ជំងឺ
ស្រ្តីមិនគួររំលង! ក្រុមអាហារទាំងនេះគួរបរិភោគ ដើម្បីការពារជំងឺស្បូន និងមហារីកស្បូន
Mourn Kunthea
August 24 2022
449 views

ស្បូនជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយរបស់មនុស្សស្រីគ្រប់រូប ស្បូនងាយប្រឈមជំងឺកាចសាហាវជាច្រើនដូចជាជំងឺមហារីក ស្រុតស្បូន និងដុំគីសជាដើម។ ដូច្នេះស្រ្តីគ្រប់រូបត្រូវយកចិត្តទុកដាក់បំផុតទៅលើរបបអាហារប្រចាំថ្ងៃ។ ជាពិសេសទៅទៀតនោះប្រសិនជាអ្នកចង់ឱ្យស្បូនមានសុខភាពល្អ និងមិនប្រឈមមុខជាមួយជំងឺផ្សេងៗអ្នកត្រូវតែបង្កើតទម្លាប់ញ៉ាំអាហារ៥ក្រុមនេះឱ្យបានរាល់ថ្ងៃ។

យោងតាមគេទំព័រ healthline បានបញ្ជាក់ឱ្យដឹងថាអាហារដែលជួយឱ្យស្បូនស្រ្តីមានសុខភាពល្អ និងរឹងមាំមានដូចជា៖

១. អាហារជាតិសរសៃ៖ ក្រុមអាហារសម្បូរជាតិសរសៃដូចជាបន្លែបៃតង ផ្លែឈើជាច្រើនមុខ រួមទាំងផ្លែប៊ឺរផងនោះ ត្រូវបានគេរកឃើញថាវាមានសារធាតុចិញ្ចឹមខ្ពស់ផ្តល់ទៅដល់ស្បូន ជួយចិញ្ចឹម និងថែរក្សាស្បូនឱ្យមានសុខភាពល្អ រឹងមាំ មិនងាយមានជំងឺផ្សេងៗ។

២. អាហារសម្បូរជាតិដែក៖ ក្រុមអាហារសម្បូរជាតិដែកដូចជា ស្ពៃខ្មៅ ខាត់ណាខៀវ សណ្តែក គ្រាប់ធញ្ញជាតិជាដើមគឺជាអាហារដែលមានតួនាទីពង្រឹងមុខងាររបស់ស្បូនឱ្យកាន់តែល្អ និងធ្វើឱ្យស្បូនមានសុខភាពល្អផងដែរ។ ជាក់ស្តែងដូចជានៅពេលស្រ្តីមានផ្ទៃពោះគ្រូពេទ្យតែងតែណែនាំឱ្យញ៉ាំថ្នាំ ឬអាហារជាតិដែកឱ្យបានគ្រប់គ្រាន់ពីព្រោះដើម្បីការពារស្បូនឱ្យមានសុខភាពល្អ។ កាលណាស្បូនរបស់ម្តាយមានសុខភាពល្អ កូននៅក្នុងផ្ទៃក៏សុខភាពល្អទៅតាមនោះដែរ។

៣. អាហារសម្បូរអាស៊ីតខ្លាញ់ល្អ៖ មានដូចជាត្រីសាល់ម៉ុន ត្រីសាឌីន ត្រីរ៉ស់ ត្រឡាច និងគ្រាប់ធញ្ញជាតិ ជាអាហារដែលផ្ទុកទៅដោយអាស៊ីតខ្លាញ់ល្អ ឬអូមេហ្គា៣ ដែលវាមានតួនាទីជួយការលូតលាស់របស់ស្បូន ពង្រឹងប្រព័ន្ធភាពស៊ាំឱ្យស្បូនមានសុខភាពល្អ រឹងមាំ និងជារបាំងការពារជំងឺផ្សេងៗផងដែរ។

៤. អាហារសម្បូរសារធាតុប្រឆាំងអុតស៊ីតកម្ម៖ មាននៅក្នុងផ្លែឈើ និងបន្លែចម្រុះពណ៌ ផ្លែក្រូច ផ្លែប៊ឺរី សូកូឡាខ្មៅ និងស្ពៃ វាមានតួនាទីប្រឆាំងនូវរាល់មេរោគ និងបាក់តេរីទាំងឡាយដែលបម្រុងជ្រៀតចូលមកក្នុងស្បូនបានយ៉ាងល្អ។

