បើយោងតាមប្រភពនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា បើទោះបីជាជំងឺគ្រុនឈាមអាចឆ្លងទៅគ្រប់វ័យក៏ដោយ ប៉ុន្តែមនុស្ស ៣ក្រុមនេះគឺឆាប់ឆ្លងនៅជំងឺគ្រុនឈាមជាងគេនៅពេលមូសខាំដោយមានដូចជា៖ ១.ទារកដែលមានអាយុតិចជាង១ឆ្នាំ, ២.ស្រ្តីមានផ្ទៃពោះ, ៣. មនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ដោយសារប្រព័ន្ធភាពសុំារបស់ពួកគាត់នៅខ្សោយ អាចនឹងចាញ់កម្លាំងជំងឺគ្រុនចាញ់។
សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចៀសវាងកុំឱ្យគ្រុនឈាម។ ហើយតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសេចក្តីណែនាំក្រើនរំលឹកក្នុងការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥ទាំង៥៖
វិធានការទី១ ៖ ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានាត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ ដែលអំណោយផលក្នុងការកកើតមូស។ ប្រសិនបើប្រព័ន្ធលូសាធារណៈ មានការកក ស្ទះ ត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។
វិធានការទី២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។
វិធានការទី៣ ៖ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនីទាំងអស់ ដែលកំពុងបំពេញ ការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់ របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹក នៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។
វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើង ដែលអាច ងាយនឹងខាំយើង។