្បាលជាដើម។
ហេតុនេះហើយ ពេលកូនៗក្ដៅខ្លួនត្រូវយកទៅពេទ្យដើម្បីស្វែងរកមូលហេតុដើមរបស់វា មិនមែនរាល់ការក្ដៅខ្លួនទាំងអស់សុទ្ធតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែក៏អាស្រ័យទៅតាមមូលហេតុនេះជាក់ស្ដែងដូចរៀបរាប់ខាងលើដែរ។
ជាមួយគ្នានេះផងដែរ វេជ្ជបណ្ដិតក៏បានប្រាប់ឱ្យចាំណាំផងដែរថា ករណីបើកូនៗឬក្មេងៗមានការក្ដៅខ្លួន កម្ដៅត្រឹម៣៧ទៅក្រោម៣៧.៥អស្សាសេ ដោយគ្មានរកសញ្ញារួមផ្សំអ្វីទាំងអស់ នៅញ៉ាំបាន លេងបាន ស្រស់ស្រាយធម្មតា នោះអាណាព្យាបាលអាចព្យាបាលកូននៅផ្ទះដោយខ្លួនឯងបាន ប៉ុន្តែបើកូនៗមានកម្ដៅខ្លាំងលើសពី៣៨.៥អស្សាសេ ទៅរួមជាមួយរោគសញ្ញាក្អួត ញ៉ាំអាហារមិនបាន លែងមានសកម្មភាពលេង ហត់ ប្រកាច់ ឬសន្លប់ ចាប់ទុកថាជាការក្ដៅកម្រិតធ្ងន់គួរឆាប់នាំមករកគ្រូពេទ្យជំនាញជាបន្ទាន់។
ករណីកូនក្ដៅខ្លាំង ហើយនៅឆ្ងាយពីមន្ទីរពេទ្យ ដែលអាចជួយសង្រ្គោះកូនមុនយកមកជួបពេទ្យ វេជ្ជបណ្ឌិត អៀង ហួរ បានណែនាំថា៖
១ ដោះអាវកូនៗចេញឱ្យនៅខ្លួនទទេ ហើយយកកន្លែងជ្រលក់ទឹកមកគ្រប់ដណ្ដប់លើខ្លួនកូន ជាពិសេសតាមតំបន់ក្លៀក ក្រលៀន ក្បាល ដើម្បីកូនៗឆាប់ចុះកម្ដៅ។
២ ករណីក្ដៅខ្លាំងរហូតដល់ញាក់ លាយទឹកក្ដៅឧណ្ហៗ ឬអាចប្រើទែម៉ូម៉ែត្រវាស់កម្ដៅក្នុងទឹក និងកម្ដៅក្នុងខ្លួនរបស់កូន ធ្វើម៉េចឱ្យទឹកមានកម្ដៅទាបជាខ្លួនរបស់កូន១ដឺក្រេ ហើយចាំយកកន្លែងជ្រលក់ទឹកនោះមកដណ្ដប់ខ្លួនរបស់កូន ដើម្បីកាត់បន្ថយកុំឱ្យពួកគាត់ញាក់ខ្លាំងពេក។
៣ ប្រើថ្នាំប៉ារ៉ា ដើម្បីជួយបញ្ចុះកម្ដៅ។
គួរឱ្យដឹងផងដែរ វេជ្ជបណ្ឌិត អៀង ហួរ ជាវេជ្ជបណ្ឌិត ឯកទេសកុមារនិងសង្គ្រោះបន្ទាន់ បទពិសោធន៍ជាង២០ឆ្នាំ បម្រើការនៅមន្ទីរពេទ្យគន្ធបុប្ជា និងបច្ចុប្បន្នជាប្រធាន មន្ទីរព្យាបាលស្ត្រីនិងកុមារ ដំរី។ មន្ទីរមន្ទីរព្យាបាលស្ត្រីនិងកុមារ ដំរី មានឯកទេសកុមារ សម្ភព និងរោគស្រ្តី មានវេជ្ជបណ្ឌិតជំនាញច្បាស់លាស់ព្យាបាលតាមមជ្ឈដ្ឋានអន្តរជាតិ បង្កើតឡើងដើម្បីកុមារនឹងស្ត្រីមានសុខភាពល្អ។ ទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិតតាមរយៈ 023 90 22 79 / 092 377 000៕