ជាការពិតណាស់ ប្រជាជនកម្ពុជានិយមយកទំពាំងមកចម្អិនធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ហើយទំពាំងក៏អាចប្រើសម្រាប់ធ្វើម្ហូបបានច្រើនមុខ។ បើយោងតាមប្រភព WebMD បានឱ្យដឹងថា ទំពាំង មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ពីព្រោះតែវាមានផ្ទុកទៅដោយសារធាតុដូចជា ជាតិសរសៃខ្ពស់ វីតាមីនB1 គ្មានជាតិខ្លាញ់ និងសម្បូរទៅដោយសារធាតុរ៉ែផ្សេងៗដូចជា ប៉ូតាស្យូមល្អសម្រាប់បេះដូង និងមានសរធាតុប្រឆាំងនឹងបាក់តេរី ហើយនិងថែរក្សាសម្ពាធឈាមឱ្យនូវធម្មតា។
នៅក្នុងនោះដែរ បើយោងតាមប្រភព National Institutes of Health បានបញ្ជាក់បន្ថែមថា ទំពាំងគឺជាអាហារសុខភាពដ៏សំខាន់ ដោយសារតែវាមានផ្ទុកនូវប្រូតេអ៊ីនខ្ពស់ អាស៊ីតអាមីណូ កាបូអ៊ីដ្រាត វីតាមីនA វីតាមីនB6 និងវីតាមីនEជាដើម។
ប៉ុន្តែតែបើអ្នកស្ថិតក្នុងបញ្ជីអ្នកដែលមានជំងឺខាងក្រោមនេះ ទទួលទានត្រពាំងអាចជាផ្តល់ទុក្ខទោសដល់សុខភាពអ្នក និងធ្វើឱ្យស្ថានភាពអាការៈនៃជំងឺកាន់តែធ្ងន់ធ្ងរ។ សូមចៀសវាការញ៉ាំទំពាំង បើអ្នកមានជំងឺណាមួយដូចខាងក្រោមនេះ៖
១.ជំងឺក្រពេញទីរ៉ូអ៊ីត
សម្រាប់អ្នកមានជំងឺក្រពេញទីរ៉ូអ៊ីត ការញ៉ាំទំពាំងទាំងក្នុងរយៈពេលខ្លី និងយូរអាចធ្វើឱ្យអាការកើតជំងឺដូចជាក្រពេញទីរ៉ូអ៊ីតរីកធំ (Goiter) ឬដុះសាច់ទីរ៉ូអ៊ីត ( Thyroid Tumor)កាន់តែធ្ងន់ធ្ងរ ព្រោះសារធាតុ Cyanide ដែលមានក្នុងទំពាំងពេលញ៉ាំចូលបានបម្លែងទៅជា thiocyanate ដែលជាជាតិពុលដល់ក្រពេញទីរ៉ូអ៊ីត ធ្វើឱ្យមុខងារទីរ៉ូអ៊ីតចុះខ្សោយ និងក្រោយមករីកធំខុសធម្មតា។
២.ជំងឺរលាកក្រពះ
ទំពាំងមានផ្ទុកសារធាតិ Cyanide ស្រាលតែមានឥទ្ធិពលអវិជ្ជមានចំពោះក្រពះដែលរលាក ឫមានដំបៅ (Stomach Ulcers)។ នៅពេល Cyanide ជួបអាស៊ីត hydrochloric របស់ក្រពះ វាបង្កើតជា HCN (Hydrocyanic acid) ហើយពេលវាប៉ះនឹងភ្នាសក្នុងក្រពះដែលរលាក ឫដំបៅ វាធ្វើឱ្យមានអាការៈចុកពោះ ឈឺផ្សារៗ នេះបើតាមប្រភព Science Direct។
ដូចនេះ អ្នកជំងឺរលាកក្រពះ ឫអ្នកមានបញ្ហាក្រពះផ្សេងៗគួរចៀសវាងញ៉ាំទំពាំង។ លើសពីនេះ បើយោងតាម Foodie World ក៏មានរបបអាហារមួយចំនួនទៀតផងដែរដែលអ្នកមានជំងឺរលាកក្រពះត្រូវចៀសវាងដូចជា៖ សណ្តែក ទំពាំង ជាតិអាល់កុល ម្នាស់ ម្រេច បន្លែផ្អាប់ដូចជាជ្រក់ អង្ករដំណើប ផ្លែត្របែកជាដើម។
៣. ជំងឺAsthma
សារធាតុCyanide ដែលមានក្នុងទំពាំងមានផ្ទុកជាសារធាតុពុលដែលបណ្តាលមុខងារផ្លូវដង្ហើមថយចុះ ហើយជាលិកាចុះថយសមត្ថភាព ឫមិនអាចស្រូបយកអុកស៊ីសែន នេះបើយោងតាម Agency for Toxic Substances and Disease Registry (ATSDR) នៃសហរដ្ឋអាមេរិក។ Cyanide សម្រាប់អ្នកជំងឺ Asthma ស្រាប់ ជាតិCyanide ធ្វើឱ្យប្រដាប់ដង្ហើម និងផ្លូវដង្ហើមរាំងស្ទះភ្លាមៗ ដែលធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម បណ្តាលឱ្យចេញរោគសញ្ញា asthma attack និងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត បើជួយមិនទាន់ពេល។
បើយោងតាមប្រភព Vinmec ក៏បានចុះផ្សាយថា ទំពាំង គឺជាមុខម្ហូបមួយមុខដែលគួរចៀសវាងសម្រាប់អ្នកឈឺក្រពះ ព្រោះទំពាំង មានផ្ទុកអាស៊ីត cyanhydric ច្រើន (ប្រហែល 230mg ក្នុងមួយគីឡូក្រាម)។ នេះត្រូវបានគេចាត់ទុកថាជាសារធាតុបង្កគ្រោះថ្នាក់ដល់ក្រពះ ដូច្នេះអ្នកមានការឈឺក្រពះមិនគួរទទួលទានទំពាំងទេ៕