បន្ទាប់ពីក្រោកពីគេងនាពេលព្រឹក គ្រប់គ្នាតែងទម្លាប់ដុសធ្មេញមុនពេលញុំាអាហារពេលព្រឹក។ ការដែលដុសធ្មេញមុនពេលញុំាអាហារពេលព្រឹកមិនខុសទេ ការដុសធ្មេញមុនពេលញុំាបាយពេលព្រឹកធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងមានទំនុកចិត្ត ហើយគិតថា មុនពេលញុំាអាហាពេលព្រឹកយ៉ាងហោចណាស់ត្រូវសម្អាតធ្មេញឱ្យបានស្អាតដែរ ទើបអាចញុំាអាហារពេលព្រឹកបាន។ អ្នកមានដែលគិតទេថា តើការដុសធ្មេញរួចញុំាអាហារពេលព្រឹកធ្វើឱ្យអាហារកកកុញជាប់តាមប្រហោងធ្មេញ និងធ្វើឱ្យមានក្លិនមិនល្អដែរឬទេ?
បើយោងតាមប្រភព Family Dental Center of East Texas បានលើកឡើងថា អំឡុងអ្នកកំពុងគេងបាក់តេរីនឹងមានការកើនឡើងពាសពេញផ្ទៃមាត់ ដែលបង្កឱ្យមានក្លិនមិនល្អ។ ដូច្នេះអ្នកត្រូវតែសម្អាត ឬដុសធ្មេញឱ្យបានស្អាត ដើម្បីលាងស្អាតបាក់តេរីមិនល្អនៅក្នុងមាត់ឱ្យអស់ រួចចាំញុំាអាហារពេលព្រឹក។
ប៉ុន្តែបើយោងតាមប្រភព Dentistry Today បានអះអាងថា ការដុសធ្មេញក្រោយពេលញុំាអាហារពេលព្រឹកក៏មិនបង្កគ្រោះថ្នាក់នោះដែរ តែដើម្បីឱ្យសុខភាពក្រពះ និងសុខភាពមាត់ធ្មេញរបស់អ្នកល្អទៅបាន អ្នកត្រូវចាំថា ក្រោយពេលញុំាអាហារពេលព្រឹករួចអ្នកត្រូវរងចាំ៣០ទៅ៦០នាទីសិន រួចចាំដុសធ្មេញ។ ការធ្វើបែបនេះ ដោយសារតែបង្ការកុំឱ្យអាស៊ីតនៅក្នុងក្រពះថយចុះ។ យ៉ាងណាមិញ សមាគមន៍ទន្តសាសស្ដ្រកុមារជប៉ុនបានណែនាំថា ក្រោយពេលញុំាអាហារពេលព្រឹករួច អ្នកអាចដុសធ្មេញភ្លាមៗក៏បាន ឬរងចាំរយៈពេល៣០នាទីចាំដុះធ្មេញក៏បានដែរ។ ពីព្រោះវាមិនបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាពនោះទេ ផ្ទុយទៅវិញធ្វើយ៉ាងណាឱ្យធ្មេញរបស់អ្នកស្អាត កុំឱ្យបានជាតិផ្អែមជាប់ធ្មេញ ដែលងាយបណ្ដាលឱ្យឆាប់ខូចធ្មេញ។
មិនតែប៉ុណ្ណោះទេ បើយោងតាសមាគមទន្តសាស្ដ្រអាមេរិកបានណែនាំថា អ្នកអាចដុស ឬសម្អាតធ្មេញរបស់អ្នក២ដងក្នុងមួយថ្ងៃជាមួយថ្នាំដុសធ្មេញមានសារធាតុFluoride ហើយត្រូវដុសម្តងក្នុងរយៈពេល២នាទី។ មួយវិញទៀត បើយោងតាមប្រភព Jenson Dental បានបន្ថែមថា អ្នកគួរចៀសវាងដុសធ្មេញលើសពី៣ដងក្នុងមួយថ្ងៃ ពីព្រោះការដុសធ្មេញញឹកញាប់ពេកនឹងធ្វើឱ្យស្រទាប់ធ្មេញ ឬអញ្ចាញធ្មេញរបស់អ្នកខូច។
សរុបសេចក្ដីមក ការដុសធ្មេញក្រោយ ឬមុនពេលហូបបាយសុទ្ធតែមិនបង្កផលប៉ះចំពោះសុខភាពមាត់ធ្មេញនោះទេ ប៉ុន្តែអ្នកត្រូវគិតថា តើជម្រើសដុសធ្មេញពេលណាល្អសម្រាប់អ្នក? សម្រាប់Admin សុំជ្រើសរើសការដុសធ្មេញក្រោយពេលញុំាអាហារ ពីព្រោះថានៅពេលយើងញុំាអាហាររួច ធ្មេញរបស់ប្រាកដជាមានជាប់នូវចំណីអាហារតាមប្រហោងធ្មេញ ដូច្នេះដើម្បីកុំឱ្យមានកម្ទេចកម្ទីអាហារជាប់ធ្មេញ ដែលបង្កឱ្យមានក្លិនមាត់មិនល្អ។ ចុះអ្នកទាំងអស់គ្នាវិញ?