តាមការចែករំលែករបស់វេជ្ជបណ្ឌិត តាមពិតទៅជំងឺប្រព័ន្ធផ្លូវដង្ហើមកើតឡើងច្រើនរួចមកហើយលើប្រជាជនខ្មែរ តាំងពីមុនមានការរាតត្បាតជំងឺកូវីដ១៩មកម្ល៉េះ។ ជំងឺនេះរឹតតែមានការកើតឡើងយ៉ាងខ្លាំងបន្ថែម បន្ទាប់ពីរលកកូវីដ១៩ ចូលលុកលុយមក ហេតុនេះមនុស្សទាំងក្មេងចាស់ ប្រុសស្រី បានទទួលរងផលប៉ះពាល់សុខភាព ពិសេសប៉ះពាល់ដល់សរីរាង្គសួតយ៉ាងខ្លាំង។ ត្បិតជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងស្ថានភាពចម្លងបាន ប៉ុន្តែរឿងដែលបងប្អូន មិនគួររំលងគឺហានិភ័យនៃសំណល់សល់ពីកូវីដ១៩ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបានគ្រប់ពេលវេលា។
ផ្អែកតាមការចែករំលែក របស់វេជ្ជបណ្ឌិត ឆន សុធារី ជាវេជ្ជបណ្ឌិតឯកទេសសួតនិងផ្លូវដង្ហើម និងជាសហស្ថាបនិកគ្លីនិកឯកទេសសួត អ៊ែរ ផ្លឹស បានប្រាប់ឱ្យHealthy Cambodia ដឹងថា ជាការពិតមិនថាអ្នកជំងឺដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ ក្នុងកម្រិតស្រាលឬធ្ងន់ទេ សុទ្ធតែមានបន្សល់សំណល់។ គ្រាន់តែខុសគ្នា ការបែងចែកសំណល់នោះប៉ះពាល់សុខភាពដល់កម្រិតណា។ ប្រសិនករណីអ្នកជំងឺឆ្លងក្នុងកម្រិតស្រាល គាត់អាចនៅមានសំណល់ខ្លះៗ ដូចជាការអស់កម្លាំង ខ្សោយកម្លាំងជាងមុន មានឈឺសន្លាក់ ក្អកតិចតួច ជាដើម។
ក្នុងករណីអ្នកជំងឺឆ្លងកូវីដក្នុងកម្រិតធ្ងន់ ដល់ប្រើអុកស៊ីសែន ឬប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើម ផលលំបាកក្រោយសះស្បើយមានច្រើន អ្វីដែលបារម្ភបំផុតគឺផ្លូវដង្ហើមរបស់គាត់។ សួតរបស់ពួកគាត់ត្រូវបានវាយប្រហារ ពីទងសួតរហូតសព្វសាច់សួត ហេតុនេះសំណល់ដែលសល់អាចមានស្ពោធសួត ខ្សោយសួត រលាកសួត និងរលាកទងសួតរ៉ាំរ៉ៃ ក្រៅពីនោះក៏អាចមានជាបញ្ហាដល់បេះដូង ក្រលៀន ជាដើមសុទ្ធ។ សំណល់ខ្លះអាចសល់ក្នុងរយៈពេលខ្លី ខ្លះអាចវែង ឬខ្លះទៀតអាចសល់រហូតមួយជីវិត។
ចំពោះរោគសញ្ញាសម្គាល់ថាមានសំណល់ច្រើនឬតិច ក្នុងករណីសំណល់តិចតួចអ្នកជំងឺអាចមានការក្អក ឬស្លេស តិចតួច ក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺអាចកើតឡើងនៃការហត់ យូរៗរហូតដល់ត្រូវការអុកស៊ីសែនជំនួយ។ ដើម្បីបញ្ចៀសហានិភ័យសំណល់គ្រោះថ្នាក់ដល់ជីវិត ទាមទារឱ្យបងប្អូនដែលធ្លាប់បានឆ្លងកូវីដ១៩ត្រូវពិនិត្យតាមដានសុខភាពជាប្រចាំ ហោចណាស់៦ខែ ឬ១ឆ្នាំម្ដងក្នុងករណីស្រាល។ បើក្នុងករណីធ្ងន់ធ្ងរអាចតាមដានឱ្យបានញឹកញាប់ជាមួយគ្រូពេទ្យ ចៀសវាងការឈឺឬបង្កជំងឺកាន់ធ្ងន់ធ្ងររហូតដល់ពេទ្យជួយលេងបាន៕
អត្ថបទដោយ៖ Senghong