ជំងឺហឺត(Asthma)គឺ ជាជំងឺមួយប្រភេទដែលអាចប្រឈមជាមួយគ្រោះថ្នាក់ខ្លាំង ប្រសិនណាអ្នកជំងឺកើតឡើងភ្លាមៗ មិនមានឧបករណ៍ដើម្បីជំនួយផ្លូវដង្ហើម ធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម ថប់តឹងទ្រូង ក្អកនៅពេលយប់ និងពេលព្រឹកព្រលឹមឡើង។
នេះបើយោងតាមរយៈការចែករំលែករបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងផងដែរថា ជំងឺហឺតគឺជាជំងឺមួយដែល ព្យាបាលមិនជាឡើយតែអាចញុំាថ្នាំបាន។ មួយវិញទៀតជំងឺហឺតនេះភាគច្រើនកើតលើអ្នកដែលមាន ជំងឺធាត់ខ្ពស់ជាងគេ និងកើតឡើងដោយសារកត្តា ការងារ កត្តាសែន ប៉ះពាល់ជាមួយធូលីដី សត្វចិញ្ចឹម កន្លែងរស់នៅមិនល្អ ដែលមានផ្ទុកដោយកាបូឌីអុកស៊ីត ដែលនាំឱ្យកើតហឺតឡើងមក។
ជាការពិតណាស់ អ្នកឧកញ៉ាក៏បានបញ្ជាក់ផងដែរថា អ្នកកើតជំងឺហឺតក៏អាចបណ្ដាលមកពីមានកើតជំងឺក្រពះដូចគ្នា នៅពេលដែលអាស៊ីតក្រពះច្រាលមកប៉ះនឹងបំពង់កនាំឱ្យកើតហឺតឡើងមកភ្លាមៗដូចគ្នា។ម៉្យាងទៀតអ្នកឧកញ៉ាក៏បានណែនាំដែរថា គួរតែទៅចាក់ថ្នាំភ្លាមៗព្រោះជំងឺហឺតនេះ មិនមែនទាល់តែ ដកដង្ហើមញាប់ទើបស្ទះឡើយ ការដកដង្ហើមយឺតៗក៏ស្ទះដូចគ្នា ។ចំពោះប្រភេទថ្នាំដែលគួរតែចាក់ភ្លាមៗដើម្បីការពារការឡើងឈាម ស្ទះឬគាំងបេះដូង ដោយសារជំងឺហឺត ប្រភេទថ្នាំទាំងនោះមានដូចជា៖ ថ្នាំ prorirhfr និង Levalbuterol អាចចាក់ឱ្យអ្នកជំងឺនៅពេលគាត់មានអាការហឺតភ្លាមៗខ្លាំងឡើងមកដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិត។
តួយ៉ាង ជំងឺហឺត ដែលកើតភាគច្រើន ក៏បណ្ដាលមកពីកត្តានៃការហាត់ប្រាណ ការកើតអាឡែហ្ស៊ីជាមួយអាហារផងដែរ ដូចជាសណ្ដែកដី ទឹកដោះគោ ឬអាហារដែលមានផ្ទុកសារធាតុរក្សាទុក ដែលបណ្ដាលឱ្យគាត់កើតមានអាឡែហ្ស៊ីឡើងមក បង្កឱ្យកើតមានជំងឺហឺតដូចគ្នា។
ជាចុងក្រោយប្រសិនណាកើតមានជំងឺហឺត សូមបងប្អូនទាំងអស់គ្នាជួបពេទ្យដើម្បីពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវ និងព្យាយាមញុំាថ្នាំឱ្យបានទៀងទាត់ ដើម្បីការពារគ្រោះថ្នាក់ដល់អាយុជីវិតឡើងមក៕
អត្ថបទដោយ ៖ ប៉ែត ធីតា