បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរយើងជាច្រើន បានកើតជំងឺលើសសម្ពាធឈាម ហើយជំងឺនេះ អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើអ្នកជំងឺមិនបានដឹងខ្លួនជាមុន ឬធ្វើការព្យាបាលមិនបានត្រឹមត្រូវ ។ ជាទូទៅគេចែងចែកជំងឺលើសសម្ពាធឈាម ជាពីរប្រភេទ ទីមួយគឺ Primary hypertension ដែលច្រើនកើតលើមនុស្សពេញវ័យ ហើយចំពោះមូលហេតុវិញ មិនត្រូវបានដឹងច្បាស់លាស់នោះទេ ។ ទីពីរគឺ Secondary hypertension ដែលច្រើនកើតឡើងមានលក្ខណៈធ្ងន់ធ្ងរ ហើយកើតឡើងក្នុងរយៈពេលខ្លី និងត្រូវបានបង្កឡើងដោយបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺខ្សោយតម្រងនោម មានដុំសាច់លើក្រពេញ Adrenal បញ្ហាក្រពេញទីរ៉ូអ៊ីត និងការប្រើប្រាស់ថ្នាំមួយទៀត ។
មានកត្តាមួយចំនួនអាចជំរុញឲ្យលោកអ្នកងាយប្រឈមក្នុងការកើតជំងឺលើសសម្ពាធឈាម
១. អាយុ៖ មនុស្សវ័យកាន់តែចាស់ កាន់តែងាយប្រឈមក្នុងការកើតជំងឺលើសសម្ពាធឈាម ជាងមនុស្សវ័យជំទង់។
២. អ្នកមានសមាជិកគ្រួសារធ្លាប់កើតជំងឺលើសសម្ពាធឈាម៖ លោកអ្នកដែលមានសមាជិកគ្រួសារ ធ្លាប់កើតជំងឺលើសសម្ពាធឈាម គួរប្រុងប្រយ័ត្ន និងតាមដានសុខភាព។
៣. អ្នកលើសទម្ងន់ និងដុះខ្លាញ់ក្បាលពោះ៖ ងាយប្រឈមក្នុងការកើតជំងឺលើសសម្ពាធឈាមជាងអ្នកធម្មតា លោកអ្នកគួរតាមដានសុខភាពជាប្រចាំទើបជាប្រសើរ ។
៤. ខ្វះលំហាត់ប្រាណ៖ ការហាត់ប្រាណពិតជាល្អចំពោះសុខភាព អ្នកដែលកង្វះលំហាត់ប្រាណងាយប្រឈមក្នុងការកើតជំងឺលើសសម្ពាធឈាម ។
៥. អ្នកមានទម្លាប់ញ៉ាំប្រៃ៖ អ្នកមានទម្លាប់ញ៉ាំអាហារដែលសម្បូរជាតិអំបិល អាចបង្កឲ្យលោកអ្នកកើតជំងឺលើសសម្ពាធឈាមបានយ៉ាងងាយ ។
៦. អ្នកមានទម្លាប់ញ៉ាំស្រាញឹកញាប់៖ ការញ៉ាំស្រាបានបង្កឲ្យមានបញ្ហាជាច្រើនដល់សុខភាព ក្នុងនោះវាក៏បង្កឲ្យកើតជំងឺលើសសម្ពាធឈាមផងដែរ ។
ជំងឺលើសសម្ពាធឈាមភាគច្រើនគ្មានសញ្ញា និងរោគសញ្ញា អាចនាំឲ្យអ្នកជំងឺចាប់អារម្មណ៍ ឬដឹងមុននោះទេ ដូចនេះ ការពិនិត្យសុខភាពជាប្រចាំ គឺជារឿងដ៏សំខាន់ ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.mayoclinic.org