ជីអង្កាម (Apple Mint) ជាបន្លែមួយប្រភេទដែលបងប្អូនប្រជាជនកម្ពុជានិយមយកធ្វើជាគ្រឿងទេសសម្រាប់បន្ថែមរសជាតិ ក្លិន និងតុបតែងម្ហូបអាហារឱ្យកាន់តែមានសោភ័ណ្ឌភាពគួរឱ្យចង់ទទួលទាន។ មិនតែប៉ុណ្ណោះ ភ្ជាប់ជាមួយនឹងក្លិន រសជាតិប្រហើររបស់វា ត្រូវបានគេទៅធ្វើជាថ្នាំសម្រាប់បំបាត់រោគក្អក ផ្ដាសាយ ឈឺបំពង់ក និងកម្ចាត់សារពុលមិនល្អដែលមាននៅក្នុងសរីរាង្គថែមទៀត។
ផ្អែកលើការចុះផ្សាយរបស់គេហទំព័រ healthbenefitstimes.com ថ្ងៃនេះផងដែរ Healthy Cambodia នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានគ្រប់រូប មកស្វែងយល់បន្ថែមពីគុណប្រយោជន៍ដ៏មានតម្លៃឥតគណនារបស់ជីអង្កាមក្លាយជាឱសថជួយព្យាបាល បង្ការជំងឺបានជាច្រើនមុន និងជារុក្ខជាតិដែលមានគុណសម្បត្តិក្នុងការជួយទ្រទ្រង់សុខភាពជាងគេបំផុតក្នុងអំឡុងសម័យកូវីដ១៩នេះ៖
១. ក្បួនបុរាណ៖ ស្លឹកជីអង្កាម មានលក្ខណៈពិសេសអាចព្យាបាល និងជំនួយដល់សុខភាពរបស់មនុស្សបាន ដោយមានចារ្យក្នុងក្បួនវេជ្ជសាស្ត្រតាំងពីបុរាណមកម្ល៉េះ។ ដោយហេតុថា សមត្ថភាពរបស់វាគេតែងយកទៅធ្វើជាថ្នាំសម្រាប់ ប្រឆាំងនឹងមេរោគបាក់តេរី និងមានឥទ្ធិពលខ្លាំងក្នុងការបន្សាបជាតិពុល គ្រុនក្តៅ ឈឺក្បាល ព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ ...ជាដើម។ ជាងនេះទៅទៀត គេសង្កេតឃើញថា សមាសធាតុនៅក្នុងជីអង្កាមក៏មានប្រយោជន៍ខ្លាំងក្លាក្នុងបំបាត់មុន, បញ្ហារមួលក្រពើ, ផ្តាសាយ, ស្ត្រេស, តក់ស្លុត, ហឺត ជាងនេះទៅទៀតមានការលើកឡើងមួយចំនួនផងដែរថា វាក៏អាចកម្ចាត់នូវបញ្ហារោគស្រ្តីផងដែរ។
២. សម្រកទម្ងន់៖ សមាសធាតុមាននៅក្នុងតែជីអង្កាមនឹងចូលទៅជួយលាងជាតិពុលក្នុងឈាម សម្រួលទៅដល់ការបំបែកនូវសារជាតិខ្លាញ់ក្នុងខ្លួន និងបង្កើនកម្រិតមេតាប៉ូលីស។ អ្វីដែលកាន់តែខ្លឹមជាងនេះ គឺធ្វើឱ្យខួរក្បាល និងអារម្មណ៍ស្រស់ថ្លា បំបាត់ការហេវហត់អស់កម្លាំង។ កត្តានេះដែរទើបបានជា មានអ្នកសម្រកទម្ងន់មួយចំនួនគាត់បានជ្រើសយកនូវតែជីអង្កាមមកញ៉ាំក្តៅឧណ្ឌៗ ដើម្បីទទួលបានស្រកគីឡូបែបសុវត្ថិភាព ហើយមានប្រព័ន្ធភាពស៊ាំរឹងមាំ។
៣. បញ្ហារំលាយអាហារ៖ ប្រសិទ្ធភាពចម្បងនៃជីអង្កាម ជួយសម្រួលដល់ការឈឺក្រពះ ពោះវៀន និងកាត់បន្ថយអាការៈផ្សេងៗទៀតដូចជា ហើម ឬឆ្អល់ពោះ ទល់លាមក និងជំងឺដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហារំលាយអាហារ។
៤. កាត់បន្ថយឱកាសនៃជំងឺមហារីក៖ ជីអង្កាមសម្បូរទៅដោយវីតាមីន A, C និងមានបរិមាណវីតាមីន B2 តិចតួច ដោយសារធាតុទាំងនេះដើរតួជាអង់ទីអុកស៊ីដង់ជួយការពារការបង្កើតកោសិកាមហារីកនៅក្នុងពោះវៀនធំ និងបង្ការជំងឺឬសដូងបាត។
៥. អត្ថប្រយោជន៍សុខភាពផ្សេងទៀត៖ មកទល់នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា មានផលិតផលជាច្រើនបានបង្កើតឡើងដោយប្រើសមាសធាតុជីអង្កាម មានដូចជា ថ្នាំសម្លាប់មេរោគក្នុងបរិយាកាស ថ្នាំកម្ចាត់សត្វល្អិត បំពង់ហឺត ថ្នាំសម្រក ថ្នាំបៀមបំបាត់ក្អកស្លេស និងមានគួបផ្សំនៅក្នុងផលិតផលចំណីអាហារផងដែរ។
របៀបធ្វើទឹកជីអង្កាម៖
គ្រឿងផ្សំ៖ ស្លឹកជីអង្កាមស្រស់មួយក្ដាប់ដៃ, ទឹកក្រូចឆ្មា, ទឹក ១លីត្រ, ទឹកឃ្មុំ ឬស្ករស, និងស្លឹកតយ ៣ទៅ៥សន្លឹក។
វិធីធ្វើ៖ ដាំទឹកឱ្យពុះ បន្ទាប់មកដាក់ស្លឹកតយ ទុកចោលមួយសន្ទុះ ដាក់ស្លឹកជីអង្កាមចូលទុក៥នាទី ជាការស្រេច។ ចំណែកឯ ក្រូចឆ្មា ស្ករស ឬទឹកឃ្មុំ លោកអ្នកអាចបន្ថែមតាមចំណូលចិត្តអំឡុងពេលទទួលទាន៕