យ៉ាងណាមិញ ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាជំងឺមហារីកមាត់ស្បូនកើតមានឡើង ស្រ្តីគ្រប់រូបចាំបាច់ត្រូវអនុវត្តន៍៖

១. ចាក់វ៉ាក់សាំង HPV៖ ការទទួលថ្នាំបង្ការ ដើម្បីការពារការឆ្លងមេរោគ HPV អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន និងមហារីកដែលទាក់ទងនឹង HPV ផ្សេងទៀត។ ប្រភេទវ៉ាក់សាំងនេះ អាចមាននៅតាមមន្ទីរនានា តែតម្រូវឱ្យមានការប្រឹក្សាច្បាស់លាស់ជាមួយនឹងក្រុមគ្រូពេទ្យជំនាញមុននឹងចាក់។

២. ធ្វើតេស្ត Pap ជាប្រចាំ៖ ការធ្វើតេស្ត Pap អាចរកឃើញស្ថានភាពមហារីកមាត់ស្បូនមុន ឬដំណាក់កាលដំបូង ដើម្បីតាមដាន ឬព្យាបាលឱ្យទាន់ពេលវេលា ការពារកុំឱ្យកើតមហារីកមាត់ស្បូន។ អង្គការវេជ្ជសាស្ត្រភាគច្រើនស្នើឱ្យចាប់ផ្តើមការធ្វើតេស្ត Pap ជាប្រចាំនៅអាយុចាប់ពី ២១ឆ្នាំឡើង និងធ្វើជារៀងរាល់ពីរ ទៅបីឆ្នាំម្តង។

៣. អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព៖ ការប្រើស្រោមអនាម័យរាល់ពេលរួមភេទ និងកំណត់ចំនួនដៃគូរួមភេទចំពោះអ្នកមានដៃគូច្រើន គឺជាវិធីសាស្ត្រល្អមួយក្នុងការជួយកាត់បន្ថយការកើតជំងឺមហារីមាត់ស្បូន។

៤. កុំជក់បារី៖ ចំពោះអ្នកជក់បារី ឬរស់នៅតំបន់ដែលមានអ្នកប្រើប្រាស់បារីច្រើន គួរតែចៀស និងព្យាយាមជួបវេជ្ជបណ្ឌិត ដើម្បីរកវិធីសាស្ត្រល្អមួយជួយដល់ដោះស្រាយបញ្ហានេះ។

៥. អនាម័យ៖ ទម្លាប់អនាម័យប្រដាប់បន្តពូជ គឺជាចំណុចសំខាន់បំផុតសម្រាប់ស្ត្រីគ្រប់រូបក្នុងការជួយបញ្ចៀសកុំឱ្យកើតបញ្ហារោគស្រ្តីផ្សេងៗដោយព្យាយាមលាងសម្អាតឱ្យបានស្អាតជាមួយនឹងទឹកក្តៅឧណ្ឌជាប្រចាំ ប្រើទឹកអនាម័យដែលមានគុណភាព កុំស្លៀកខោទ្រនាប់រឹបតឹងពេក ជាពិសេសអំឡុងពេលមករដូវត្រូវឧស្សាហ៍ផ្លាស់ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់យ៉ាងហោចណាស់ ៤ម៉ោងម្តង៕

បន្ថែមពីលើនេះទៀត អាហារដែលវាយប្រហារស្បូនខ្លាំង ហើយស្រ្តីមិនគួរញ៉ាំមានដូចជា អាហារដែលលើសជាតិខ្លាញ់ អាហារបំពង អាហារមានសភាពស្អិត និងសាច់ច្រើនលើសចំនួន ពីព្រោះអាហារទាំងនេះបើញ៉ាំកាន់តែច្រើន និងលើសកម្រិតគឺធ្វើឱ្យស្បូនរបស់អ្នកថមថយសម្ថភាព មិនអាចការពារកូនក្នុងផ្ទៃបានគ្រប់ខែ និងងាយប្រឈមជាមួយជំងឺគីសដៃស្បូន ស្រុតស្បូន និងមហារីកស្បូន ក្នុងអំឡុងពេលអស់វដ្តរដូវថែមទៀតផង៕

New screening method for cervical cancer may improve early diagnosis

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia