ការគេងជួយរាងកាយស្តារឱ្យមានថាមពលឡើងវិញ និងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទពូកែចងចាំ ការរៀនសូត្រ និងធ្វើការមានប្រសិទ្ធភាពខ្ពស់។ ពេលយប់អ្នកគិតច្រើន អ្នកច្បាស់ជាគេងមិនលក់នោះទេ។ ការគេងមិនលក់បង្កើនភាពតានតឹង និងភាពអស់កម្លាំងអាចបង្កើនរ៉ាឌីកាល់សេរី នាំឱ្យខូចខាតដល់កោសិកាសរសៃប្រសាទ រារាំងចរន្តឈាមដំណើរការយឺត សូម្បីតែការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាលកាន់តែតិចផងដែរ។
តាមវេជ្ជបណ្ឌិត Michael Mosley ជាអ្នកចិត្តសាស្រ្តមានមធ្យោបាយមួយដែលងាយស្រួលបំផុតមួយដើម្បីជួយឱ្យរាងកាយរបស់អ្នកឆាប់ដេក កុំឱ្យខួរក្បាលគិតច្រើនពេលយប់នោះ សូមអ្នកផ្តោតអារម្មណ៍លើការដកដង្ហើមក្នុងខណៈពេលកំពុងដេកលើគ្រែ ហើយត្រូវប្រាកដថា អ្នកកំពុងតែដកដង្ហើមយឺតៗ និងជ្រៅៗ។ ព្រោះពេលអ្នកធ្វើបែបនេះ អារម្មណ៍គិតច្រើនដែលបណ្តាលមកពីអរម៉ូនដែលគេស្គាល់ថា Noradrenaline ឬជាសារធាតុគីមីក្នុងខួរក្បាលឱ្យអ្នកភ្ញាក់ពីគេង ក៏ធ្វើឱ្យស្ងប់អារម្មណ៍ទៅវិញ។ នេះជាបច្ចេកទេសដកដង្ហើមដ៏ល្អសម្រាប់លើកកម្ពស់ការគេងរបស់អ្នក។
តាមលោក N. Goenka ជាគ្រូធំផ្នែកវិបស្សនា ក៏បានចាត់ទុកវិធីមួយនេះ ជាវិធីធ្វើជាម្ចាស់លើអារម្មណ៍។ លោកគ្រូ N. Goenka បានផ្តល់ដំបូន្មានថា “ពេលអ្នកមានបញ្ហាអារម្មណ៍មិនស្ងប់ទេ អ្នកត្រូវតែដកពេលបួនដប់នាទីដើម្បីសម្រួលអារម្មណ៍ដោយការដកដង្ហើមឱ្យជ្រៅៗ ពេលនៅតែម្នាក់ឯង។ ការធ្វើបែបនេះ ជាការពិនិត្យអារម្មណ៍ ធ្វើឱ្យចិត្តស្ងប់លឿន។” នេះជាវិធីសាមញ្ញតែមានលទ្ធផលឱ្យអ្នកស្ងប់ចិត្តមុនចូលគេង។ ចូរដកឃ្លាពីការងារនៅម្នាក់ ឱ្យអារម្មណ៍ស្ងប់ ឱ្យចិត្តត្រជាក់ ពេលចិត្តរបស់អ្នកសម្រាកហើយ ការគេងក៏ឆាប់លក់ដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
