ព័ត៌មាន
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អង្គការ សុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជំងឺនេះក៏ បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាង ជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្តាញទំនាក់ទំនងសង្គម។ ជាមួយនេះក្រសួងបានត្រៀម វិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។

ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្តាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់ ៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។

ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola) ស៊ូដង់ (Sudan) តែហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយូ (Bundibugyo)។ បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា មួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានីភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។

របៀបចម្លង៖ ១.តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ ដោយសារជំងឺអេបូឡា ឬសម្ភារដែលមានផ្ទុកវីរុសអេបូឡា។
២. ជំងឺអេបូឡាអាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជា ពពួកអំបូរសត្វប្រចៀវ ជើង ឈ្លូស ប្រើស និងស្វាដែលរស់នៅក្នុងព្រៃក្រាស់ៗនៃទ្វីបអាហ្វ្រិក។

រោគសញ្ញា៖  ១. អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ រាក ក្អួត និងអាចមានការហូរឈាម។
២. រោគសញ្ញាចាប់ផ្តើមបង្ហាញក្នុងរយៈពេល ពី២ថ្ងៃ ដល់២១ថ្ងៃ ជាមធ្យម លេចចេញចន្លោះពី៨ថ្ងៃ ទៅ ១០ ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសអេបូឡា។

របៀបបង្ការ៖ ១.លាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់ ឬអាល់កុលលាងដៃ។
២. ប្រសិនបើអ្នករស់នៅឬធ្វើដំណើរទៅតំបន់ដែលមានការសង្ស័យឬមានជំងឺអេបូឡាត្រូវអនុវត្តវិធានការ ការពារខ្លួនឱ្យបានត្រឹមត្រូវ។

៣. ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយរបស់បុគ្គលដែលឆ្លងវីរុសអេបូឡា ឬអ្នកស្លាប់ដោយសារជំងឺនេះ ឬសម្ភារដែលមានវីរុសអេបូឡា។ សារធាតុរាវក្នុងរាងកាយ រួមមាន ឈាម ទឹកនោម លាមក ទឹកមាត់ ញើស កំអួត ទឹកដោះម្តាយ ទឹកភ្លោះ ទឹកកាម និងទឹករំអិលរបស់ មនុស្សដែលមានជំងឺអេបូឡា។

លើសពីនេះ សូមចៀសវាងការប៉ះពាល់ជាមួយ៖
+សម្លៀកបំពាក់ កម្រាលពូក ខ្នើយ ម្ជុល ឧបករណ៍វេជ្ជសាស្ត្រ ឬរបស់របរផ្សេងទៀតដែលអាច មានការប៉ះពាល់ឈាម ឬសារធាតុរាវរបស់មនុស្សដែលឆ្លងវីរុសអេបូឡា។
+សាកសពអ្នកសង្ស័យឬបញ្ជាក់ថាមានជំងឺអេបូឡា។
+ពពួកអំបូរសត្វប្រចៀវ ជើង ឈ្លូស ប្រើស ស្វា និងឈាម សាច់ឆៅ ឬ សារធាតុរាវរបស់សត្វ ទាំងនេះ។

៤.ប្រើឧបករណ៍ការពារខ្លួន (PPE)នៅពេលប៉ះពាល់ ឬថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានជំងឺអេបូឡា ឬស្លាប់ដោយសារជំងឺអេបូឡា ឈាម និងសារធាតុរាវក្នុងរាងកាយរបស់ពួកគេ ឬវត្ថុដែលប្រលាក់ដោយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់ពួកគេ។ 

៥. បន្ទាប់ពីត្រឡប់មកពីតំបន់ផ្ទុះជំងឺអេបូឡា សូមតាមដានសុខភាពខ្លួនឯងរយៈពេល ២១ ថ្ងៃ និង ស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើមានរោគសញ្ញានៃជំងឺអេបូឡា។
៦. ប្រសិនបើមានរោគសញ្ញាដូចជា អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ក្អួត រាក និងមានប្រវត្តិធ្វើដំណើរពី តំបន់ផ្ទុះជំងឺអេបូឡា (សាធារណរដ្ឋកុងហ្គោ អ៊ូហ្គង់ដា) សូមទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកជាបន្ទាន់ភ្លាមៗ។

៧. បុគ្គលិកសុខាភិបាល ត្រូវអនុវត្តវិធានការបង្ការការចម្លងរោគ និងការគ្រប់គ្រងការឆ្លងជំងឺយ៉ាង ម៉ឺងម៉ាត់គ្រប់ពេលវេលា។

១១៥

១១៦

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia